ការបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នៅអណ្ដូងប្រេងរបស់កម្ពុជាប្លុកA ប្រហែលជាបរាជ័យហើយ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងជួបនឹងវិបត្តិក្ស័យធន ហើយបាននាំយកកប៉ាល់ និងប្រេងដែលបូមបានពីកម្ពុជានោះ គេចទៅដល់ដែនសមុទ្រនៃប្រទេសថៃបាត់ទៅហើយ។ នេះបើតាមការអះអាងរបស់
សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានមានប្រសាសន៍លើកឡើងកាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១ថា បានលើកឡើងថា តំណង់ប្រេងលើកដំបូងរបស់កម្ពុជាដែលទាញយកបាននៅថ្ងៃទី ២៩ធ្នូ ឆ្នាំ២០២០នោះ ប្រហែលជាបរាជ័យហើយ។ បរាជ័យ ក៏ដោយសារតែ ក្រុមហ៊ុនរុករកប្រេង KrisEnergy ដែលទទួលបានសិទ្ធិបូមប្រេងនៅកម្ពុជា កំពុងជួបវិបត្តិក្ស័យធន ដោយកាលពីមុនក្រុមហ៊ុននេះ ធ្លាប់បានរំពឹងថា នឹងអាចបូមប្រេងបានក្នុងរង្វង់៧.៥០០បារ៉ែលក្នុងមួយថ្ងៃ ប៉ុន្ដែ ការបូមបានជាក់ស្ដែង គឺបានត្រឹមតែប្រមាណ១ពាន់បារ៉ែលប៉ុណ្ណោះ។
បញ្ហាបូមប្រេងបានតិចជាងការរំពឹងទុកនេះ បានធ្វើឲ្យក្រុមហ៊ុនដែលជាប់បំណុលរាប់រយលានដុល្លារអាមេរិករបស់សិង្ហបុរីមួយនេះ មិនអាចអនុវត្តផែនការស្ដារបំណុលរបស់ខ្លួនបន្ដទៀតបាន និងកំពុងប្រឈមនឹងការក្ស័យធន។
បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន ក្រុមហ៊ុននេះ បានឈប់បូមប្រេងពីអណ្ដូងប្រេងនៅកម្ពុជាហើយ ហើយប្រេងដែលបូមបានកន្លងមកនោះ ក៏ត្រូវបានក្រុមហ៊ុននេះ ដឹកតាមកប៉ាល់ចេញទៅដល់ដែនសមុទ្រនៃប្រទេសថៃហើយដែរ។
បើតាមឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានអះអាងប្រាប់ខេមបូណូមីសថា ប្រេងដែលក្រុមហ៊ុននោះដឹកចេញពីកម្ពុជាទៅតាមកប៉ាល់ដល់ដែនសមុទ្រថៃនោះ គឺមានប្រហែល២៩ម៉ឺនបារ៉ែល គឺជាប្រេងឆៅ។
បើតាមទិន្នន័យស្ដីពីតម្លៃប្រេងឆៅពិភពលោកបានឲ្យដឹងថា ប្រេងឆៅដែលដាក់លក់នៅទីផ្សារអាមេរិកនៅថ្ងៃទី ០២ ខែសីហា មានតម្លៃជាង ៧៣ដុល្លារក្នុងមួយបារ៉ែល ខណៈដែលនៅទីផ្សារអង់គ្លេសមានជាង៧៤ដុល្លារក្នុងមួយបារ៉ែល។ ដូច្នេះ តាមគណនា តម្លៃប្រេង ២៩ម៉ឺនបារ៉ែល គឺស្មើនឹងទឹកប្រាក់ប្រហែលជាង ២០លានដុល្លារអាមេរិក។
បើតាមការអះអាង របស់ឯកឧត្តម ជៀប សួរ បច្ចុប្បន្ន ខាងអាជ្ញាធរកម្ពុជា កំពុងដំណើរការប្ដឹងក្រុមហ៊ុនប្រេងនេះ ទាក់ទងនឹងការប្រមូលប្រេងដឹកតាមកប៉ាល់ចេញពីកម្ពុជា ដោយមិនមានការអនុញ្ញាតពីខាងអាជ្ញាធរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy បានចុះកិច្ចព្រមព្រៀងរួមគ្នា លើការអភិវឌ្ឍប្រេងនៅប្លុក A កាលពីខែសីហា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២០ ទើបក្រុមហ៊ុននេះ បានចាប់ផ្ដើមបូមយកប្រេងពីអណ្ដូងទី១ នៅក្នុងប្លុក A នៃឈូងសមុទ្រកម្ពុជា។ ប៉ុន្ដែ ការបូមប្រេងនេះ មិនទទួលបានជោគជ័យដូចក្ដីរំពឹងទុករបស់ក្រុមហ៊ុននោះទេ ដោយសារតែបរិមាណប្រេងបូមបានមានតិចតួចពេក ខុសឆ្ងាយពីការព្យាករ។
បើទោះបីជា ការបូមប្រេងរបស់កម្ពុជា កំពុងជួបបញ្ហារាំងស្ទះជាថ្មីទៀតក៏ដោយចុះ ប៉ុន្ដែ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា ក្រៅពីប្រេង កម្ពុជានៅមានឧស្សហកម្មរ៉ែមាសមួយទៀត ដែលកំពុងដំណើរការទៅមុខយ៉ាងសកម្ម ខណៈដែលរោងចក្រចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគិរីមួយនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការកាលពីខែមិថុនាកន្លងទៅ។ បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឧស្សាហកម្មរ៉ែមាសមួយនេះ ក្នុងមួយខែ អាចចម្រាញ់បានរ៉ែមាស ១៣៧ គីឡូក្រាម។
សូមបញ្ជាក់ថា តាមការរំពឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ឧស្សាហកម្មចម្រាញ់រ៉ែមាសលើកដំបូង ដែលកំពុងប្រតិបត្តិការ ដោយក្រុមហ៊ុនអូស្ត្រាលី នៅក្នុងទឹកដីខេត្តមណ្ឌលគិរី នឹងអាចផ្ដល់ចំណូលដល់រដ្ឋប្រមាណ ៤០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕