បើតាមតារាងតម្លៃប្រេងចុងក្រោយ ប្រេងសាំងធម្មតានៅឡាវមានតម្លៃជាង ២ម៉ឺនគីប ឬស្មើនឹង ១,៤ដុល្លារអាមេរិកក្នុងមួយលីត្រ។ តម្លៃនេះកើនឡើងជាង ៤០% រាប់ចាប់តាំងពីប្រទេសរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនដំបូងកាលពីចុងខែកុម្ភៈ។ មិនត្រឹមតែប្រេងនោះទេ ការឡើងថ្លៃឥតឈប់ឈរលើអាហារ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ បានដាក់សម្ពាធថែមទៀតលើហិរញ្ញវត្ថុរបស់ពលរដ្ឋឡាវ។
ដើម្បីដោះស្រាយបញ្ហាដែលកំពុងអូសបន្លាយ ឡាវបានចាប់ផ្តើមពិភាក្សាជាមួយរុស្ស៊ីទាក់ទងនឹងការទិញប្រេង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឡាវបានរាយការណ៍ថា ប្រេងសាំងរុស្ស៊ីមានតម្លៃថោកជាងការផ្គត់ផ្គង់អន្តរជាតិដល់ទៅ ៧០%។ ការទម្លាក់តម្លៃនេះ ក៏ដោយសារតែឥទ្ធិពលនៃទណ្ឌកម្មលោកខាងលិចដាក់មកលើទីក្រុងម៉ូស្គូជាបន្តបន្ទាប់។
គួរកត់សម្គាល់ថា កន្លងមកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ឡាវស្ទើរតែទាំងអស់ គឺបានមកពីប្រទេសចិន ថៃ វៀតណាម និងប្រទេសជិតខាងផ្សេងទៀត។ ប៉ុន្តែចាប់តាំងពីដើមខែឧសភាមក ទីក្រុងវៀងច័ន្ទបានបាត់បង់អំណាចនៃការទិញ ដោយសារតែការកើនឡើងនៃតម្លៃទំនិញ និងខ្វះខាតរូបិយបណ្ណបរទេស។
រុស្ស៊ីធ្លាប់បានប្រកាសកាលពីខែមេសាថា ខ្លួនមានឆន្ទៈលក់ប្រេង និងផលិតផលដែលអាចផលិតជាថាមពលផ្សេងទៀតទៅឱ្យប្រទេសដែលរុស្ស៊ីហៅថាប្រទេសជាមិត្ត ក្នុងតម្លៃណាមួយក៏បាន។ ប្រការនេះបានផ្តល់ក្តីសង្ឃឹមដល់រដ្ឋាភិបាលទីក្រុងវៀងចន្ទន៍ ជាមធ្យោបាយដ៏មានសក្តានុពលមួយ ដើម្បីរើខ្លួនចេញពីស្ថានភាពដ៏លំបាកនេះ។
ឥណ្ឌា ដែលបានបោះឆ្នោតអនុប្បវាទលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន បាននិងកំពុងទិញប្រេងឆៅរបស់រុស្ស៊ីក្នុងតម្លៃថោក និងក្នុងចំនួនដ៏ច្រើនសម្បើម។ ឡាវបានបោះឆ្នោតអនុប្បវាទដូចគ្នា ហើយក៏សង្ឃឹមដែរថា ខ្លួនអាចទទួលបានលក្ខខណ្ឌអំណោយផលស្រដៀងគ្នានេះក្នុងនាមប្រទេសជាមិត្តជាមួយរុស្ស៊ី។
សូមបញ្ជាក់ថា ក្រៅតែពីវិបត្តិខ្វះខាតប្រេងឥន្ធនៈប្រើប្រាស់ និងអតិផរណា ប្រទេសឡាវក៏កំពុងជាប់ជំពាក់បំណុលយ៉ាងច្រើនផងដែរ ពិសេសជំពាក់ប្រទេសចិនតែម្ដង។ ការសងបំណុលក្រៅប្រទេសរបស់ទីក្រុងវៀងចន្ទន៍ត្រូវបានគេព្យាករណ៍ថា នឹងលើសពី ១ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាចប្រឈមហានិភ័យនៃការរឹបអូស ប្រសិនបើប្រទេសនេះខកខានក្នុងការទូទាត់ និងធ្លាក់ចូលក្នុងអន្ទាក់បំណុល៕