ជប៉ុន-ចិន

តើជំនួបរវាងមន្ត្រីជាន់ខ្ពស់ជប៉ុន និងចិន លើកដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ បានជជែកពាក់ព័ន្ធបញ្ហាក្ដៅគគុកអ្វីខ្លះ?


មន្ត្រីជាន់ខ្ពស់ប្រទេសជប៉ុន និងប្រទេសចិន កាលពីថ្ងៃពុធទី២២កុម្ភៈ បានចាប់ផ្តើមកិច្ចសន្ទនាផ្នែកសន្តិសុខជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ក្នុងគោលបំណងដើម្បីរក្សា និងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ចំពេលមានភាពរកាំរកូស ដែលបានសង្ស័យថា បាឡុងចារកម្មចិនបានហោះលើប្រទេសជប៉ុនជាច្រើនដងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
តើកិច្ចសន្ទនាសន្តិសុខរវាងចិន និងជប៉ុនផ្តោតលើបញ្ហាសំខាន់ៗអ្វីខ្លះ?

តាមប្រភពរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូ មន្ត្រីក្រសួងការបរទេស និងមន្ត្រីការពារជាតិនៃប្រទេសទាំងពីរទំនងជាយល់ព្រមបន្តធ្វើការងាររួមគ្នា ដើម្បីកសាងទំនាក់ទំនងទ្វេភាគីប្រកបដោយការស្ថាបនា និងស្ថិរភាព។

នៅដើមដំបូងនៃកិច្ចពិភាក្សា អនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់របស់ប្រទេសជប៉ុន លោក Shigeo Yamada បានសម្តែងការព្រួយបារម្ភអំពីបាឡុងចិន ដែលត្រូវបានសង្ស័យថា យោធាចិនជាអ្នកបញ្ជានៅពីក្រោយ ក៏ដូចជាការសហការផ្នែកយោធារវាងទីក្រុងប៉េកាំង និងម៉ូស្គូជាដើម។

ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសចិនវិញគឺ លោក Sun Weidong បានព្រមានប្រឆាំងនឹងវិធានការដែលប៉េកាំងហៅថាជា រឿងអវិជ្ជមានរបស់ទីក្រុងតូក្យូទាក់ទងនឹងកោះតៃវ៉ាន់នៅក្នុងការឃុបឃិតជាមួយមហាអំណាចនៅក្រៅតំបន់។ ការព្រមានដូចនេះរបស់មន្ត្រីចិន ទំនងជាដោយសារតែប៉េកាំងមើលឃើញពីការបង្កើនថវិកាយោធាថ្មីរបស់ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាមេរិក។

មួយវិញទៀត អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បាននិយាយថា៖ «ស្ថានភាពសន្តិសុខអន្តរជាតិបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងធំធេង ហើយយើងកំពុងមើលឃើញការវិលត្រឡប់នៃទំនោរឯកតោភាគីនិយម ការគាំពារនិយម និងគំនិតនៃសង្រ្គាមត្រជាក់របស់រដ្ឋនានា។

មែនទែនទៅ កិច្ចពិភាក្សាដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ និងទីបីរបស់ពិភពលោកនេះ បានកើតឡើងនៅពេល ដែលទីក្រុងតូក្យូព្រួយបារម្ភថា ទីក្រុងប៉េកាំងនឹងងាកទៅរកការប្រើកម្លាំង ដោយបង្ខំលើកោះតៃវ៉ាន់ បន្ទាប់ពីមើលឃើញពីឧទាហរណ៍ជាក់ស្តែងនៃការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

បើទោះបីជាបែបនេះក្តី ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន ដែលមានទំហំប្រហែលមួយភាគប្រាំនៃការនាំចេញរបស់ជប៉ុនសរុប និងស្ទើរតែមួយភាគបួននៃការនាំចូលរបស់ប្រទេសជប៉ុនផងដែរ ហើយចិនក៏ជាមូលដ្ឋានផលិតកម្មដ៏សំខាន់សម្រាប់ក្រុមហ៊ុនជប៉ុនជាច្រើនដូចគ្នា៕




អត្ថបទបន្ទាប់


ចិនមើលឃើញពីលំហូរមូលធនសុទ្ធចេញទៅក្រៅប្រទេសជាលើកដំបូង ក្នុងពេលជាង២ឆ្នាំចុងក្រោយ

ព័ត៌មាន
គិតចាប់ពីខែតុលាដល់ខែធ្នូឆ្នាំ២០២២ ចិនបានមើលឃើញពីលំហូរមូលធនសុទ្ធចេញទៅក្រៅប្រទេសជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយ ក្នុងទឹកប្រាក់ប្រម…

EU ជិតឈានដល់ការព្រមព្រៀងលើកញ្ចប់ទណ្ឌកម្មទី១០ប្រឆាំងនឹងរុស្ស៊ីហើយ ខណៈវិសាលភាពទណ្ឌកម្មមានកាន់តែធំ

ព័ត៌មាន
ប្រភពពីអ្នកការទូតនៅសហភាពអឺរ៉ុបបាននិយាយថា ប្លុកទាំង២៧ប្រទេសនេះ ជិតឈានដល់កញ្ចប់ទណ្ឌកម្មទី១០ប្រឆាំងនឹងរុស្ស៊ីសម្រាប់ការលុកលុយទៅលើអ៊ុយក្រែន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ