លោក ហោ ស៊ីមលាង អគ្គនាយកក្រុមហ៊ុន SLN Meat Supplies PTY Ltd បានប្រកាសតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃ២២ តុលា ២០១៨ ថា «ក្រោមការគ្រប់គ្រងចាត់ចែងរបស់ក្រុមឯកទេសថ្មី និងថវិកាគ្រប់គ្រាន់ ក្រុមហ៊ុនយើងខ្ញុំនឹងដំណើរការឡើងវិញនៅដើមឆ្នាំ២០១៩»។
នៅក្នុងការប្រកាសរបស់លោក ហោ ស៊ីមលាង ក៏បានបន្ថែមទៀតដែរថា ក្រៅពីការលក់សាច់គោ (គោអូស្ត្រាលី) ក្រុមហ៊ុនក៏នឹងមានលក់គោរស់ដល់ក្រុមហ៊ុនដទៃទៀតផងដែរ។
គួររំឭកថា កាលពីប្រមាណជាជាងមួយឆ្នាំមុន ទីសត្តឃាតគោអូស្រ្តាលីដ៏ធំជាងគេមួយនៅក្នុងតំបន់អាស៊ី ដែលមានមូលដ្ឋានរោងចក្រកែច្នៃសាច់នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា បានបិទដំណើរការដោយស្ងាត់ស្ងៀម ដោយកាលនោះគេសង្ស័យថា បណ្ដាលមកពីមូលហេតុក្ស័យធន។
នៅទីសត្តឃាតធំជាងគេនៅក្នុងតំបន់អាស៊ីមួយនេះ ដែលវិនិយោគដោយក្រុមហ៊ុន SLN Meat Supplies Pty Ltd របស់អាណិកជនខ្មែរអូស្ត្រាលីមួយរូប បានធ្វើការវិនិយោគសាងសង់រោងចក្រនិងខ្សែសង្វាក់ផលិតកម្មចំនួន៣ នៅលើផ្ទៃដី ១០០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ ទើបតែបាននាំចូលគោពីប្រទេសអូស្ត្រាលី ១កប៉ាល់ ជាលើកដំបូងចំនួន ២៧៦១ក្បាល។
ប្រសិនបើក្រុមហ៊ុនទីសត្តឃាតគោអូស្ត្រាលីដ៏ធំជាងគេបំផុតនៅស្រុកខ្មែរ នឹងបើកទ្វារឡើងវិញ ដូចការប្រកាសរបស់អគ្គនាយកក្រុមហ៊ុននេះមែន គេរំពឹងថា ក្រុមហ៊ុននឹងជួយបង្កើតការងារធ្វើដល់ប្រជាជនក្នុងស្រុកជាច្រើននាក់ និងបំពេញសេចក្ដីត្រូវការផ្នែកសាច់គោអូស្ត្រាលីដល់ទីផ្សារក្នុងស្រុក ដោយមិនចាំបាច់នាំចូលសាច់គោអូស្ត្រាលីពីប្រទេសក្រៅនោះឡើយ៕