លោក ចេបហ្វ្រី ឃាង (Jeffrey Kiang) អ្នកវិភាគនៅក្រុមហ៊ុនឈ្មួញជើងសា CLSA បានលើកឡើងថា ទីក្រុងល្បែងម៉ាកាវ រំពឹងទទួលបានប្រាក់ចំណូលកាស៊ីណូសរុប (GGR) ដល់ទៅប្រមាណ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ហើយសម្រាប់ឆ្នាំ២០២៥ ប្រាក់ចំណូលកាស៊ីណូសរុប (GGR) អាចឈានដល់៨៩%នៃកម្រិតក្នុង២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ប្រាក់ចំណូលកាស៊ីណូសរុប (GGR) សម្រាប់ឆ្នាំ២០២៤ ចំនួន២៩,២ពាន់លានដុល្លារអាម៉េរិក នេះនឹងតំណាងឱ្យកំណើនជិត៣០% បើធៀបនឹងប្រាក់ចំណូលកាស៊ីណូសរុប (GGR) ជិត២៣ពាន់លានដុល្លារអាម៉េរិក សម្រាប់រយៈពេញមួយឆ្នាំ២០២៣។
លោក ចេបហ្វ្រី ឃាង (Jeffrey Kiang) បានកត់សម្គាល់ថា ភាគច្រើននៃកំណើនប្រាក់ចំណូលប្រចាំឆ្នាំ២០២៤ ទំនងជាសម្រេចបានក្នុងឆមាសទី១ ដើមឆ្នាំនេះ ខណៈចំនួនភ្ញៀវចិនដីគោក ដែលជាប្រភពចំណូលដ៏សំខាន់បំផុតសម្រាប់ពាណិជ្ជកម្មល្បែងកាស៊ីណូ និងបដិសណ្ឋារកិច្ចរបស់ក្រុងម៉ាកាវ ត្រូវបានរំពឹងថានឹងបន្តដំណើរឆ្ពោះទៅរកប្រក្រតីភាពដូចមុនវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩។
អ្នកវិភាគរូបនេះបានកត់សម្គាល់ទៀតថា បើតាមការគណនា ឆមាសទី១ ដើមឆ្នាំ២០២៣ នៅតែជាមូលដ្ឋានទាបសម្រាប់ប្រាក់ចំណូលកាស៊ីណូសរុប (GGR) របស់ក្រុងម៉ាកាវ ព្រោះទីក្រុងល្បែងមួយនេះត្រូវការពេលវេលាដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម និងការបង្កើនសមត្ថភាពដឹកជញ្ជូនពីចិនដីគោក៕
អត្ថបទ៖ សុខ ជា