ជំនួបមួយផ្សេងទៀត រវាងរបស់រដ្ឋាភិបាលក្រុងតូក្យូ គឺការជជែកជាមួយថ្នាក់ដឹកនាំចិន គឺនាយករដ្ឋមន្ត្រីលោក លី ឃឺឈាំង ដែលជាជំនួបដំបូងរបស់អ្នកទាំងពីរ តាំងតែពីលោក Kishida ចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីជប៉ុនមក។
តើជំនួបទ្វេភាគីរបស់ជប៉ុនទាំងពីរនេះមានការពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ?
ជំនួបជាមួយចិន៖ នាយករដ្ឋមន្ត្រីលី ឃឺឈាំង ចង់បានទំនាក់ទំនងកាន់តែរឹងមាំជាមួយជប៉ុន
«ចិនប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែរឹងមាំជាមួយជប៉ុន» នេះជាអ្វីដែលនាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាំង បានប្រាប់ទៅសមភាគីជប៉ុនលោក Fumio Kishida ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ទី១២វិច្ឆិកា ដែលជាកិច្ចប្រជុំលើកដំបូងរបស់អ្នកទាំងពីរ ចាប់តាំងពីការស្បថចូលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីជប៉ុនកាលពីឆ្នាំមុន និងក្នុងពេលដែលមេដឹកនាំទាំងពីរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។ បើតាមលោក លី ឃឺឈាំងដដែល ទាំងទីក្រុងប៉េកាំង និងទីក្រុងតូក្យូបានប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ទៅកាន់សមភាគីចិនវិញថា លោកសង្ឃឹមប្រទេសទាំងពីរអាចខិតទៅរកការកសាងទំនាក់ទំនងបែបស្ថាបនា និងមានស្ថិរភាពជាងនេះ។ ទោះយ៉ាងណា ក្នុងជំនួបទ្វេភាគីនេះ គេមិនសូវឃើញមានការជជែកគ្នាស៊ីជម្រៅពីបញ្ហាសំខាន់ៗ ដែលកំពុងកើតឡើងក្នុងពិភពលោកបច្ចុប្បន្នឡើយ។
បើតាមការរាយការណ៍ពី សារព័ត៌មានអន្តរជាតិដែលបានស្រង់សម្ដីអ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក គីហ្ស៊ីដា និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងជួបពិភាក្សាគ្នាទល់មុខ នៅថ្ងៃទី ១៧ ខែវិច្ឆិកា នៅក្រោយជំនួប G20 ដែលធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ជំនួបនេះ ធ្វើឡើងចំពេលដែលមានភាពតានតឹងខ្លាំងឡើងងនៅក្នុងតំបន់អាស៊ី ពិសេសបញ្ហានៅកោះតៃវ៉ាន់ និងកូរ៉េខាងជើង។
គួរជម្រាបថា ទំនាក់ទំនងចិន-ជប៉ុនមានភាពស្រពិចស្រពិលអស់ពេលជាច្រើនទសវត្សរ៍មកហើយ ជុំវិញការទាមទារនៅសមុទ្រចិនខាងកើត និងបញ្ហាប្រវត្តិសាស្ត្រទាក់ទងនឹងសង្គ្រាមលោកលើកទីពីរ។ ទីក្រុងតូក្យូក៏ហាក់បង្កើនការគាំទ្រចំពោះកោះតៃវ៉ាន់ដែរ ជាពិសេសបន្ទាប់ពីប្រធានសភាអាមេរិក Nancy Pelosi បានទៅទស្សនកិច្ចកាលពីខែសីហា។
ជប៉ុននឹងកូរ៉េខាងត្បូង បើកជំនួបដ៏កម្រនៅភ្នំពេញក្រោយខកខានអស់ច្រើនឆ្នាំ
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol កាលពីថ្ងៃអាទិត្យបានបើកកិច្ចប្រជុំកំពូលផ្លូវការលើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលជិតបីឆ្នាំមកនេះ បន្ទាប់ពីមានការសាកល្បងមីស៊ីលលើសលុបរបស់កូរ៉េខាងជើង។
នៅក្នុងកិច្ចប្រជុំដែលមានរយៈពេលប្រហែល៤៥នាទី បន្ទាបពីបិទបញ្ចប់កិច្ចប្រជុំអាស៊ាននៅភ្នំពេញ លោក Kishida និង Yoon បានបញ្ជាក់ជាថ្មីថា ពួកគេនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយការគំរាមកំហែងរបស់ទីក្រុងព្យុងយ៉ាង។ ភាគីទាំងពីបញ្ជាក់ទៀតថា នឹងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ បន្ថែមពីលើការដោះស្រាយបញ្ហាកូរ៉េខាងជើង។
គួរជម្រាបថា ប្រទេសជិតខាងទាំងពីរ គឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏យូរលង់របស់សហរដ្ឋអាមេរិក ប៉ុន្តែទំនាក់ទំនងរបស់ពួកគេជារឿយៗត្រូវបានជាប់គាំង ដោយសារជម្លោះផ្សេងៗជុំវិញបញ្ហាប្រវត្តិសាស្ត្រដែលផ្តើមចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុននៅឧបទ្វីបកូរ៉េ រហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។ មេដឹកនាំទីក្រុងតូក្យូ និងសេអ៊ូលបានជួបគ្នាជាផ្លូវការលើកចុងក្រោយបំផុតក្នុងខែធ្នូ ឆ្នាំ២០១៩។ ទំនាក់ទំនងទ្វេភាគី ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេកត់សម្គាល់ឃើញថា មានការចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in៕