បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ ក្រុងស្រ៊ី បានឲ្យដឹងថា ការបន្ថយលឿនពង្រីកខ្លួននៅទីផ្សារវៀតណាម ដោយសារតែ មានកត្តាប្រឈមមួយចំនួន ដូចជា មានការចំណាយខ្ពស់លើការទិញភាគហ៊ុន និងការច្របាច់ប្រតិបត្តិការបញ្ជូលគ្នា។
តាមការដកស្រង់សម្ដី ដោយកាសែតបាំងកកប៉ុស្ដិ៍ លោក Thakorn Piyaphan ប្រធានក្រុមហ៊ុន ក្រុងស្រ៊ី consumer Group បានឲ្យដឹងថា នៅទីផ្សារប្រទេសវៀតណាម ហាក់មិនសូវជាអំណោយផលនោះឡើយ សម្រាប់ធនាគារក្រុងស្រ៊ី ព្រោះមានឧបសគ្គជាច្រើនទាក់ទងនឹងប្រតិបត្តិការ ដូចជា ការចេញនូវបញ្ញាតិថ្មីៗ នីតិវិធីដើម្បីទទួលបានអាជ្ញាបណ្ណ ធនធានមនុស្ស និងបរិយាកាសអាជីវកម្ម ដែលទាំងអស់នេះ សុទ្ធសឹងជាបញ្ហាប្រឈមធំៗ ក្នុងការពង្រីកខ្លួនរបស់ធនាគារក្រុងស្រ៊ី នៅទីផ្សារវៀតណាម។
ទោះយ៉ាងណា ធនាគារក្រុងស្រ៊ី ដែលជាធនាគារដ៏ធំលំដាប់ទី៥របស់ថៃ គិតក្នុងទំហំទ្រព្យសកម្ម នៅតែមានប្រតិបត្តិការពង្រីកខ្លួនបានយ៉ាងល្អ នៅក្នុងទីផ្សារប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តាមរយៈការផ្ដោតលើ ការផ្ដល់កម្ចីសម្រាប់ទិញយានយន្ដ កម្ចីឥតមានទ្រព្យបញ្ចាំ និងសេវាហិរញ្ញវត្ថុផ្សេងទៀត។
លោក Thakorn បានអះអាងថា ឱកាសអាជីវកម្មនៅកម្ពុជា នៅមានធំធេងណាស់ តាមរយៈដៃគូប្រតិបត្តិការរបស់ខ្លួន គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលមានអាជីវកម្មគ្របដណ្ដប់លើការដាក់ប្រាក់ផ្ទេរប្រាក់ និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech ផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារក្រុងស្រ៊ី រូបនេះ បានគូសបញ្ជាក់ទៀតថា កំណើនរឹងមាំនៃវិស័យ Fintech នៅកម្ពុជា កំពុងទទួលបានឱកាសវិនិយោគកាន់តែធំឡើងៗ ពីធនាគារ និងហិរញ្ញវត្ថុនានា។
យ៉ាងណាក៏ដោយចុះ នៅកម្ពុជាមានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងតែប្រតិបត្តិការអាជីវកម្មមានប្រមាណ៣០ក្រុមហ៊ុនប៉ុណ្ណោះ។ បើរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់ បានបញ្ជាក់ថា សេវាហិរញ្ញវត្ថុ Digital ក្នុងប្រទេសកម្ពុជានឹងរួមចំណែក៦ ភាគរយ នៃកំនើនសេដ្ឋកិច្ច ដែលក្នុងនោះនឹងជំរុញឲ្យមានចរន្ត នៃការចំណាយ តាមប្រព័ន្ធអេឡិចត្រូនិច ប្រមាណ ១,៧ពាន់លានដុល្លា ធ្វើឲ្យមានការស្រូបយកឥណទានបន្ថែមប្រមាណ ២,៥ពាន់លានដុល្លា នឹងអាចធ្វើឲ្យមានការសន្សំបានប្រមាណ ៥០០លានដុល្លា។
សូមជម្រាបផងដែរថា ធនាគារអាយុធ្យា ឬក្រុងស៊ី្រ កំពុងកាន់កាប់ភាគហ៊ុនដ៏ធំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករនៅកម្ពុជា បន្ទាប់ពីបានទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត កាលពីឆ្នាំ២០១៦កន្លងទៅ និង បានចាក់បន្ថែមទុនប្រមាណ ១៥លានដុល្លារកាលពីខែមេសា ឆ្នាំ២០១៧។ ហើយកាលពីខែកុម្ភៈ ឆ្នាំ២០១៨នេះ ធនាគារក្រុងស្រ៊ី ក៏បាន បាក់បញ្ជូលទុនប្រមាណ ៣០លានដុល្លារបន្ថែមទៀត ចូលក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធ្វើឲ្យដើមទុនសរុបកើនឡើងរហូតដល់ ១៥០លានដុល្លារអាមេរិក។
សូមបញ្ជាក់ដែរថា ធនាគារក្រុងស្រ៊ី ក៏ស្ថិតនៅក្នុងសម្ព័ន្ធរបស់ធនាគារដ៏ធំរបស់ជប៉ុន គឺ Mitsubishi UFJ ខណៈដែលធនាគារជប៉ុនមួយនេះ បានកាន់កាប់ភាគហ៊ុនប្រមាណ ៧៧% នៃភាគហ៊ុនសរុបរបស់ធនាគារក្រុងស្រ៊ី៕