បើតាម លោក Ung Malar កន្លងមកគម្រោងនេះ បានសិក្សានៅលើខេត្តចំនួន៣ រួមមាន៖ ខេត្តព្រៃវែង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ហើយផ្តោតលើភូមិចំនួន៩០ (ក្នុងមួយខេត្ត៣០ភូមិ) និងមានប្រព័ន្ធស្រោចស្រពដែលអាចគ្របដណ្តប់លើផ្ទៃដីបានរហូតដល់ ១០,៣០០ហិចតា ដោយបានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីអនុវត្តគម្រោងជួយដល់វិស័យស្រូវអង្ករកម្ពុជា។
នៅក្នុងជំនួបនេះ ធ្វើឡើងដើម្បីទទួលបានព័ត៌មានអំពីបច្ចុប្បន្នភាពរបស់វិស័យស្រូវអង្ករកម្ពុជា ដោយលោក មូល សារិទ្ធី ក៏បានជម្រាបជូនអំពីការរីកចម្រើននៃវិស័យស្រូវអង្ករកម្ពុជា ពិសេសការជួយពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់រោងម៉ាស៊ីន និងដល់សហគមន៍កសិកម្ម ព្រោះកន្លងមកខាងសហគមន៍កសិកម្មខ្វះខាតដើមទុនច្រើន ដូចជា ដើមទុនសម្រាប់ការចាប់ផ្តើមធ្វើទំនើបកម្មកសិកម្មបានដោយខ្លួនឯងជាដើម។
សូមបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៨ បរិមាណនាំចេញអង្កររបស់កម្ពុជា សម្រេចបានប្រមាណជាង ១៩ម៉ឺនតោន ទៅកាន់ទីផ្សារទិសដៅ ចំនួន៥៤ ប្រទេស ក្នុងនោះ ចិននៅតែឈរលំដាប់លេខ១ដដែល ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា។ ទោះយ៉ាងណា បើធៀបនឹង ៤ខែដូចគ្នាកាលពីឆ្នាំ២០១៧ ការនាំចេញអង្ករ នៅ៤ខែឆ្នាំនេះ ហាក់មានការថយចុះគួរឲ្យកត់សម្គាល់។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយកាលពេលកន្លងមក។ បើតាមរបាយការណ៍ដដែល ការនាំចេញអង្ករពេញ១ឆ្នាំ២០១៧ មានជាង ៦៣ម៉ឺនតោន ពោលគឺកើនឡើងជាង ១១ម៉ឺនតោន បើធៀបនឹងឆ្នាំ ២០១៦៕