ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុទាំងពីរនេះ ឃើញថា សិង្ហបុរីបានបើកទូលាយជាងមុនដល់ការធ្វើដំណើរជាសកលឡើងវិញជាបណ្ដើរៗហើយ ប៉ុន្តែហុងកុងវិញ ហាក់នៅរក្សាគោលការណ៍យ៉ាងតឹងរឹងដាច់ណាត់ ក្នុងវិធានការណ៍ធ្វើចត្តាឡីស័ក ខុសប្លែកពីគេបំផុតនៅលើពិភពលោក ដែលប្រការនេះបានធ្វើឲ្យគេចាប់អារម្មណ៍ឃើញថា ទីក្រុងហុងកុងកាន់តែកំពុងបាត់បង់នូវភាពទាក់ទាញរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
នៅក្នុងប្រទេសសិង្ហបុរី អាជ្ញាធរកំពុងចាត់វិធានការ ដើម្បីដំណើរការសកម្មភាពសេដ្ឋកិច្ចតភ្ជាប់ជាមួយ ពិភពលោកឡើងវិញ តាមរយៈការដាក់ចេញនូវវិធានការណ៍ ៧ចំណុច ដើម្បីរស់នៅជាមួយកូវីដ១៩។
ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីចុងសប្តាហ៍មុន នាយករដ្ឋមន្ត្រីសឹង្ហបុរី លោកលីសៀន ឡុង បាននិយាយថា សិង្ហបុរីមិនអាចបន្តបិទទ្វារប្រទេសដោយគ្មានពេលកំណត់ជាក់លាក់បានទេ ហើយជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវត្រៀមខ្លួនប្រឈមមុខនឹងករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ច្រើនឡើងវិញសម្រាប់ពេលខាងមុខ ព្រោះថាសិង្ហបុរីត្រូវត្រៀមខ្លួនរស់នៅជាមួយកូវីដ១៩ឲ្យបាន។
ដោយឡែក សម្រាប់មេដឹកនាំហុងកុង លោកស្រីខារី ឡាម មានវិធីសាស្ត្រមួយផ្ទុយពីនេះ ដោយលោកស្រីបានអះអាងប្រាប់សារព័ត៌មាន Bloomberg កាលពីថ្ងៃច័ន្ទថា សូម្បីតែករណីស្លាប់តែម្នាក់ក៏អាជ្ញាធរហុងកុងមានការព្រួយបារម្ភខ្លាំងដែរ។
នេះមិនមែនជារឿងចម្លែកនោះទេ ព្រោះថាហុងកុង ត្រូវចាំបាច់អនុវត្តទៅតាមយុទ្ធសាស្ត្រគ្មានកូវីដ១៩ ឬ «Zero COVID» ដែលបានដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង។
សូមជម្រាបថា ភាពខុសគ្នាដាច់ស្រឡះរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុទាំងពីរគឺហុងកុង និងសិង្ហបុរី កំពុងចោទជាសំណួរអំពីអនាគតសេដ្ឋកិច្ច របស់ហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេសដ៏ធំមួយក្នុងតំបន់ និងពិភពលោក ព្រោះថា នៅហុងកុង សូម្បីតែអ្នកដែលទទួលថ្នាំវ៉ាក់សាំងបង្ការកូវីដ១៩គ្រប់ចំនួនហើយ ក៏នៅតែប្រឈមនឹងការធ្វើចត្តាឡីស័កនៅសណ្ឋាគាររយៈពេល ២១ដដែល ប្រសិនបើពួកគេបានធ្វើដំណើរទៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាតំបន់មានហានិភ័យឆ្លងខ្ពស់ ខណៈដែរសិង្ហបុរីកំពុងចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដំណើរចូលប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាលីស័ក។
យ៉ាងណាក៏ដោយចុះ ក្រោយពេលដែលសង្ហបុរីចាប់ផ្ដើមបន្ធូរបន្ថយវិធានការ ដើម្បីត្រៀមខ្លួនរស់នៅជាមួយកូវីដ១៩នោះ ករណីឆ្លងនៅក្នុងប្រទេសនេះ ក៏បានហក់ឡើងច្រើនឡើងវិញផងដែរ ពោលគឺនៅប៉ុន្មានថ្ងៃមកនេះ សិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីប្រចាំថ្ងៃ ដល់ទៅជាង៣ពាន់នាក់ក្នុងមួយថ្ងៃៗ បើទោះបីជាប្រទេសនេះ ត្រូវបានគេមើលឃើញថា បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនខ្លួនដល់ទៅជាង៨០% ដែលជាតួលេខខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ានយ៉ាងណាក្ដី៕