ក្រុមហ៊ុនផលិតកង់ដ៏ធំមួយរបស់ចិន XDS Bicycle ដែលកំពុងមានការវិនិយោគនៅកម្ពុជា បានបង្ហាញឆន្ទៈបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកខ្សែច្រវាក់ផលិតរបស់ខ្លួននៅក្រុងបាវិត ខេត្តស្វាយរៀង ឲ្យឈានដល់កម្រិតស្មើនឹងទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងស៊ិនជិន ប្រទេសចិន។ ការបង្ហាញពីមហិច្ឆតាពង្រីកផលិតកម្មរបស់ខ្លួននេះធ្វើឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងអំឡុងពេលឯកឧត្តមធ្វើទស្សនកិច្ចនៅក្រុមហ៊ុននេះ នៅក្នុងទីក្រុងស៊ិនជិន ប្រទេសចិន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះថ្នាក់ដឹកនាំក្រុមហ៊ុន XDS ក៏បានថ្លែងអំណរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។
ទន្ទឹមនឹងអរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា និងបានផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើ លើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជំរុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា សំដៅប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមបានផ្តួចផ្តើមគំនិតឱ្យមានការរៀបចំការជិះកង់របស់ក្រុមហ៊ុន XDS នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីការវិនិយោគរបស់ក្រុមហ៊ុន XDS នៅកម្ពុជា, ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា, ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និងដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរជាដើម។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយ និងចក្ខុវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមហ៊ុនឱ្យជ្រាបកាន់តែច្បាស់។ ពិសេសជាងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ចាក់បន្ថែមផងដែរថា វិស័យបច្ចេកវិទ្យាឌីជីថល បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈផ្តល់ការលើកទឹកចិត្តជាពិសេសដល់វិនិយោគិនដែលធ្វើការវិនិយោគលើវិស័យនេះក្នុងព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តខ្ពស់ឱ្យក្រុមហ៊ុន Huawei បង្កើតខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ ផងដែរ៕