គម្រោងសិក្សាផ្លូវដែកនេះ ត្រូវបានគេស្គាល់ឈ្មោះថា គម្រោងផ្លូវដែកឡាវ-វៀតណាម (LVRP) ដែលជាការតភ្ជាប់ផ្លូវដែកតែមួយរវាងប្រទេសឡាវ និងប្រទេសវៀតណាម ហើយគម្រោងផ្លូវដែករថភ្លើងអគ្គិសនីល្បឿនលឿននេះ គ្រោងនឹងចំណាយថវិកា ៥ ពាន់លានដុល្លារដែលនឹងមានចម្ងាយរត់ប្រហែល ៤៥២ គីឡូម៉ែត្រ។
ក្នុងដំណាក់កាលដំបូង ផ្លូវរថភ្លើងនេះ នឹងតភ្ជាប់ទីក្រុងថាខេក ក្នុងខេត្តកាមឿនប្រទេសឡាវទៅកាន់កំពង់ផែសមុទ្រវុងអាង (Vung Ang) នៅក្នុងប្រទេសវៀតណាមដែលមានចម្ងាយប្រហែលជាង ១៣៩ គីឡូម៉ែត្រ។ បន្ទាប់មកនៅដំណាក់កាលទី២នឹងតភ្ជាប់ផ្លូវរថភ្លើងនេះពីក្រុងថាខេកទៅកាន់រដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវក្នុងចម្ងាយផ្លូវ ៣១២ គីឡូម៉ែត្រថែមទៀត។
អនុស្សរណៈយោគយល់គ្នា លើការសិក្សាគម្រោងផ្លូវរថភ្លើងថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី ខាំឆាញ វង់សេណេប៊ុន អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគឡាវ និងលោក វៀង ខន សិទ្ធីសាយ អនុប្រធានក្រុមហ៊ុន PetroTrade នៅក្រោមវត្តមានមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។
លោក វៀងខូន សិទ្ធីសាយ (Viengkhone Sitthixay) បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា ក្រុមហ៊ុនរបស់លោកបានទទួលការជឿទុកចិត្តពីរដ្ឋាភិបាលឡាវក្នុងការវិនិយោគ និងអភិវឌ្ឍន៍គម្រោងមួយចំនួន។
លោក សិទ្ធីសាយ បានបន្តថា គោលបំណងរួមនៃគម្រោងនេះគឺដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានផ្លូវសមុទ្រទៅជាប្រទេសមានតំណភ្ជាប់ផ្លូវគោក។
គម្រោងផ្លូវដែកឡាវ-វៀតណាម ដែលគេកំពុងពិចារណាតាំងពីឆ្នាំ២០១៥មកនោះ នឹងអនុញ្ញាតឱ្យមានសមាហរណកម្មការផ្គត់ផ្គង់ភ័ស្តុភាររវាងឡាវ និងវៀតណាម ដែលជាផ្នែកមួយនៃគម្រោងតភ្ជាប់ភ័ស្តុភារឡាវ (LLL) តាមរយៈការតភ្ជាប់កំពង់ផែសមុទ្រវង់អាង ជាមួយផ្លូវដែកឡាវ-វៀតណាម កំពង់ផែស្ងួតថាណាឡេង (Thanaleng) និងមជ្ឈមណ្ឌលភ័ស្តុភារក្រុងវៀងចន្ទន៍។
តាមរយៈការតភ្ជាប់ទៅកាន់មជ្ឈមណ្ឌលភ័ស្តុភារនៅទីក្រុងវៀងចន្ទន៍នោះ ផ្លូវដែកថ្មីនេះក៏នឹងអនុញ្ញាតឱ្យមានទំនាក់ទំនងដឹកជញ្ជូន និងការដឹកជញ្ជូនកាន់តែជិតរវាងប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសចិនផងដែរ។
ក្រុមហ៊ុនប្រេង PetroTrade បាននិយាយថា ក្រុមហ៊ុននេះនឹងជួលក្រុមហ៊ុនប្រឹក្សាយោបល់ឯករាជ្យក្នុងស្រុក និងអន្តរជាតិឱ្យអមដោយនាយកដ្ឋានរដ្ឋាភិបាលពាក់ព័ន្ធដើម្បីអនុវត្តការងារនេះ ដែលត្រូវបានគេរំពឹងថានឹងបញ្ចប់រួចរាល់ និងអនុម័តក្នុងរយៈពេល ២៤ ខែខាងមុខទៀត៕
អត្ថបទ៖ សុខ ជា