ប្រទេសឡាវ

ទេសាភិបាលធនាគារកណ្ដាលឡាវប្រាប់ពីហេតុផលធ្វើឱ្យប្រទេសជួបវិបត្តិខ្វះរូបិយវត្ថុបរទេស


ទេសាភិបាល ធនាគារកណ្ដាលឡាវថ្មី លោក ប៊ុនលាវ ស៊ិនសាយវ៉ូរ៉ាវង់ (Mr. Bounleua Sinxayvoravong) បានថ្លែងទៅកាន់រដ្ឋសភាពីបញ្ហាប្រឈម និងការលំបាកមួយចំនួនដែលប្រទេសឡាវកំពុងតែជួបប្រទះពាក់ព័ន្ធនឹងការខ្វះសមត្ថភាពគ្រប់គ្រងរូបិយបណ្ណបរទេសដែលវាបានបង្កឲ្យមានបញ្ហាកាន់តែខ្លាំងឡើងៗ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសឡាវ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន The Laostain Times។
លោក Bounleua Sinxayvoravong

បច្ចុប្បន្ន សេដ្ឋកិច្ច​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ កំពុង​ជួប​បញ្ហា​ខ្វះខាត​ប្រេង​កាន់តែ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ នៅ​គ្រា​ដែល​បំណុល​បរទេស​ក៏​មាន​ក្នុង​កម្រិត​ហានិភ័យ​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ដែរ​។

លោក ប៊ុ​ន​លាវ ស៊ិ​ន​សាយ​វ៉ូ​រ៉ា​វង់ ទេសាភិបាល​ធនាគារកណ្ដាល​ឡាវ ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី បាន​និយាយ​ទៅ​កាន់​សមាជិក​សភា​ថា ប្រភព​នៃ​រូបិយ​បណ្ណ​បរទេស​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​បរិមាណ​រូបិយ​បណ្ណ​បរទេស​នៅ​ក្នុង​ប្រទេស​ឡាវ គឺ​មិន​អាច​បំពេញ​តាម​តម្រូវការ​បាន​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​នៃ​រូបិយ​បណ្ណ​បរទេស​បាន​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់​បរិមាណ​រូបិយ​បណ្ណ​បរទេស​ជា​ច្រើន ឬ​ក៏​មិន​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ធនាគារកណ្ដាល​របស់​ប្រទេស​ឡាវ​។

ទេសាភិបាល​ធនាគារកណ្ដាល​ឡាវ​ថ្មី បាន​និយាយ​ថា នៅ​ចន្លោះ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ឡាវ​មាន​ប្រមាណ​ជាង ២៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​បរិមាណ​រូបិយ​បណ្ណ​បរទេស​ដែល​ទទួល​បាន​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​មាន​ត្រឹមតែ​ជាង ៥​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​។

ទេសាភិបាល​ថ្មី​រូប​នេះ​បាន​ប្រាប់​សភាជាតិ​ថា ចាប់ពី​ដើមឆ្នាំ​២០២១ ដល់​ត្រីមាស​ទី​មួយ​ឆ្នាំ​២០២២​នេះ ប្រទេស​ឡាវ​គួរតែ​ទទួល​បាន​រូបិយ​បណ្ណ​ជិត ១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្ដែង​មាន​តែ ៣២%​ប៉ុណ្ណោះ​នៃ​ទឹកប្រាក់​ទាំងនេះ ដែល​បាន​ចូល​ក្នុង​ប្រព័ន្ធ​ធនាគារ​នៃ​ប្រទេស​ឡាវ​។

ការ​នាំ​ចេញ​រ៉ែ គួរតែ​ទទួល​បាន​ច្រើន​ជាង ២ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ជាក់ស្ដែង មាន​តែ​ជាង ១​ពាន់​៣​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​បាន​ចូល​ក្នុង​ប្រព័ន្ធ​ធនាគារ​ឡាវ​នេះ​។ នេះ​បើ​តាម​ទេសាភិបាល​ធនាគារកណ្តាល​ឡាវ​ថ្មី​ទើប​ចូល​កាន់​តំណែង​។

ដោយឡែក ការ​នាំ​ចេញ​អគ្គិសនី​ដែល​មាន​ទឹកប្រាក់​ចំនួន​ជិត ២​ពាន់​៦​រយ​លាន​ដុល្លារ គួរតែ​ហូរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ធនាគារកណ្ដាល​ឡាវ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​មាន​ទឹកប្រាក់​តិច​ជាង ១ ពាន់​លាន​ដុល្លារ បាន​ហូរ​ចូល​ក្នុង​ប្រព័ន្ធ​ធនាគារ​ឡាវ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​សំខាន់​ៗ​ផ្សេង​ទៀត ដែល​ប៉ះពាល់​ដល់​ទុនបម្រុង​រូបិយ​បណ្ណ​បរទេស​ដែរ​នោះ លោក ប៊ុ​ន លាវ ទេសាភិបាល​ធនាគារកណ្ដាល​ឡាវ​ថ្មី​បាន​និយាយ​ថា ការ​គ្រប់គ្រង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ក៏​ត្រូវ​បាន​អនុវត្ត​តិចតួច និង​គ្មាន​និរន្តរភាព​ផង​ដែរ ខណៈ​ដែល​សមាមាត្រ​បំណុល​ធៀប​នឹង​ភាគហ៊ុន​បាន​កើនឡើង​។

មេ​ធនាគារកណ្តាល​ឡាវ​ថ្មី បាន​បន្ថែម​ថា បុគ្គល​មួយ​ចំនួន​ក៏​បាន​ប្រើប្រាស់​រូបិយ​បណ្ណ​បរទេស​ដោយ​សេរី ជា​ពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ព្រំដែន ខណៈ​ដែល​អ្នក​ផ្តល់​សេវា​ប្តូរ​ប្រាក់​ដែល​គ្មាន​អាជ្ញា​បណ្ណ​ក៏​ជា​បញ្ហា​ដ៏​ធំ​មួយ​ដែរ ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទុនបម្រុង​អន្តរជាតិ​នេះ​។​ដោយឡែក បំណុល​ខាងក្រៅ​កំពុង​កើនឡើង​ដោយ​ការ​ទូទាត់​ជា​រូបិយ​បណ្ណ​បទេស​បាន​ជំរុញ​ឱ្យ​ទុនបម្រុង​រូបិយប័ណ្ណ​បរទេស​មាន​កម្រិត​របស់​ប្រទេស​នេះ ប៉ះពាល់​ដល់​និរន្តរភាព​ម៉ាក្រូសេដ្ឋកិច្ច​ផង​ដែរ​។

យោង​តាម​ធនាគារពិភពលោក គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​២០២១ ប្រទេស​ឡាវ​មាន​ទុនបំរុង​ចំនួន ១​ពាន់​៣​រយ​លាន​ដុល្លារ​នៅ​ក្នុង​ដៃ ខណៈ​ដែល​ការ​សងបំណុល​ខាងក្រៅ​វិញ ឡាវ​ត្រូវ​សងបំណុល​ដែល​មាន​ចំនួន​ស្មើនឹង​ពាក់កណ្តាល​នៃ​ចំណូល​ក្នុងស្រុក​សរុប នៅ​រៀង​រាល់​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២៥​ឯណោះ ហើយ​វា​គឺជា​បន្ទុក​បំណុល​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​មួយ​នេះ​ផង​ដែរ​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ូស្គូព្រមានដកហូតទ្រព្យសម្បតិ្តលោកខាងលិចដែលមានក្នុងប្រទេសរុស្សីជាការសងសឹកនឹងទណ្ឌកម្ម

ព័ត៌មាន
រុស្ស៊ីបានបង្ហើបនៅពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនមិនដែលបានបោះបង់គំនិតក្នុងការរឹបអូសយកទ្រព្យសម្បត្តិ និងអាជីវកម្មគ្រាក់ៗ ដែលគ្រប់គ្រងដោយពួកប្រទេ…

អាមេរិកគ្រោងបង្កើនទ័ពនៅអឺរ៉ុបទាំងមូលខណៈអង្គការណាតូនឹងបន្ថែមនៅភាគខាងកើតអឺរ៉ុបជិតព្រំដែនរុស្ស៊ី

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន អំឡុងកិច្ចប្រជុំកំពូលនៃអង្គការសម្ព័ន្ធយោធាណាតូ កាលពីថ្ងៃពុធ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានកង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ