ការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរូបនេះធ្វើឡើងក្រោមការចូលរួមធ្វើជាសក្ខីកម្មពីថ្នាក់ដឹកនាំមកពីជាង៣០ប្រទេសរួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ក្រោយឡើងកាន់តំណែងជាផ្លូវការលោក ប្រាបូវូ បានពង្រីកគណរដ្ឋមន្រ្តីដល់ទៅ៤៨រូប ខណៈរដ្ឋបាលមុនមានរដ្ឋមន្រ្តីត្រឹម៣៤រូបប៉ុណ្ណោះ។ បេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
មេដឹកនាំឥណ្ឌូណេស៊ីថ្មីលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានប្រកាសពីបញ្ជីគណៈរដ្ឋមន្ត្រីរបស់លោកកាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មមុន ដោយរក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចសំខាន់ៗក្រោមការដឹកនាំរបស់លោក វីដូដូ រួមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ គឺលោកស្រី ស្រ៊ី មូលួយ៉ានី អ៊ិនដ្រាវ៉ាទី (Sri Mulyani Indrawati)។ លោក ប្រាបូវូ ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិបានតែងតាំងគណៈរដ្ឋមន្ត្រីដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ នៅប៉ុន្មានម៉ោងបន្ទាប់ពីលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីនៃប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅអាស៊ាន និងលំដាប់ទី៤នៅលើពិភពលោក។
ក្នុងនោះលោក ប្រាបូវូ បានពង្រីកសមាសភាពរដ្ឋមន្ត្រីឡើងដល់៤៨រូប និងអនុរដ្ឋមន្ត្រី៥៨រូប ខណៈកាលពីរដ្ឋបាលមុនក្រោមការដឹកនាំរបស់លោក ចូកូ វីដូដូ ដែលទើបចប់អាណត្តិមានរដ្ឋមន្ត្រីចំនួន៣៤រូប និងអនុរដ្ឋមន្ត្រីប្រមាណ៣០រូប។ នៅក្នុងពេលជាមួយគ្នានេះ លោក ប្រាបូវូ ក៏បានតែងតាំងប្រធានទីភ្នាក់ងារថ្មីចំនួន៥ផងដែរ រួមមានប្រធានក្រុមការងារលេខាធិកាដ្ឋានការិយាល័យប្រធានាធិបតី និងអគ្គមេធាវី។
សមាជិកគណៈរដ្ឋមន្ត្រីថ្មីត្រូវបានកោះហៅទៅកាន់គេហដ្ឋានរបស់លោក ប្រាបូវូ កាលពីសប្តាហ៍មុន ដោយផ្តល់តម្រុយជាសាធារណៈថា ពួកគេនឹងចូលរួមបម្រើប្រជាពលរដ្ឋក្រោមការគ្រប់គ្រងរបស់លោក។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ការតែងតាំងរដ្ឋមន្ត្រីសេដ្ឋកិច្ចជាច្រើននាក់ឡើងវិញនេះ បានបង្ហាញពីក្តីបារម្ភរបស់លោកចំពោះបញ្ហាសេដ្ឋកិច្ច។ សម្រាប់អ្នកវិភាគ បញ្ហាប្រឈម ឧបសគ្គ និងការគំរាមកំហែងដែលប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈម ចំពេលមានភាពចលាចលជាសកលមិនមែនជាបញ្ហាស្រាលនោះទេ។
ទីភ្នាក់ងារព័ត៌មានអង់តារ៉ារបស់ប្រទេសនេះ បានរាយការណ៍ថា ពិធីស្បថចូលកាន់តំណែងនេះបានប្រារព្ធឡើងយ៉ាងអធិកអធមដោយមានឥស្សរជនមកពីប្រទេសជាមិត្តរហូតដល់៣៣បានចូលរួមធ្វើជាសាក្សី។លោក អាមេត មូហ្សានី (Ahmad Muzani) ប្រធានសភាប្រឹក្សាប្រជាជនបានចាត់ទុកការចូលរួមរបស់ឥស្សរជនមកពីបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនា និងប្រទេសជាមិត្តដទៃទៀតរួមទាំងឧបនាយករដ្ឋមន្រ្តីរុស្ស៊ី គឺជាការបង្ហាញពីការគោរពដ៏អស្ចារ្យសម្រាប់ប្រទេសឥណ្ឌូនេស៊ី៕
ដោយៈ សរ សុជាតិ