វិស័យប្រេងកម្ពុជា

ក្រុមហ៊ុន KrisEnergy កំពុងជួបវិបត្តិកាន់តែយ៉ាប់យ៉ឺនហើយ ក្រោយពីមិនអាចបន្ដស្នើផែនការស្ដារបំណុលរបស់ខ្លួនបាន


ដោយសារតែទិន្នផលប្រេងដែលបូមបានពីអណ្ដូងប្រេងអប្សារានៅកម្ពុជា នៅតែបន្ដមានតិចជាងអ្វីដែលបានរំពឹងទុកនោះ ក្រុមហ៊ុន KrisEnergy បានបញ្ជាក់នៅក្នុងឯកសារមួយ កាលពីថ្ងៃអង្គារ ទី២០ ខែមេសាថា ក្រុមហ៊ុនមិនអាចបន្ដផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញបានទេ ដោយសារតែវានៅមានភាពមិនច្បាស់លាស់ទាក់ទងនឹងសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការទាញយកប្រេងពីអណ្ដូងប្រេងកម្ពុជា ដែលកំពុងមានទិន្នផលតិច ហើយវាក៏ជាក្ដីបារម្ភខ្លាំងមួយសម្រាប់ក្រុមហ៊ុនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន សិង្ហបុរី Business Times។
អណ្តូងប្រេងក្នុងដែនសមុទ្រកម្ពុជា រូបភាព៖ ក្រសួងរ៉ែ និងថាមពល
ដោយ

ក្រុមហ៊ុន KrisEnergy បាន​លើក​ឡើង​ទៀត​ថា ខ្លួន​មិន​អាច​ស្នើ​សុំ​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល ទៅ​កាន់​ធនាគារ DBS របស់​សិង្ហ​បុរី​បាន​ទៀត​នោះ​ទេ ដូច្នេះ​ហើយ ទឹកប្រាក់​កម្ចី ២០០​លាន​ដុល្លារ​ក្រុមហ៊ុន​ធ្លាប់​បាន​ដាក់​ស្នើ​ទៅ​ធនាគារ DBS នោះ ត្រូវ​បាន​ធនាគារ​ដក​យក​វិញ ដោយសារ​តែ​ក្រុមហ៊ុន មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​បាន​ចែង ទាក់ទង​ទៅ​នឹង​សមត្ថភាព​ក្នុង​ការ​ទាញ​យក​ផលិតផល​ប្រេង​នៅ​កម្ពុជា​នេះ​។

ជុំវិញ​នឹង​បញ្ហា​នេះ ឯកឧត្តម ជៀប សួរ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ធ្លាប់​បាន​អះអាង​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថ្មី​ៗ​នេះ​ថា ខាង​អាជ្ញាធរ​កំពុង​រង់ចាំ​មើល​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ពី​ខាង​ក្រុមហ៊ុន​ទាក់ទង​នឹង​រឿង​នេះ និង ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​រហូត​ដល់​ខែឧសភា បើសិនជា​ការ​បញ្ជាក់​ហេតុផល​ពី​ក្រុមហ៊ុន​មិន​សម​ស្រប ឬ មិន​អាច​ទទួលយក​បាន​ទេ អាជ្ញាធរ​នឹង​ជូនដំណឹង​ទៅ​ក្រុមហ៊ុន​វិញ ហើយ​បើ​មិន​មានការ​ផ្លាស់​ប្ដូរ​ទៅ​តាម​អាជ្ញាធរ​ណែនាំ​ទេ នោះ​ក្រុមហ៊ុន​រុករក​ប្រេង​សឹ​ង្ហ​បុរី​មួយ​នេះ អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ ឬ​អាច​ឈាន​ដល់​ការ​ដកហូត​អាជ្ញា​បណ្ណ​ជាដើម​។

ទោះ​យ៉ាងណា ឯកឧត្តម ជៀប សួរ បញ្ជាក់​ថា កម្ពុជា​មិន​ចង់​ឃើញ​មានការ​ពិន័យ ឬ​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញា​បណ្ណ​ពី​ក្រុមហ៊ុន​បូម​ប្រេង​នោះ​ទេ ហើយ​ក៏​សង្ឃឹមថា​ក្រុមហ៊ុន KrisEnergy នឹង​អាច​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ទាំងអស់​នេះ​បាន​រួចរាល់​ឆាប់​ៗ​នេះ​។

គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង​៤​ខែ​មក​ហើយ ដែល​ក្រុមហ៊ុន KrisEnergy បាន​ទាញ​យក​បាន​ដំណាក់​ប្រេង​ពី​ដែនសមុទ្រ​កម្ពុជា ប៉ុន្ដែ ក្រុមហ៊ុន​នេះ បាន​អះអាង​ថា ប្រេង​ដែល​បូម​បាន​មក​នោះ គឺ​មាន​តិចតួច ជាង​អ្វី​ដែល​ខ្លួន​បាន​ព្យាករ​ទុក ដូច្នេះ​ហើយ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ពិសេស​គឺ​បញ្ហា​ការ​ស្ដារ​បំណុល​របស់​ខ្លួន​តែ​ម្ដង​។ 

បើ​តាម​ក្រុមហ៊ុន​KrisEnergy បាន​អះអាង​ថា អណ្តូងប្រេង​ទាំង​៥ ដែល​គេ​បាន​ចាប់ផ្តើម​បូម​យក​ប្រេង​ពី​ចុងខែ​ធ្នូ ឆ្នាំ ២០២០ រ​ហូ​ទម​ក​ដល់​ខែកុម្ភៈ ២០២១ បាន​ផ្តល់​ទិន្នផល​តិចតួច ខុស​ខ្លាំង​ពី​ការ​ព្យាករ​របស់​ក្រុមហ៊ុន ពោល​គឺ​ទិន្នផល​ទទួល​បាន​ត្រឹមតែ​ជិត ២.៩០០ បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គិត​រហូត​មក​ដល់​ចុងខែ​មីនា​កន្លង​ទៅ​នេះ មាន​ប្រមាណ​ជិត ២​ពាន់​៥​រយ​បារ៉ែល​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ​។ ខណៈ​ដែល​ការ​ព្យាករ​ពី​មុន​ថា អណ្តូងប្រេង​ទាំង​៥​របស់​កម្ពុជា អាច​ផ្តល់​ប្រេង​បាន​ដល់ ៧.៥០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។

ក្រុមហ៊ុន KrisEnergy បាន​បែងចែក​កា​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ បន្ទាប់​ពី​ប្រាក់​ចំណូល​របស់​ខ្លួន​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​តម្លៃ​ប្រេង និង​ការ​លក់​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​២០១៩​។ ហើយ​គិត​នៅ​ត្រឹម​ចុងខែ មិថុនា ឆ្នាំ​២០១៩ បំណុល​សរុប​របស់​ក្រុមហ៊ុន​KrisEnergy នេះ មាន​ដល់​ទៅ​ប្រមាណ​ជិត ៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


មនុស្សរាប់លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាន ខណៈវិបត្តិនៅភូមាកាន់តែអាក្រក់ទៅៗ

អង្គការសហប្រជាជាតិបានឲ្យដឹងថា អសន្ដិសុខស្បៀងអាហារកំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសភូមា ចាប់តាំងពីមានរដ្ឋប្រហារយោធានៅដើមខែកុម្ភៈឆ្នាំន…

EU កំពុងត្រៀមប្ដឹងក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ដោយសារផ្គត់ផ្គង់មិនគ្រប់ឲ្យខ្លួន

គណៈកម្មការអឺរ៉ុបកំពុងរៀបចំនីតិវិធីផ្លូវច្បាប់ ដើម្បីប្ដឹងក្រុមហ៊ុន AstraZeneca របស់អង់គ្លេស បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩មួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ