
ប៉ុន្តែ បើងាកមកមើលបច្ចុប្បន្ន តំបន់នេះបានប្រែក្លាយមុខមាត់លឿនអស្ចារ្យស្ទើរតែមិនគួរឲ្យជឿ ដែលជាតំបន់ប្រមូលផ្តុំទៅដោយសំណង់អគារពាណិជ្ជកម្មធំៗខ្ពស់ៗ លំនៅដ្ឋាន ខុនដូ អាផាតមិនខ្ពស់ៗ ដ៏សម្បូរបែប លេចត្រដែតខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញ។
មិនតែប៉ុណ្ណោះ មានគម្រោងអគារពាណិជ្ជកម្មនិងលំនៅដ្ឋានធំៗជាច្រើនកំពុងតែដំណើរការសាងសង់ និងមានគម្រោងមួយចំនួនទៀតនឹងលេចរូបរាងឡើងនៅក្នុងតំបន់សង្កាត់ទន្លេបាសាក់ និងកោះពេជ្រ ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែល ខេមបូណូមីស បានជួបសម្ភាស សុទ្ធតែបានអះអាងថា តំបន់សង្កាត់ទន្លេបាសាក់ និងកោះពេជ្រនេះ នឹងក្លាយជាទីប្រជុំជនពាណិជ្ជកម្មដ៏សម្បូរបែប ដូចទៅនឹងតំបន់អភិវឌ្ឍន៍ ឆ្នេរសមុទ្រ ម៉ារីណា នៅប្រទេសសិង្ហបុរី យ៉ាងដូច្នេះដែរ។
ពិតណាស់ មានគម្រោងមួយដែលស្ថិតនៅក្នុងទីក្រុងរណបកោះពេជ្រ បានសាងសង់មានរូបរាងកប៉ាល់ នៅពីលើដំបូលអគារ ដូចគ្នាទៅនឹងអគារពាណិជ្ជកម្មមួយដ៏ធំនៅប្រទេសសិង្ហបុរី ដែលមានឈ្មោះថា ម៉ារីណា បេយ៍។ កោះពេជ្រ ជាមជ្ឈមណ្ឌលប្រមូលផ្តុំអគារពាណិជ្ជកម្មធំៗខ្ពស់ៗ ភាគច្រើនវិនិយោគដោយចិន។

លោកឧកញ៉ា សៀ ប្ញទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ដែលបច្ចុប្បន្នកំពុងតែល្បីល្បាញក្នុងការអភិវឌ្ឍសាងសង់អគារធំៗ ខ្ពស់ៗ ជាច្រើន នៅតំបន់ទន្លេបាសាក់ ដូចជា The Bridge, The Peak បានចាត់ទុកតំបន់នេះជាទីតាំងផ្តល់អំណោយផលល្អបំផុតសម្រាប់ការវិនិយោគសំណង់អគារខ្ពស់ៗ។
លោកឧកញ៉ាបន្តថា ចាប់ពីពេលនេះតទៅ គ្មានទៀតឡើយអគារទាបៗ តូចៗ នៅតំបន់នេះ ហើយក៏គ្មានសល់ដីទំនេរទៀតដែរ។ លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់ថា ដីធ្លីនៅក្នុងតំបន់ទន្លេបាសាក់មានតម្លៃថ្លៃ ដូច្នេះ គេចាំបាច់ត្រូវវិនិយោគសាងសង់អគារខ្ពស់ៗ។ ហើយការរីកចម្រើនទាំងអស់នេះ ស្តែងឲ្យឃើញពីភាពរីកចម្រើន និងសេដ្ឋកិច្ចលូតលាស់ល្អប្រសើររបស់ប្រទេសកម្ពុជា។

លោកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា តំបន់ទន្លេបាសាក់ កោះពេជ្រ នឹងក្លាយជា ម៉ារីណា បេយ៍ (Marina Bay) ទី២ ដូចគ្នានឹង ម៉ារីណា បេយ៍ នៅប្រទេសសិង្ហបុរី និងហុងកុង ផងដែរ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអែល បានមានប្រសាសន៍ថា តំបន់ទន្លេបាសាក់នៅម្តុំកោះពេជ្រ កំពុងតែមានការអភិវឌ្ឍយ៉ាងលឿនជាមួយនឹងគម្រោងសំណង់អគារខ្ពស់ៗ ធំៗជាច្រើន។
លោកឧកញ៉ា ចេង ខេង បន្តថា ការវិនិយោគវិស័យសំណង់ខ្ពស់ៗនៅរាជធានីភ្នំពេញមិនត្រឹមតែជួយលើកមុខមាត់ប្រទេសប៉ុណ្ណោះទេ តែវាជារបទថ្មីមួយដែលនឹងធ្វើឲ្យរាជធានីភ្នំពេញក្លាយជាតំបន់ធ្វើពាណិជ្ជកម្មដ៏សម្បូរបែបនិងទាក់ទាញ ដែលនឹងធ្វើឲ្យអ្នកវិនិយោគទទួលផលចំណេញច្រើនពីការវិនិយោគនៅទីនោះ។

ដោយឡែក លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានវាយតម្លៃថា ទីតាំងនេះជាទីតាំងផ្តល់អំណោយផលនូវអគាខ្ពស់ៗនិងបានធ្វើការប្រៀបធៀបទីតាំងនៃសង្កាត់ទន្លេបាសាក់នេះ ទៅប្រទេសសិង្ហបុរី រួមជាមួយទីក្រុងសៀងហៃ ប្រទេសចិន ដែលអ្នកវិនិយោគនៅកម្ពុជាកំពុងតែដើរតាមលំនាំប្រទេសជឿនលឿនក្នុងតំបន់។
យោងតាមការវាយតម្លៃរបស់ភ្នាក់ងារអចលនទ្រព្យកម្ពុជា បង្ហាញថា ដីធ្លីនៅសង្កាត់ទន្លេបាសាក់ ចាប់ពីរង្វង់មូល សម្តេចសង្ឃ ជួន ណាត នៅជិត ណាហ្គាវើល មកដល់ផ្សារទំនើបអ៊ីអន មានតម្លៃចន្លោះពី ៥ពាន់ដុល្លារ ទៅ ៦ពាន់៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ចាប់ពីផ្សារទំនើបអ៊ីអន មកដល់ស្តុបចម្ការមន មានតម្លៃចន្លោះពី ៤ពាន់ ទៅ ៤ពាន់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងពីស្តុបចំការមនមកដល់ស្ពានអាកាស មុន្នីវង្ស មានតម្លៃចន្លោះពី ៣ពាន់ដុល្លារទៅ ៤ពាន់៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងឆ្នាំមុន កើនឡើង១០ភាគរយ៕