អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីករំពឹងថា មជ្ឈមណ្ឌលនេះ នឹងជួយជំរុញឲ្យវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ ជាពិសេសរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍។
ប្រធានការិយាល័យភាពជាដៃគូរវាងរដ្ឋ និងឯកជននៃនាយកដ្ឋានសហប្រតិបត្តិការភស្តុភារកម្មនៃអគ្គនាយកដ្ឋានភស្តុភារកម្ម លោក លី រតនសម្បត្តិ បានបញ្ចាក់ប្រាប់ខេមបូណូមីសថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មិនបានបង្កឲ្យមានការរាំងស្ទះដល់ការសិក្សាគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនោះទេ ពោលគឺការសិក្សានៅតែបន្តធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ តែយ៉ាងណា ការសិក្សាតាមប្រព័ន្ធអនឡាញវាមិនទាន់គ្រប់គ្រាន់នោះទេ ដែលទាមទារឲ្យក្រុមហ៊ុន YCH របស់សិង្ហបុរី ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសិក្សាលើគម្រោងនេះ ត្រូវមកសិក្សាដោយផ្ទាល់បន្ថែមទៀត។
បើតាមប្រធានការិយាល័យរូបនេះ ក្រុមហ៊ុន YCH អាចនឹងមកសិក្សាចុងក្រោយខ្លួនឯងផ្ទាល់ ប្រសិនបើស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា និងសិង្ហបុរីមានភាពធូរស្បើយ។ មួយវិញទៀត ក្រុមហ៊ុននេះទំនងជាអាចពឹងពាក់ដៃគូនៅប្រទេសកម្ពុជាឲ្យសិក្សាជំនួសខ្លួនក្នុងករណីស្ថានភាពកូវីដ-១៩នៅប្រទេសទាំងពីរមិនអំណោយផលឲ្យខ្លួនអាចមកកាន់កម្ពុជាបាន។ ទោះបីយ៉ោងនេះក្តី មន្ត្រីរូបនេះ បានគូសបញ្ចាក់ថា ការសិក្សាលើគម្រោងនេះគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ នេះ ខណៈវេលាសាងសង់លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផលសិក្សាចេញមកជាមុនសិន។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋាននៃក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់កាលពីពេលកន្លងមកថា ក្រុមហ៊ុន YCH របស់សិង្ហបុរី នឹងបញ្ជូនក្រុមការងារជំនាញឲ្យមកសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មដោយផ្ទាល់ ក្រោយស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្បើយ។ ឯកឧត្តមរំពឹងថា គម្រោងនេះនឹងបញ្ចប់ការសិក្សាក្នុងរយៈពេល៩ខែតាមការគ្រោងទុក មុនឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ការសិក្សា និងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២។
អគ្គនាយកដ្ឋានរូបនេះជឿជាក់ថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងក្លាយជាកន្លែងបែងចែកទំនិញដ៏ធំមួយនៅកម្ពុជា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យការដឹកជញ្ជូនទំនិញទៅកាន់ខេត្តផ្សេងៗកាន់តែមានភាពងាយស្រួល ដ្បិតភ្នំពេញជាចំណុចប្រសព្វជាមួយខេត្តនានា។
ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានមានប្រសាសន៍ថា មជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ មិនគ្រាន់តែជាម៉ូលបែងចែង និងចែកចាយទំនិញ ប៉ុណ្ណោះទេ តែវាជាកន្លែងប្រមូលផ្តុំដោយស្ថាប័នធំៗដូចជាគយ កន្លែងត្រួតពិនិត្យទំនិញ និងស្ថាប័នផ្តល់សេវាកម្មផ្សេងៗ ដែលអាចជួយសម្រួលឲ្យការដឹកជញ្ជូនទំនិញកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន។
មិនខុសគ្នាពីឧកញ៉ា ស៊ិន ចន្ធី នោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញរំពឹងថា ក្រុមហ៊ុន YCH នឹងពាំនាំបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធវិស័យដឹកជញ្ជូននៅប្រទេសសិង្ហបុរី មកអភិវឌ្ឍន៍វិស័យដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ និងទំនើបជាងមុន។ ព្រោះសិង្ហបុរីជាប្រទេសនាំមុខគេមួយលើវិស័យដឹកជញ្ជូននៅក្នុងតំបន់។
គួរបញ្ជាក់ថា មុនកម្ពុជាសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន YCH របស់សិង្ហបុរីសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ កម្ពុជាបានពឹងឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB សិក្សាម្តងរួចមកហើយ។ ក្រោយការសិក្សា ADB អះអាងថា គម្រោងនេះអាចប្រព្រឹត្តទៅបាន ហើយថែមទាំងអាចផ្តល់ប្រាក់ចំណេញដល់ក្រុមហ៊ុនវិនិយោគលើគម្រោងនេះទៀតផង៕