ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ សប្តាហ៍មុន នៅទីក្រុងហូជីមិញ លោក ដាវ មិញ ទូ (Dao Minch Tu) ទេសាភិបាលរងនៃធនាគារកណ្ដាលវៀតណាម (SBV) បានប្រកាសថា ធនាគារកណ្តាលវៀតណាម នឹងពិនិត្យតាមដានគ្រឹះស្ថានហិរញ្ញវត្ថុណា ដែលអនុវត្តគោលការណ៍ខុសគ្នាខ្លាំងរវាងអត្រាការប្រាក់លើប្រាក់បញ្ញើ និងអត្រាការប្រាក់លើកម្ចីឥណទាន ហើយថា នេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់ធនាគារកណ្ដាលវៀតណាម ដើម្បីគាំដល់អាជីវកម្មនានាឱ្យទទួលបានដើមទុនមានសុវត្ថិភាព។
ធនាគារកណ្ដាលវៀតណាម បានចេញសារាចរណ៍ណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានាផ្ដល់កម្ចីឥណទានមានសុវត្ថិភាព និងសុខភាពល្អ ដើម្បីធានាបានថា កំណើនកម្ចីឥណទានស្របគ្នាទៅនឹងសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ពួកគេ។
លោក ដាវ មិញ ទូ (Dao Minch Tu) បានគូសបញ្ជាក់ថា គ្រឹះស្ថានហិរញ្ញវត្ថុនានាត្រូវបានកំណត់ឱ្យផ្ដល់កម្ចីឥណទានមិនឱ្យលើសពី១៥%ឡើយក្នុងមួយឆ្នាំ។ ធនាគារកណ្តាលវៀតណាម នឹងបន្តតាមដានស្ថានការណ៍វិវត្តរបស់ទីផ្សារយ៉ាងយកចិត្តទុកដាក់ និងត្រៀមបង្កើនកម្រិតកំណត់ឥណទានបន្ថែមទៀតឱ្យបានទាន់ពេលវេលា និងសមស្រប ធ្វើយ៉ាងណាឱ្យមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់។
កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម បានណែនាំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានារៀបចំលក្ខខណ្ឌសងប្រាក់ឡើងវិញ និងពន្យារពេលសងបំណុលសម្រាប់អាជីវកម្មនានារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះ។
លោក ដាវ មិញ ទូ (Dao Minch Tu) បានបន្ថែមថា ធនាគារកណ្ដាលវៀតណាម បានស្នើឱ្យរដ្ឋាភិបាលវៀតណាម ពន្យារពេលសងកម្ចីរយៈពេល៦ខែបន្ថែមទៀត។ លើសពីនេះ ធនាគារកណ្ដាលវៀតណាម បានអនុវត្តវិធានការផ្សេងៗដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីផលិតកម្ម និងអាជីវកម្មដូចជាការបញ្ចុះអត្រាការប្រាក់ និងការរៀបចំកម្មវិធីឥណទានសម្រាប់វិស័យអាទិភាពនានាជាដើម៕
ដោយ: តែម សុខុម