ច្បាប់អន្តរជាតិ​

តើកម្ពុជា គួររុញការដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ តាមយន្តការច្បាប់អន្តរជាតិ ដូចព្រំដែនសមុទ្រដែរទេ?


បន្ទាប់ពីរដ្ឋាភិបាលថៃ សម្រេចលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ជាឯកតោភាគី បញ្ហាព្រំដែនទឹក និងកិច្ចសហប្រតិបត្តិការថាមពលរវាងកម្ពុជា–ថៃ បានក្លាយជាប្រធានបទក្តៅឡើងវិញ។ ប៉ុន្តែរដ្ឋាភិបាលថៃ បានសម្រេចរក្សាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលពាក់ព័ន្ធនឹងព្រំដែនគោកឱ្យនៅដដែល ដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងលើបញ្ហានេះ។ តើកម្ពុជា គួរយកបញ្ហាព្រំដែនគោកទៅដោះស្រាយតាមយន្តការអន្តរជាតិ ឬបន្តដោះស្រាយតាមយន្តការទ្វេភាគី?
ច្បាប់អន្តរជាតិ​
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវសេដ្ឋកិច្ចសង្គម យល់ឃើញថា កម្ពុជា គួររុញការដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ ដោយប្រើយន្តការច្បាប់អន្តរជាតិ ដូចព្រំដែនសមុទ្រដែរ ដើម្បីផ្តល់ភាពយុត្តិធម៌ និងតម្លាភាពរៀងៗខ្លួន។ បើតាមការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះបញ្ហាព្រំដែនគោកកម្ពុជា-ថៃ អាចដោះស្រាយក្រោមយន្តការសន្ធិសញ្ញាបារាំង–សៀម និងយន្តការតុលាការអន្តរជាតិ ដែលជាយន្តការរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការដែលភាគីថៃ ហ៊ានលុបអនុស្សរណៈយោគយល់ឆ្នាំ២០០១ ជាឯកតោភាគីអាចដោយសារថៃ មើលឃើញពីផលចំណេញ ហើយការដែលថៃ មិនហ៊ានលុបអនុស្សរណៈយោគឆ្នាំ២០០០ អាចដោយសារថៃ មើលឃើញពីហានិភ័យ ប្រសិនបើរុញច្រានបញ្ហាព្រំដែនទៅដោះស្រាយក្រោមយន្តការអន្តរជាតិ។

ដោយឡែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា អនុស្សរណៈយោគយល់ឆ្នាំ២០០០ និងឆ្នាំ២០០១ មានលក្ខណៈច្បាប់ខុសគ្នា ដោយបញ្ហាព្រំដែនគោកភាគច្រើនមានមូលដ្ឋានច្បាស់លាស់រួចទៅហើយដោយផ្អែកលើព្រំដែនអន្តរជាតិ ដែលបានទទួលស្គាល់។ អ្នកជំនាញរូបនេះយល់ឃើញថា ការដែលថៃសម្រេចលុបអនុស្សរណៈយោគយល់ឆ្នាំ២០០១ វាមិនត្រឹមជាបញ្ហាបច្ចេកទេសទេ ថែមទាំងអាចពាក់ព័ន្ធនឹងបរិបទនយោបាយក្នុងស្រុកដូចជាការឆ្លើយតបទៅនឹងសម្ពាធពីក្រុមជាតិនិយម និងការបិទបាំងបញ្ហាផ្ទៃក្នុង។

គួរបញ្ជាក់ថា MoU 2001 គឺជាក្របខណ្ឌសហប្រតិបត្តិការរួមរវាងកម្ពុជា និងថៃ សម្រាប់ការរុករក និងអភិវឌ្ឍធនធានថាមពលនៅតំបន់សមុទ្រត្រួតស៊ីគ្នា។ ការសម្រេចលុប MOU នេះរបស់ថៃ ជាឯកតោភាគី កាលពីថ្ងៃទី៥ ខែឧសភា បានបង្កការព្រួយបារម្ភអំពីអនាគត នៃការសហការ និងស្ថិរភាពក្នុងតំបន់។ ឆ្លើយតបនឹងសម្រេចរបស់ថៃ កម្ពុជា បានសម្រេចប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) ក្នុងការដោះស្រាយដែនសមុទ្រទាមទារត្រួតស៊ីគ្នាជាមួយភាគីថៃ។ មន្ត្រីជាន់ខ្ពស់កម្ពុជា បានអះអាងថា ការដើរចេញពីយន្តការទ្វេភាគីរបស់ថៃ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្រឡើយ។

ស្ថិតក្នុងបរិបទនេះ អ្នកវិភាគមួយចំនួនបានលើកឡើងថា កម្ពុជា អាចមានជម្រើសពីរ គឺបន្តការចរចាទ្វេភាគី ដើម្បីរកដំណោះស្រាយអនុវត្តបានក្នុងពេលខ្លី ឬលើកយកបញ្ហាទៅកាន់យន្តការអន្តរជាតិ ដើម្បីទទួលបានការកំណត់ច្បាស់លាស់ និងមានសុពលភាពយូរអង្វែង។ បញ្ហានេះកំពុងក្លាយជាចំណុចសំខាន់មួយ ដែលទាមទារការវាយតម្លៃយ៉ាងហ្មត់ចត់ពីភាគីពាក់ព័ន្ធ ដើម្បីធានាថា ដំណោះស្រាយណាមួយនឹងការពារបានទាំងអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ រយៈពេលវែងរបស់កម្ពុជា៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន ហាក់មិនត្រេកត្រអាលនឹងដំណើរទស្សនកិច្ចលោក ត្រាំ ក្រោយស៊ាំនឹងសម្ពាធពន្ធអាម៉េរិក

បើគ្មានអ្វីប្រែប្រួលទេ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤…

ក្រុមអ្នកជំនាញក្រើនរំលឹកឱ្យពលរដ្ឋខ្មែរបង្កើនការធ្វើពហិការទំនិញថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចថៃ ដែលកំពុងដាំក្បាលចុះ

​​ស្របពេលថៃ កំពុងជួបបញ្ហាសេដ្ឋកិច្ច ហើយបំណុលពលរដ្ឋមានការកើនឡើងខ្ពស់ ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ជំរុញឱ្យពលរដ្ឋខ្មែរបន្តបង្ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ