ត្រូវបានគេស្គាល់ថា គឺជាអតីតដៃគូជំនិតរបស់ប្រធានាធិបតីចិនលោកស៊ី ជិនពីង និងដែលបានចូលនិវត្តន៍ពីតំណែងកំពូលទីពីររបស់ប្រទេសចិន ពោលគឺជានាយករដ្ឋមន្ត្រីកាលពីដប់ខែមុននេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថា អំឡុងស្នាក់នៅទីក្រុងសៀងហៃប៉ុន្មានថ្ងៃមកនេះ លោក Li Keqiang បានបាត់បង់ជីវិតនៅពាក់កណ្តាលអាទ្រាធថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ដោយសារជំងឺគាំងបេះដូងកើតឡើងភ្លាមៗ និងមិនអាចសង្គ្រោះបាន។
លោក Li Keqiang បានក្លាយជានាយករដ្ឋមន្ត្រីចិនកាលពីឆ្នាំ២០១៣ និងបានកាន់តំណែងកំពូលទីពីររបស់ប្រទេសដល់ទៅដប់ឆ្នាំ មុននឹងលាឈប់កាលពីខែឧសភាឆ្នាំនេះ។ ជាកូនកើតក្នុងវណ្ណៈក្រីក្រក្នុងខេត្ត Anhui និងមានឱពុកជាមន្ត្រី លោកលីបានឡើងតំណែងជាលំដាប់ក្នុងសម្ព័ន្ធយុវជនបក្សកុម្មុយនិស្តចិន។ នៅឆ្នាំ១៩៩៨ លោកលីបានក្លាយជាអភិបាលខេត្តវ័យក្មេងបំផុតរបស់ប្រទេសចិនប្រចាំនៅខេត្ត Henan និងក្រោយមកក្លាយជាលេខាធិការបក្ស។ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Wen Jiabao ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៣ ដោយមើលការខុសត្រូវលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស។
លោក Li Keqiang ធ្លាប់ត្រូវបានគេមើលឃើញអាចក្លាយជាអ្នកស្នងតំណែងលោក Hu Jintao ជាប្រធានាធិបតីចិន ប៉ុន្តែក្រោយមកបក្សកុម្មុយនិស្តបានជ្រើសរើសលោកស៊ី ជិនពីងនៅក្នុងឆ្នាំ២០១២។ ក្នុងឆ្នាំ២០២០ លោកលីបានធ្វើអត្ថាធិប្បាយជាសាធារណៈថា ប្រជាជនចិនជាង ៦០០លាននាក់រកកម្រៃបានតិចជាង១៤០ដុល្លារក្នុងមួយខែ ដែលបានធ្វើឱ្យមានជជែកដេញដោលយ៉ាងខ្លាំងអំពីភាពក្រីក្រ និងវិសមភាពប្រាក់ចំណូលក្នុងប្រទេសចិន។ លោកត្រូវបានគេមើលឃើញថា គឺជាអ្នកកំណែទម្រង់និយម និងចង់បើកចំហរប្រទេសចិនឱ្យកាន់តែធំបន្ថែមទៀតទៅកាន់ពិភពលោក ខុសពីលោកស៊ី ជិនពីងដែលផ្តល់អាទិភាពដល់កម្មសិទ្ធិរដ្ឋ និងបទបញ្ញត្តិតឹងរ៉ឹង។
ការទទួលមរណភាពរបស់លោក លី ខឺឈាងនេះ ក៏ត្រូវបានគេមើលឃើញថា គឺកើតឡើងចំពេលដែលប្រទេសចិនកំពុងមានស្ថានភាពសេដ្ឋកិច្ចមិនសូវល្អនោះឡើយ ខណៈដែលថ្មីៗនេះរដ្ឋាភិបាលដែលដឹកនាំដោយលោកស៊ី ជីនពីង ក៏បានរុះរើក្បាលម៉ាស៊ីនដឹកនាំជាច្រើនផងដែរ៕