ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ក្រសួងបានសួរទៅក្រុមហ៊ុនរុករក និងបូមប្រេង KrisEnergy រួចហើយ ពាក់ព័ន្ធការប្រកាសរបស់ក្រុមហ៊ុននេះ ដែលថា ខ្លួនគ្មានលទ្ធភាពសងបំណុល ដែលពួកគេបានជំពាក់នោះទេ។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ក្រសួងបាន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ខណៈបច្ចុប្បន្នកម្ពុជាកំពុងរង់ចាំការឆ្លើយតបជាលាយល័ក្ខអក្សរពីក្រុមហ៊ុន ដែលទទួលបានសិទ្ធិបូមប្រេងនៅកម្ពុជាមួយនេះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនយោគយល់ចំពោះក្រុមហ៊ុន KrisEnergy ឡើយ ប្រសិនបើក្រុមហ៊ុននេះមិនអាចបំពេញតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យាកន្លងមក។ ពោលគឺក្រសួងអាចនឹងបញ្ចប់កិច្ចសន្យាពាក់កណ្តាលទីតែម្តង ប្រសិនបើពួកគេមិនអាចកែប្រែ តាមការព្រមានរបស់ភាគីកម្ពុជាបាន។
ក្រុមហ៊ុន KrisEnergy នៅថ្ងៃទី៤ មិថុនា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយអះអាងថា ខ្លួនគ្មានលទ្ធភាពសងបំណុលដល់ម្ចាស់បំណុល ដែលខ្លួនបានជំពាក់នោះទេ។ ក្រុមហ៊ុនបានលើកឡើងពីមូលហេតុមួយចំនួន ដែលធ្វើឲ្យខ្លួនគ្មានលទ្ធភាពសងបំណុល ដូចជា ទី១គឺដោយសារបំណុលរបស់ក្រុមហ៊ុនកើនលើសតម្លៃនៃទ្រព្យសកម្ម, ទី២ គឺការបូមប្រេងនៅកម្ពុជាទទួលបានបរិមាណតិចជាងការរំពឹងទុក ដែលធ្វើឲ្យមានការខ្វះខាតថវិកា, ទី៣ ក្រុមហ៊ុនគ្មានជម្រើសផ្សេងក្នុងការទទួលបានថវិកា ក្រៅពីការដាក់លក់ទ្រព្យសម្បត្តិ និងទី៤ចុងក្រោយ គឺកង្វះខាតមូលនិធិថវិកាបន្ថែម ដើម្បីទ្រទ្រង់ដំណើរការក្រុមហ៊ុន។
ក្រុមហ៊ុន KrisEnergy ត្រូវបានដឹងថា មានជំពាក់បំណុលប្រមាណជិត៥០០លានដុល្លារអាមេរិក ហើយកន្លងមកក្រុមហ៊ុនពឹងផ្អែកខ្លាំងលើការទាញយកប្រេងពីកម្ពុជា ដើម្បីអាចលក់ទូទាត់សងបំណុលរបស់ខ្លួន ប៉ុន្ដែ ដោយសារតែទិន្នផលពីអណ្ដូងប្រេងពីកម្ពុជាមានតិចជាងខ្លាំងពីអ្វីដែលបានព្យាករណ៍ទុកថា បានធ្វើឲ្យក្រុមហ៊ុននេះ ផុងខ្លួនងើបលែងរួចពីវិបត្តិបំណុលនេះតែម្ដង។
តាមសេចក្ដីបក្រាសរបស់ក្រុមហ៊ុន ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរីមួយនេះ បានឲ្យដឹងថា ខ្លួនបានស្នើទៅតុលាការរួចហើយ ដើម្បីស្នើសុំលក់ទ្រព្យសម្បត្តិ ដើម្បីបានថវិកាយកមកដោះស្រាយបំណុលជាមួយម្ចាស់បំណុល ។ សំណើនេះ កំពុងរង់ចាំការឆ្លើយតប និងសម្រេចតែពីតុលាការតែប៉ុណ្ណោះ។
មុនប្រកាសពីការគ្មានលទ្ធភាពសងបំណុលត្រឡប់ដល់ម្ចាស់បំណុល ក្រុមហ៊ុន KrisEnergy បានប្រកាសពីការបរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយធនាគារសិង្ហបុរីមួយម្តងរួចមកហើយកាលពីពេលកន្លងទៅ។ ការបរាជ័យនេះ គឺបន្ទាប់ពីក្រុមហ៊ុននេះមិនអាចបំពេញតាមលក្ខខណ្ឌដែលបានចែងពាក់ព័ន្ធសមត្ថភាពទាញយកប្រេងនៅកម្ពុជា ដែលមានបរិមាណតិចជាងការរំពឹងទុក៕