ហានិភ័យសេដ្ឋកិច្ចឡាវ

សេដ្ឋកិច្ចឡាវត្រូវបានគេមើលឃើញមានសន្ទុះងើបឡើងវិញ ប៉ុន្តែនៅតែជួបបញ្ហាប្រឈម


សេដ្ឋកិច្ចប្រទេសឡាវកំពុងត្រូវបានអ្នកជំនាញការសេដ្ឋកិច្ចមើលឃើញពីការស្ទុះងើបឡើងវិញបន្តិច ម្តងៗពីជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងការព្យាករកំណើនផលិតផលក្នុងស្រុកសរុបក្នុងនៅក្នុងអត្រា៣,៧ភាគរយនៅឆ្នាំនេះ ពោលគឺមានការកើនឡើងពី២,៧ភាគរយ ដែលឡាវធ្វើបានកាលពីឆ្នាំ២០២២។ តាមការព្យាករដែលធ្វើឡើងដោយធនាគារពិភពលោក បានអះអាងថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ឡាវអាចនឹងសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណជា៤,១ភាគរយ ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុនេះនៅតែព្រមានអំពីបញ្ហាអតិផរណា និងចំណុចអសកម្មមួយចំនួនទៀត។
ហានិភ័យសេដ្ឋកិច្ចឡាវ
ដោយ

របាយការណ៍ស្តីពីគោលនយោបាយសារពើពន្ធសម្រាប់ស្ថិរភាពសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបានអះអាងថា សេដ្ឋកិច្ចឡាវនឹងកើនឡើងក្នុងអត្រា៤,១ភាគរយ នៅក្នុងឆ្នាំ២០២៤ ខាងមុខ ប៉ុន្តែបញ្ហាប្រឈមនឹងនៅតែមានដោយសារតែអតិផរណាកើនឡើងខ្ពស់ គួបផ្សំបញ្ហាបំណុលខាងក្រៅស្ថិតក្នុងកម្រិតដ៏ខ្ពស់ និងបញ្ហាកង្វះកម្លាំងពលកម្ម។

តាមសេចក្តីរាយការណ៍ដែលបានផ្សាយនៅលើកាសែតវៀងច័ន្ទថាម ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនៃប្រទេសដីគោកសុទ្ធនេះ គឺភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍ ការដឹកជញ្ជូន សេវាកម្ម និងការវិនិយោគបរទេស។

ជុំវិញបញ្ហានេះធនាគារពិភពលោកបានអះអាងថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចឡាវហាក់ប្រសើរជាងមុនក៏ពិតមែន ប៉ុន្តែអតិផរណាក៏កំពុងតែមានសភាពកើនឡើង ជាពិសេសកំណើននៃតម្លៃវត្ថុប្រើប្រាស់ និងចំណាយអាជីវកម្ម ដែលនាំឱ្យពលរដ្ឋឡាវព្យាយាមកាត់បន្ថយការចំណាយគ្រួសារលើអាហារ ការអប់រំ និងសុខភាព។

ក្រៅពីនោះក៏មានសេចក្តីរាយការណ៍ផងដែរថា ស្ថានភាពអតិផរណាក៏បានបង្កការព្រួយបារម្ភនាំឱ្យពលរដ្ឋឡាវកាត់បន្ថយការសន្សំផងដែរ ដែលអាចនាំឲ្យគ្រួសារជាច្រើននៅក្នុងប្រទេសនេះប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

ធនាគារពិភពលោកបាននិយាយថា ទោះបីជាតម្លៃសកលនៃទំនិញនាំចូលមួយចំនួនបានធូរស្រាលក៏ដោយ តែអតិផរណានៅឡាវនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយកម្រិតអតិផរណាឡើងដល់ទៅ២៦ភាគរយកាលពីខែតុលា កន្លងទៅថ្មីៗនេះ។ សម្រាប់អតិផរណាតម្លៃម្ហូបអាហារត្រូវបានគេរាយការណ៍ថា មានរហូតដល់២៩ភាគរយ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រនៅក្នុងទីក្រុង។

អ្នកសេដ្ឋកិច្ចបានព្រមានថា ការចុះខ្សោយនៃរូបិយប័ណ្ណជាតិ គឺជាមូលហេតុចម្បង ដូច្នេះអតិផរណានឹងនៅតែខ្ពស់រហូតដល់អត្រាប្តូរប្រាក់មានស្ថិរភាព។ នៅក្នុងខែតុលា ប្រាក់គីបរបស់ឡាវបានបន្តធ្លាក់ថ្លៃ ដោយបានធ្លាក់ចុះក្នុងតម្លៃ២៩ភាគរយ បើធៀបនឹងប្រាក់បាតថៃ និង រហូត២១ភាគរយបើធៀបនឹងប្រាក់ដុល្លារ។

លោក អាឡិច គ្រីម័រ (Alex Kremer) នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំប្រទេសឡាវបានមានប្រសាសន៍ថា ការប្រមូលពន្ធទាបកំពុងធ្វើឱ្យខូចដល់ស្ថិរភាពសេដ្ឋកិច្ច និងទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសឡាវ។ ដើម្បីស្ដារស្ថិរភាពសេដ្ឋកិច្ច ឡាវកំពុងគិតគូរពិនិត្យអាករលើតម្លៃបន្ថែម ហើយពន្ធលើថ្នាំជក់ និងគ្រឿងស្រវឹងក៏ត្រូវបានរៀបចំឡើងវិញ ដោយឡែកផែនការស្វែងរកប្រាក់ចំណូលកាន់តែច្រើនត្រូវបានលើកឡើងដើម្បីការពារការចំណាយលើវិស័យសុខាភិបាល និងការអប់រំ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមបន្តរឹតបន្តឹងការត្រួតពិនិត្យធនាគារ និងមូលបត្រ ក្រោយផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមកំពុងតែពង្រឹងការចាត់វិធានការជាបន្តទៀត ដើម្បីបង្កើនការត្រួតពិនិត្យលើវិស័យធនាគារ និងមូលបត្រ ដើម្បីឆ្លើយតបទៅនឹងរឿងអាស្រូវថ្…

ប្រទេសស្វីសរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ីចំនួនជិត៩ពាន់លានដុល្លារ

ព័ត៌មាន
រដ្ឋាភិបាលស្វីស បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេសស្វីសបានបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រមាណ៧ពាន់៧រយលានហ្វ្រង់របស់ស្វីស ប្រហែល៨ពាន់ ៨…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ