ទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសឡាវនៅខែឧសភា ឆ្នាំ២០២៣នេះ មានតម្លៃសរុបប្រមាណជាជាង ១ ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Star។ នៅក្នុងខែឧសភាកន្លងទៅ ឡាវអាចនាំចេញផលិតផលសរុបប្រមាណជា ៥២០ លានដុល្លារ ហើយតម្លៃនៃការនាំចូលវិញនោះគឺស្មើនឹង ៥៦៧ លានដុល្លារ។
ស្ថានភាពនេះនាំឲ្យប្រទេសឡាវជួបឱនភាពពាណិជ្ជកម្មតម្លៃ ៤៧ លានដុល្លារ។ ឱនភាពពាណិជ្ជកម្មនេះបានកើនឡើងគួរឱ្យកត់សម្គាល់ នៅពេលដែលវាមានទំហំត្រឹមតែ ១៧ លានដុល្លារ ក្នុងខែមេសា។
ផលិតផលដែលឡាវកំពុងតែនាំចេញគឺមានរ៉ែមាសចម្រុះ អំបិលរ៉ែ រ៉ែដែក ស្រាបៀរ ភេសជ្ជៈ ស្ករ សម្លៀកបំពាក់ និងចេកជាដើម ហើយផលិតផលដែលប្រទេសនេះបាននំាចូលមកវិញនោះ គឺរួមមានប្រេងឥន្ធនៈ យានយន្ត សំភារៈមេកានិច ដែក គ្រឿងបន្លាស់រថយន្ត ផលិតផលប្លាស្ទិក និងអេឡិចត្រូនិច។
ប្រទេសដែលជាទីផ្សារនាំចេញរបស់ឡាវ រួមមានចិន វៀតណាម និងថៃ ហើយពាណិជ្ជករឡាវក៏បាននាំចូលទំនិញផ្សេងៗពីប្រជាជាជាតិទាំងនេះផងដែរ គ្រាន់តែថៃច្រើនជាងគេ បន្ទាប់មកគឺចិន និងវៀតណាម៕
ដោយៈ សរ សុជាតិ