ឯកឧត្តម ជៀប សួរ អគ្គនាយក នៃ អគ្គនាយកដ្ឋានប្រេងកាត នៃ ក្រសួងរ៉ែ និងថាមពលបានអះអាងថា ការនាំចេញប្រេងរបស់កម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិ មិនទាន់អាចធ្វើទៅបាននៅឡើយទេ ដ្បិតថាក្រុមហ៊ុនរុករក និង នាំចេញប្រេង KrisEnergy មានការរាំងស្ទះការងារចាំបាច់មួយចំនួន មិនទាន់បានបញ្ចប់នៅឡើយ។ ប៉ុន្ដែ ឯកឧត្តម ជៀប សួរ មិនបានបញ្ជាក់លម្អិតពាក់ព័ន្ធបញ្ហាអ្វីនោះទេ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីសតាមតេឡេក្រាមឯកឧត្តម ជៀប សួរ បានបញ្ជាក់ដូច្នេះថា៖«ក្រុមហ៊ុន KrisEnergy មិនទាន់បានបញ្ចប់ការងារដែលជាកាតព្វកិច្ចរបស់គាត់មួយចំនួន។ ដូចនេះគាត់មិនទាន់អាចនាំចេញប្រេងបាននៅឡើយទេ»។
កាលពីខែឧសភា ឯកឧត្តម ជៀប សួរ ធ្លាប់បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ក្រុមហ៊ុន KrisEnergy មានផែនការនាំចេញប្រេងឆៅលើកដំបូងរបស់ខ្លួនក្នុងរង្វង់៣០ម៉ឺនបារ៉ែល នៅក្នុងខែឧសភា។
ក្រុមហ៊ុន KrisEnergy នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការរុករកប្រេងនៅក្នុងអណ្ដូងប្រេងទាំង៥នៅកម្ពុជា គឺទទួលបានទិន្នផលតិចជាងអ្វីដែលក្រុមហ៊ុនបានព្យាករទុក ដែលការបូមប្រេងបានតិចនេះ ក៏បានធ្វើឲ្យក្រុមហ៊ុនជួបបញ្ហារាំងស្ទះទាក់ទងនឹងការស្ដារបំណុលរបស់ខ្លួនផងដែរ។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅ សារព័ត៌មាន Nikkei របស់ជប៉ុន បានចុះផ្សាយថា ក្រុមហ៊ុន KrisEnergy បានបរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយធនាគារមួយរបស់សិង្ហបុរី។ ការបរាជ័យនេះ ធ្វើឡើងក្រោយក្រុមហ៊ុននេះមិនអាចបំពេញតាមលក្ខខណ្ឌ ដែលបានចែងពាក់ព័ន្ធសមត្ថភាពទាញយកប្រេងនៅកម្ពុជា ដែលមានទិន្នផលតិចជាងការរំពឹងទុក៕