ដ្បិតថា នៅប្រទេសកម្ពុជា បច្ចុប្បន្ន ករណីឆ្លងកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែ គិតមកដល់ពេលនេះ កម្ពុជា ក៏បានរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី អូមីក្រុងចំនួន ៤នាក់ហើយ ដែលជាករណីនាំចូលពីខាងក្រៅប្រទេស។ វត្តមាន អូមីក្រុង គឺជាក្ដីព្រួយបារម្ភមួយរបស់ក្រសួងសុខាភិបាល រួមទាំងប្រជាជនកម្ពុជា ក៏ព្រោះតែ អូមីក្រុង កំពុងវាយលុកស្ទើរតែទូទាំងពិភពលោក ពិសេសទ្វីបអាហ្វ្រិកខាងត្បូង ដែលជាប្រភពនៃការចម្លងវីរុស អូមីក្រុង។
យ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន នៅតែមានក្ដីរំពឹងខ្ពស់ថា កម្ពុជា ពិតជាអាចប្រយុទ្ធប្រឆាំងនូវវីរុសកូវីដ-១៩ ក៏ដូចជា វីរុសបំប្លែងថ្មី អូមីក្រុង និងវីរុស ដទៃទៀត ដោយលោកជំទាវបន្តអំពាវនាវឱ្យប្រជាពលរដ្ឋគោរពតាមវិធានសុខាភិបាល ៣កុំ ៣ការពារ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារពីការវាយលុកធ្ងន់ធ្ងរលើសុខភាព ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ដោយសារជំងឺកូវីដ-១៩។
ជុំវិញបញ្ហា វីរុសបំប្លែងថ្មី អូមីក្រុង នេះដែរ នៅថ្ងៃទី១៨ ខែធ្នូ នាឱកាសអញ្ជើញចូលរួមសម្ពោធ វិមានកីឡដ្ឋាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវជាថ្មីម្ដងទៀត ឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននឹងមេរោគ អូមីក្រុង តែកុំស្លន់ស្លោរ ដោយសម្ដេចបានគូសបញ្ជាក់ថា មកដល់ពេលនេះ ទើបមានម្នាក់ប៉ុណ្ណោះនៅអង់គ្លេស ដែលបានស្លាប់ដោយសារមេរោគបំប្លែងថ្មី អូមីក្រុងនេះ។
យោងតាមរបាយការរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៨ ខែធ្នូ កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ១២ម៉ឺននាក់ ខណៈអ្នកស្លាប់មានប្រមាណ ៣ពាន់នាក់។ ដោយឡែក សន្ទុះនៃការចាក់វ៉ាក់សាំងកូវីដ-១៩ វិញ សម្រេចបានជិត ៨៩ភាគរយ ទៅហើយ នៃប្រជាជនសរុប ១៦លាននាក់៕