
មកដល់សម័យបច្ចុប្បន្ន នំបញ្ចុកក៏មានវណ្ណៈ ថោកឬថ្លៃ ទៅតាមឋានៈនៃអ្នកដែលនិយមរសជាតិរបស់នំសរសៃវែងមួយប្រភេទនេះដែរ។
នំបញ្ចុកពិតជាមានប្រវត្តិវែងឆ្ងាយណាស់។ នំនេះបានប្រែក្លាយពីឈ្មោះដើម«នំប៉ែនចុក» ឬ«នំសរសៃស្រូវវា» មកជា នំបញ្ចុកនេះ ហើយមកដល់សម័យបច្ចុប្បន្ន នំសរសៃវែងមួយនេះបានក្លាយជាមុខរបប និងជាអាហារសម្រន់ ដែលម្តងម្កាលអាចជំនួសបាយបាន យ៉ាងពេញនិយម និងជួយផ្តល់ការងារឲ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រហូតធ្វើឲ្យនំនេះមានវណ្ណៈ ទៅតាមឋានៈអ្នកបរិភោគ។
តាមការដ្ឋានសំណង់ រោងចក្រ និងទីសាធារណៈ ការរែកនំបញ្ចុកលក់ នៅតែជារបរមួយដែលស្រ្តីភាគជាច្រើនបានចាប់យក និងបានយិតយោងជីវភាពពួកគាត់ឲ្យចាកផុតពីភាពក្រីក្រ។
តាមផ្សារផ្សោតូចធំ ទីណា ក៏មានរាន ឬតូបលក់នំបញ្ចុកនេះដែរ ក្រៅពីនេះ នៅតាមហាង ភោជនីយដ្ឋាន រហូតក្នុងសណ្ឋាគារធំៗ លំដាប់ផ្កាយ ក៏មានតាំងលក់នំបញ្ចុកខ្មែរនេះដែរ គ្រាន់តែឱជារសនិងតម្លៃ ខុសគ្នាទៅតាមកន្លែង តាមឋានៈនិងវណ្ណៈរបស់អ្នកបរិភោគតែប៉ុណ្ណោះ។

ជាធម្មតា កម្មករស៊ីប្រាក់ឈ្នួលប្រចាំថ្ងៃ ឬប្រចាំអាទិត្យ អ្នកដំណើរ និងនៅសហគមន៍មិនរៀបរយ មិនសូវរើសទេ នំបញ្ចុកអម្រែកជាអាហារជម្រើសមួយ សម្រាប់ពួកគាត់ និងកូនចៅ ដែលជាទូទៅអាចចំណាយត្រឹមតែ ២ ទៅ៥ពាន់រៀល កូនចៅពីរបីនាក់ គឺអាចហូបបាន គឺខុសពីវណ្ណៈមធ្យម ថ្នាក់មហាមន្ត្រី សេដ្ឋី ឧកញ៉ា ដែលគាត់ចំណាយខ្ពស់ ទៅតាមធនធានខុសៗគ្នា។ល។
តម្លៃនំបញ្ចុកថោកថ្លៃទៅតាមឋានៈនៃអ្នកហូប !
ការលក់នំបញ្ចុកដោយអម្រែក នៅតែនិយមសម្រាប់កម្មករប្រាក់ខែតិច ពេលខ្លះពួកគាត់មានប្រាក់តែ១ពាន់ ឬពីរពាន់រៀល ក៏អាចហូបនំបញ្ចុក បានមួយចានដែរ ដើម្បីសម្រន់ការស្រេកឃ្លានបានដែរ។
អាស្រ័យឋានៈអ្នកហូប តម្លៃនំបញ្ចុកថោក ឬថ្លៃទៅតាមហ្នឹងដែរ។ ឧទាហរណ៍ នៅផ្សារ មួយចាន មាន ពី ៣ ទៅ ៤ ពាន់រៀលឡើងទៅ។
សម្រាប់អ្នកធ្វើការរដ្ឋឬតាមក្រុមហ៊ុន ស្លៀកពាក់តឺនុយស្អាតបាត ជាទូទៅ ច្រើនទៅញ៉ាំអាហារសម្រន់ តាមហាងមានអនាម័យខ្ពស់។ ក្រុមនេះ ត្រូវចំណាយ ពី ៦ ពាន់ទៅ ១ម៉ឺនរៀល សម្រាប់នំបញ្ចុកមួយចាន ទាំងសម្លខៀវ (សម្លខ្មែរ) និងសម្លក្រហម (សម្លការី)។ គេអាចរកនំបញ្ចុកបែបនេះបានតាមហាងម្តុំជិតវត្តបទុមវតី និងហាងតាមដងវិថីមួយចំនួនទៀត។

ក្រៅពីប្រើសម្លស្រូបបរិភោគ នំបញ្ចុក នៅអាចយកទៅផ្សំជាអាហារដ៏សម្បូររសជាតិច្រើនទៀត ហើយនៅក្នុងហាង និងសណ្ឋាគារលំដាប់អន្តរជាតិ ក៏មានលក់នំប្រភេទនេះដែរ ប៉ុន្តែ តម្លៃនិងឋានៈនំបញ្ចុក ក៏ឡើងទៅតាមនោះ។
នំបញ្ចុកត្រីដុត អន្ទង់អប់ ឬខ្ចប់ជាមួយបាញ់ត្រាង ធ្វើបែបបាញ់ហយ ហូបជាមួយទឹកត្រីផ្អែម ឬទឹកត្រីអម្ពិលទុំ ជាដើម គឺមានតម្លៃទ្វេដង គឺសម្រាប់ស្វាគមន៍អ្នកមានប្រាក់និងសម្បូរធនធាន។
បើសង្កេតជារួមទៅ នំបញ្ចុកមិនត្រឹមតែជាអាហារដ៏មានរសជាតិ និងជាទីនិយមរបស់បណ្តាជនខ្មែរទេ ប៉ុន្តែ នំបញ្ចុកនៅបានបង្កើតមុខរបរសម្រាប់ប្រជាពលរដ្ឋខ្មែរមិនតិចនាក់ឡើយ ហើយយ៉ាងហោចក៏មួយព្រឹក អ្នករែកលក់ម្នាក់ អាចរកបានកម្រៃមិនតិចជាង ១ម៉ឺនទៅ២ម៉ឺនរៀលដែរ ដែលនេះគ្រាន់តែជារបរបន្ថែមប៉ុណ្ណោះ៕