វិស័យ​វិនិយោគឆ្នាំ២០១៩

ការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ កើនឡើងឬថយថុះ?


ការវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០១៩ ឃើញថា ការវិនិយោគលើគ្រប់វិស័យ រក្សាបាននូវ កំណើនខ្ពស់គួរឲ្យកត់សម្គាល់ ហើយស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើននូវ ភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់ការវិនិយោគ ក្នុងន័យលើកទឹកចិត្តឲ្យ មានការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលមានលក្ខណៈប្រកួតប្រជែងស្មើភាព មានតម្លាភាព និងគ្មានការរើសអើង។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

បើតាមរបាយការណ៍​ចុងក្រោយបំផុតពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ​CDC ​បានបង្ហាញថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ គម្រោង​វិនិយោគ​ដែលត្រូវបានអនុម័ត មានចំនួន ២៦៨គម្រោង​ដែលមាន​ទុនវិនិយោគ​សរុបជាង ៦ពាន់ ៨រយលានដុល្លារ​អាមេរិក ដែលមានការ​កើនឡើងចំនួន ៦៤គម្រោង និងទុនវិនិយោគ កើនឡើងប្រមាណ​ ១,៧​ពាន់លាន​ដុល្លារអាមេរិក បើធៀបនឹង​រយៈពេល​ដូចគ្នាកាល​ពីឆ្នាំ ២០១៨។

បច្ចុប្បន្នភាពនៃ​ការវិនិយោគនៅក្នុង​ប្រទេសកម្ពុជា​ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ វិនិយោគិនកម្ពុជា ខ្លួនឯងផ្ទាល់​គឺជាអ្នកកាន់កាប់​ចំណែកវិនិយោគធំ​ជាងគេ ប្រមាណ ៥៦% ឬប្រមាណជាង ៣,៩ ពាន់លាន​ដុល្លារ​អាមេរិក ​ខណៈដែល​ ប្រទេសចិន ជា​វិនិយោគិន​បរទេស ឈរលើកំពូល​តារាង និងជាប្រភព​ទុនមកពីក្រៅ​ប្រទេស​ច្រើន​ជាងគេបង្អស់ ដែលមាន​ទុនវិនិយោគ​ជាង ២,២ ពាន់លាន​ដុល្លារអាមេរិក ឬស្មើនឹង​ប្រមាណ ៣៣ភាគរយនៃ ទំហំទឹកប្រាក់​វិនិយោគ​សរុបនៅកម្ពុជា។

ក្នុងអំឡុងពេលនេះ ការវិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេសមាន ៨៨គម្រោង ដែលមាន​ទំហំទុន​វិនិយោគជាង ៦៦៧លានដុល្លារអាមេរិក មានការកើនឡើង​ខ្ពស់បើធៀបនឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៨ ដែលមាន​ការវិនិយោគ ៦៣គម្រោង ក្នុងទំហំទឹកប្រាក់ ៣៥៧លាន​ដុល្លារអាមេរិក។

ដោយឡែក ការវិនិយោគនៅ​ក្រៅតំបន់​សេដ្ឋកិច្ចពិសេស មានរហូតដល់ ១៨០គម្រោង ដែលមានទំហំ​ទុនវិនិយោគជាង ៦,២ពាន់លាន​ដុល្លារអាមេរិក មានការកើនឡើងខ្ពស់​បើធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៨ ដែលមានការ​វិនិយោគ ១៤១គម្រោង ក្នុងទំហំ​ទឹកប្រាក់ ៤,៨ពាន់លាន​​ដុល្លារអាមេរិក។

បើយើងមើលទៅលើ ការវិនិយោគតាម​វិស័យវិញ ឃើញថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៩ ការវិនិយោគ​នៅក្នុងវិស័យ​ឧស្សាហកម្ម និងកម្មន្តសាល មានទុនវិនិយោគ​ប្រមាណ ១,៤ពាន់​លានដុល្លារអាមេរិក កើនឡើងខ្ពស់ ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៨។

សម្រាប់វិស័យ​ទេសចរណ៍ គឺមានតែ ១៨គម្រោងប៉ុណ្ណោះ តែមានទុន​វិនិយោគសរុបជាង ៤,៨ពាន់លាន​ដុល្លារអាមេរិក ដែលធ្វើឲ្យតួលេខនេះ​ វ៉ាដាច់វិស័យផ្សេងៗតែម្តង ហើយការកើន​ឡើងដ៏លើស​លុបនៃ ទុនក្នុងវិស័យ​ទេសចរណ៍នេះ​គឺដោយសារតែមាន គម្រោងវិនិយោគធំៗ​ជាច្រើន នៅតាម​តំបន់ឆ្នេរសមុទ្រ ហើយវានឹង​ត្រូវការពេល​វេលាច្រើន សម្រាប់ការ​អភិវឌ្ឍផងដែរ។

យ៉ាងណាមិញ ការវិនិយោគនៅក្នុង​វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​និងផ្សេងៗ មានការថមថយ​ចុះច្រើន ធៀបនឹង​ពេលដូចគ្នា កាលពីឆ្នាំ២០១៨។

សូមជម្រាបដែរថា សម្រាប់ខែតុលា ឆ្នាំ ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​លើគម្រោងថ្មី និងគម្រោង​ពង្រីក​ផលិតកម្ម ចំនួន ២៤គម្រោង ដែលមាន​ទុនវិនិយោគ​សរុបជាង ៣០៤លាន​ដុល្លារអាមេរិក និងអាចបង្កើត​ការងារជិត ២ម៉ឺនកន្លែង ហើយវិនិយោគិនចិន កាន់កាប់ចំណែក​វិនិយោគ​រហូតដល់ទៅ ៨៦% ឬប្រមាណ ២៦០លានដុល្លារអាមេរិក។

ទាំងអស់នេះ សបញ្ជាក់ឲ្យ​ឃើញច្បាស់ពី ទំនុកចិត្តវិនិយោគិន​ក្នុងស្រុក ក៏ដូចជា វិនិយោគិន​បរទេស មកលើ ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច​របស់កម្ពុជា និងមាន​សុទិដ្ឋិនិយម​ខ្ពស់ចំពោះសេដ្ឋកិច្ច​កម្ពុជា ទើបពួកគេហ៊ាន​សម្រេច​មកដាក់ទុន​វិនិយោគ​នៅកម្ពុជា យ៉ាងដូច្នេះ។

ពិតណាស់ កម្ពុជាត្រូវការ​ការបោះទុនវិនិយោគបន្ថែម​​​ ដើម្បីជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ឲ្យបន្តកើនឡើង​ទៅមុខជានិច្ច ហើយអ្វី​ដែលសំខាន់ មិនអាចខ្វះ​បាននោះ គឺច្បាប់ ច្បាប់ដែល​គ្រប់គ្រង​លើការវិនិយោគនោះ ឲ្យមាន​ប្រសិទ្ធិភាព និងមានតម្លាភាព។

ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិកា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផល​ដែលសម្រេច​បាន​នាពេលនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​គឺជាស្ថាប័នគន្លឹះ ដែលធ្វើការ​សម្របសម្រួល​ជាមួយវិនិយោគ និងបានបន្ត​បំពេញ​ការងារ​យ៉ាងសកម្ម ក្នុងការទាក់ទាញ​វិនិយោគថ្មីៗ រួមចំណែកដោះស្រាយ​បញ្ហាប្រឈម​នានារបស់​អ្នកវិនិយោគ ផ្តល់សេវា​ថែទាំអ្នកវិនិយោគ ក្នុងគោលបំណង​ជួយឲ្យអ្នក​វិនិយោគ​ទទួលបានភាព​ជោគជ័យ​ក្នុងការវិនិយោគ និងបន្តពង្រីក​ការវិនិយោគ​របស់ខ្លួននៅកម្ពុជា។

ជាការរួមចំណែក​ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក៏បានបញ្ចប់​ការរៀបចំសេចក្តី​ព្រៀងច្បាប់​វិនិយោគថ្មី និងច្បាប់ស្តី​ពីតំបន់​សេដ្ឋកិច្ចពិសេស ដែលក្នុងនោះក៏​បានគិតគូរអំពី ការធ្វើឲ្យកាន់តែ​ប្រសើរឡើងនូវ នីតិវិធីស្នើ​សុំវិនិយោគ ការជំរុញ និងការផ្តល់​ការលើក​ទឹកចិត្តដល់ វិស័យដែល​កម្ពុជា​កំពុង​មានសក្តានុពល ដើម្បីជំរុញ​ការអភិវឌ្ឍ​ឧស្សាកម្មកម្ពុជា និងឆ្លើយ​តបឲ្យទាន់​ការប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុងតំបន់ និងពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០១៩ ទទួលរងគ្រោះអ្វីខ្លះ?

ព័ត៌មាន
បើសិនជានិយាយអំពី វិស័យទេសចរណ៍នៅកម្ពុជា គឺថា ម្នាក់ៗសុទ្ធតែនឹកឃើញដល់ តំបន់អង្គរវត្ត មុនគេដោយសារតែ តំបន់បេតិកភណ្ឌជាតិមួយនេះ បានផ្តល់ច…

ក្រសួងដែនដីរកចំណូលជូនជាតិបានប្រមាណ ១១៤ លានដុល្លារនៅឆ្នាំ២០១៩

ព័ត៌មាន
ចំណូលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជាប្រមូលបានគិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យនៅក្នុងឆ្នាំ២០១៩ ចូលថវិកាជាតិមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ