បើតាមអនុក្រឹត្យដែលចុះហត្ថលេខដោយប្រមុខរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានឲ្យដឹងថា កោះទាំង៧ និង សមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២ ៤៩៨ ហិកតា ក្នុងនោះ មានផ្ទៃដី ៥ ៣៦១ ហិកតា និង ផ្ទៃទឹក ៤៧ ១៣៧ ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ និង ខេត្តកោះកុង ត្រូវបានបង្កើតជា «ឧទ្យានជាតិសមុទ្រកោះរ៉ុង»។
អនុក្រឹត្យដដែល បានបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណង ធានាថែរក្សា និង ការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ។ លើសពីនេះ ការបង្កើតឧទ្យានជាតិសមុទ្រនេះ ក៏ដើម្បីផ្តល់ផលិតផល និង សេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព រក្សាលំនឹងបរិស្ថាន ការពារ និង អភិរក្សធនធានធម្មជាតិជាដើម។
បើតាមខ្លឹមសារអនុក្រឹត្យនេះ ផ្ទៃដីអនុក្រឹត្យតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ មិនបញ្ចូលដីកម្មសិទ្ធិឯកជន និង ដីប្រើប្រាស់ជាប្រយោជន៍សាធារណៈឡើយ។ ហើយក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំ និង គ្រប់គ្រងឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ ដោយសហការជាមួយក្រសួង និង អាជ្ញាធរពាក់ព័ន្ធ៕