ការចរចាសន្តិភាព

លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ងជាថ្មី ប្រសិនបើការចរចាសន្តិភាពលើកនេះបន្តបរាជ័យ


លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ងជាថ្មី ប្រសិនបើការចរចាសន្តិភាពលើកនេះបន្តបរាជ័យ!! សេតវិមានជឿជាក់ថា អាម៉េរិក និងអ៊ីរ៉ង់កំពុងខិតទៅរកការសម្រេចបាននូវអនុស្សារណៈយោគយល់គ្នា ដែលអាចក្លាយជាមូលដ្ឋានសម្រាប់បញ្ចប់សង្គ្រាម និងបើកផ្លូវទៅរកកិច្ចចរចានុយក្លេអ៊ែលម្អិតនៅពេលបន្ទាប់។ ស្របពេលសញ្ញាវិជ្ជមានកំពុងលេចចេញរូបរាងនេះ លោក ដូណាល់ ត្រាំ ក៏បានឆ្លៀតចេញមកព្រមានជាថ្មីថា ប្រសិនបើកិច្ចចរចាបរាជ័យ នោះអាម៉េរិកអាចនឹងបន្តការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់សាជាថ្មី។
ការចរចាសន្តិភាព
ដោយ

សារព័ត៌មាន Aljazeera បានរាយការណ៍ថា សហរដ្ឋអាម៉េរិករំពឹងថា ក្នុងរយៈពេល៤៨ម៉ោងខាងមុខអ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបលើចំណុចសំខាន់ៗមួយចំនួន ដែលអាចកំណត់ទិសដៅ នៃកិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ។ បើទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយក៏ដោយ នេះគឺជាពេលវេលាដែលអាម៉េរិក និងអ៊ីរ៉ង់ បានខិតចូលជិតគ្នាបំផុតចាប់តាំងពីសង្គ្រាមផ្ទុះឡើង។

អនុស្សរណៈនៃការយោគយល់គ្នាដែលភាគីទាំងពីរកំពុងចរចាគ្នាមានខ្លឹមសារសំខាន់ៗមួយចំនួន រួមមាន អ៊ីរ៉ង់ត្រូវផ្អាកការពង្រីកសមត្ថភាពនុយក្លេអ៊ែ, សហរដ្ឋអាម៉េរិកត្រូវបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់, ដោះលែងមូលនិធិអ៊ីរ៉ង់រាប់ពាន់លានដុល្លារដែលត្រូវបានបង្កក ហើយភាគីទាំងពីរត្រូវលុបចោលការរឹតបន្តឹងជុំវិញច្រកសមុទ្រហ័រម៉ូស ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។

យ៉ាងណាមិញទីក្រុងតេអេរ៉ង់ត្រូវបានគេរំពឹងថា នឹងឆ្លើយតបជាផ្លូវការនៅចុងសប្តាហ៍នេះជុំវិញសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដែលទាមទារឱ្យបញ្ចូលបញ្ហានុយក្លេអ៊ែជាចំណុចស្នូល នៃកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង។ កាលពីថ្ងៃទី៥ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អ៊ីស្មេល បាហ្កៃ (Esmail Baghaei) បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងពិនិត្យយ៉ាងហ្មត់ចត់លើសំណើរបស់សហរដ្ឋអាម៉េរិក។

កិច្ចចរចាសន្តិភាពលើកទី២រវាងអាម៉េរិក និងអ៊ីរ៉ង់ រំពឹងថា អាចនឹងត្រូវធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដនៅសប្តាហ៍ក្រោយ។មកដល់ពេលនេះ ប្រហែល៨០% ទៅ ៨៥% នៃបញ្ហារវាងភាគីទាំងពីរត្រូវបានដោះស្រាយរួចហើយ ហើយអ្វីដែលនៅសល់ គឺបញ្ហានុយក្លេអ៊ែ ដែលនៅតែជាឧបសគ្គធំបំផុត។

ទោះបីជាការបង្ហាញពីក្តីរំពឹងខ្ពស់ក្នុងការឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ក៏ដោយ តែ លោក ដូណាល់ ត្រាំ មិនភ្លេចព្រមានការប្រើប្រាស់កម្លាំងវាយប្រហារលើអ៊ីរ៉ង់ នោះទេ ប្រសិនបើកិច្ចចរចាលើកនេះបរាជ័យ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អានុទីន នឹងជួបពិភាក្សាទល់មុខនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន

ក្នុងនាមជាប្រធានប្តូរវេនអាស៊ានលោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីនត្រូវបានរំពឹងថានឹងរៀបចំជំនួបដ៏សំខាន់មួយរវាងសម្តេចធិបតី ហ៊ុន…

ធនាគារ អេស៊ីលីដា និងទូរគមនាគមន៍កម្ពុជា សហការគ្នាជំរុញការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់សេវាទូរគមនាគមន៍នៅកម្ពុជា

ធនាគារ អេស៊ីលីដា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយទូរគមនាគមន៍កម្ពុជា ជំរុញការប្រើប្រាស់សេវាកម្មរបស់ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ