

ការផ្លាស់ប្តូរនាមករណ៍ថ្មីទៅជា ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក គឺជាការរួមបញ្ចូលគ្នានូវគុណវុឌ្ឍិ និងគុណតម្លៃ របស់ក្រុមហ៊ុន លី ហួរ គ្រុប និង ក្រុមហ៊ុន SBI Holdings, Inc. ដើម្បីបន្តពង្រីកសេវាកម្ម និងនាំមកនូវបទពិសោធន៍ថ្មីជូនដល់អតិថិជន។ ការផ្លាស់ប្តូនេះ នឹងនាំមកនូវយុទ្ធសាស្រ្តបង្រួបបង្រួមមួយ ដើម្បីធានាបាននូវភាពងាយស្រួលនៃសេវាកម្ម និងបទពិសោធន៍ថ្មីជូនអតិថិជនកាន់តែប្រសើរជាងមុន។ ដៃគូសហការ និងអតិថិជន អាចទទួលបាននូវការប្ដេជ្ញាចិត្ត ទំនុកចិត្ត និងក្រមសីលធម៌ក្នុងការយកចិត្តទុកដាក់ជាមួយអតិថិជនដោយស្មើភាពគ្នា ដែលធ្លាប់តែដឹងថាមាននៅជាមួយក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ឥឡូវនេះបានបង្កើនសក្ដានុពលពេញដោយសមត្ថភាពនៅជាមួយក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក។
ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ម.ក ប្តេជ្ញាក្នុងការរក្សាបាននូវស្តង់ដារកម្រិតខ្ពស់លើវិជ្ជាជីវៈ សុចរិតភាព និងផ្តោតទៅលើអតិថិជន ដោយការយកចិត្តទុកដាក់ខ្ពស់ លើការផ្តល់ដំណោះស្រាយ និងសេវាកម្មធានារ៉ាប់រងលើសពីការរំពឹងទុក។

អំពីក្រុមហ៊ុន លី ហួរ គ្រុប
ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក គឺជាក្រុមហ៊ុនមួយ របស់ក្រុមហ៊ុន លី ហួរ គ្រុប ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។ ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចុះបញ្ជីក្រោមលេខ ០០០២៧៤១៥ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងដ៏ទូលំទូលាយ ដែលមានកេរិ៍្តឈ្មោះដ៏រឹងមាំ ប្រកបដោយភាពជឿជាក់ និងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់លើភាពពេញចិត្តនៃអតិថិជនរបស់ខ្លួន។
ក្រុមហ៊ុន លី ហួរ គ្រុប នៅតែប្តេជ្ញាចិត្តក្នុងការរក្សាស្តង់ដារសេវាកម្មខ្ពស់ ខណៈពេលដែលក្រុមហ៊ុនកំពុងបន្តស្វែងរកឱកាសថ្មីៗបង្កើនការរីកចម្រើនរបស់ខ្លួន។ ក្រុមហ៊ុន ផ្តោតលើតម្លៃស្នូលនៃសុចរិតភាព នវានុវត្តន៍ និងឧត្តមភាព ស្ថិតនៅក្នុងលំដាប់ឈានមុខ ក្នុងការរក្សាកំណត់ត្រាជោគជ័យរបស់ខ្លួនក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា។ លើសពីនេះទៀត ក្រុមហ៊ុន លី ហួរ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធចម្រុះជាច្រើន ដែលកំពុងមានអាជីវកម្មលើវិស័យផ្សេងៗរួមមាន៖ វិស័យហិរញ្ញវត្ថុ ការអភិវឌ្ឍន៍អចលនទ្រព្យ កសិកម្ម និងវិស័យផ្សេងៗទៀត។ ជាមួយនឹងវិសាលភាពនៃអាជីវកម្មដ៏ធំទូលំទូលាយនេះ អនុញ្ញាតឱ្យបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមជាចំណែកស្ទើរគ្រប់វិស័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

អំពីក្រុមហ៊ុន SBI Holdings, Inc.
ក្រុមហ៊ុន SBI Holdings, Inc. ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ ចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនតូក្យូ។ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបច្ចុប្បន្ននេះមានក្រុមហ៊ុន សរុបប្រមាណ ៦៥០ក្រុមហ៊ុនទូទាំង២៥ប្រទេសនៅក្នុងតំបន់ និងទូទាំងសកលលោក។ ក្រុមហ៊ុនបាននិងកំពុង ប្រតិបត្តិការអាជីវកម្មជាសកលនៅក្នុងផ្នែកសំខាន់ៗមួយចំនួនដូចជា សេវាកម្មហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម អាជីវកម្មទាក់ទងនឹងជីវបច្ចេកវិទ្យា និងអាជីវកម្មផ្សេងទៀត។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនមានទ្រព្យសកម្មសរុបចំនួន ១៧៩.២៦ ពាន់លានដុលារអាមេរិក ចំណូលសរុបចំនួន ៨ ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនកំពុងកសាងសាជីវកម្មដ៏រឹងមាំមួយ ដោយបន្តនិងអនុវត្ត "កិច្ចសហការគ្នា" តាមរយៈការប្រើប្រាស់ធនធានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការសហការគ្នាទៅវិញទៅមក ដោយចំណេះដឹងនិងជំនាញនៅក្នុងអាជីវកម្មក្រុមហ៊ុន។














