លំហូរទឹកក្នុងអាងទន្លេមេគង្គក្រោមបានជួបប្រទះបញ្ហាលំហូរទឹកទាបអស់រយៈពេល ២ឆ្នាំបន្តបន្ទាប់ជាប់គ្នា ហើយរបាយការណ៍ស្ថានការណ៍របស់ MRC បានកំណត់នូវបុព្វហេតុបឋមជាច្រើន ដែលអាចបង្កឲ្យមានលំហូរទឹកទាប និងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំនេះ។
មូលហេតុទាំងនេះ រួមមាន បរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតីដែលបង្កដោយបាតុភូតអាកាសធាតុ អែល នីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយចាប់ពីឆ្នាំ២០១៩ មក និង លំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ។
សេចក្តីប្រកាសព័ត៌មានលេខាធិការដ្ឋាន MRC បាននិយាយដូច្នេះថា៖ «ប្រសិនបើលំហូរទាបនៅតែបន្ត ប្រទេសទាំងបួនគួរតែពិចារណាសំណូមពរឲ្យប្រទេសចិនបង្ហូរ«ទឹកបន្ថែម» ដូចដែលបានអនុវត្តនៅឆ្នាំ២០១៦ ដើម្បីជួយសម្រាលស្ថានភាពក្នុងអាងទន្លេមេគង្គក្រោម ជាពិសេស ក្នុងអំឡុងរដូវប្រាំងខាងមុខនេះ។»
ប្រទេសទាំងបួនដែលស្ថិតនៅផ្នែកខាងក្រោមទន្លេមេគង្គ រួមមាន ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម។
បើយោងតាមរបាយការណ៍ដដែល លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់កម្ពុជាជួបប្រទះ«ស្ថានភាពស្ងួតខ្លាំង» ដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងវិញធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ១៩៩៧ មក។
លោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានអំពាវនាវឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ បង្កើនការចែករំលែកទិន្នន័យនិងព័ត៌មានអំពីប្រតិបត្តិការទំនប់និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាមីប្រទេស ជាមួយនឹង MRC ឲ្យបានរហ័ស និងប្រកបដោយតម្លាភាព។
លោក អាន ពេជ្រហត្ថដា បាននិយាយដូច្នេះថា៖ «វាដល់ពេលហើយ ដែលប្រទេសទាំងអស់ត្រូវអនុវត្តនូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បីប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់។»
របាយការណ៍ដែលមានកម្រាស់ ៣២ទំព័រ បានបង្ហាញថា លំហូរទាបនាពេលបច្ចុប្បន្ន អាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរលើកម្ពុជា ដោយសារការបាត់បង់នូវសក្តានុពលជលផល និងធារាសាស្ត្រ។ ប្រទេសវៀតណាមអាចនឹងជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវលើដីសណ្ត ហើយផលិតផលកសិកម្មក្នុងប្រទេសឡាវនិងថៃ ក៏អាចនឹងរងផលប៉ះពាល់ផងដែរ។ជាពិសេស របាយការណ៍នេះបានបន្ថែមថា អតុល្យភាពអេកូឡូស៊ីអាចនឹងកើតមានដោយសារបម្រែបម្រួលខ្លាំងនៃការកំណត់ពេល ថិរវេលា និងវិសាលភាពនៃការជន់លិចក្នុងបឹងទន្លេសាប និងតំបន់លិចទឹកជុំវិញបឹងនេះ។
ស្ថានភាពបែបនេះអាចនឹងធ្វើឲ្យការបន្តពូជត្រីថយចុះ ដោយសារការបាត់បង់នូវតំបន់លូតលាស់នានា ដែលប៉ះពាល់ដល់ការលូតលាស់នៃមច្ឆា សត្វ និងរុក្ខជាតិក្នុងទឹកដទៃទៀត។ គេព្យាករថា ការធ្លាក់ចុះនៃទិន្នផលត្រីអាចនឹងកើតមានឡើង ដែលបញ្ហានេះនឹងគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់៕