វិស័យ​ការពារជាតិ

តើកម្ពុជា ​គួរប្រើខែលយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីឆ្លើយតប​នឹង​ការរំលោភបំពានរបស់យោធាថៃ ក្រៅពីការដាក់លិខិតតវ៉ា?


ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្ដៅជាថ្មី បន្ទាប់ពីមានសកម្មភាពរំលោភបំពាន និងការធ្វើទុក្ខបុកម្នេញពីសំណាក់យោធាថៃ និងគំរាមកំហែងបង្កសង្គ្រាមជាថ្មី។ ទោះបីកម្ពុជា បានដាក់លិខិតតវ៉ាជាផ្លូវការរួចហើយក្តី ប៉ុន្តែក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយយល់ឃើញថា កម្ពុជា មិនត្រូវផ្អែកតែលើផ្លូវការទូតមួយមុខនោះទេ ពោលគឺ ត្រូវពង្រឹងសមត្ថភាពការពារជាតិ ធ្វើស្វ័យគ្របដណ្តប់ផ្នែកសេដ្ឋកិច្ច និងរួបរួមសាមគ្គីផ្ទៃក្នុង ដែលជាអាវុធដ៏មានប្រសិទ្ធភាពបំផុត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ថៃ។
វិស័យ​ការពារជាតិ
ដោយ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានចាត់ទុកសកម្មភាពធ្វើទុក្ខបុកម្នេញរបស់យោធាថៃ នៅមួយរយៈចុងក្រោយនេះថា ជាសញ្ញាមួយ ដែលទាមទារឱ្យកម្ពុជា ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះថៃ មិនត្រឹមតែចង់បានទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់លេបត្របាក់ទាំងវប្បធម៌ និងអរិយធម៌ខ្មែរថែមទៀតផង។ ជាមួយគ្នានេះអ្នកជំនាញរូបនេះជំរុញឱ្យកម្ពុជា ត្រូវពង្រឹងភាពធន់នៃសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ផលិតផលក្នុងស្រុក ដើម្បីកាត់ផ្តាច់ឥទ្ធិពលទំនិញថៃ និងការធ្វើកំណែទម្រង់ធនធានមនុស្សរយៈពេលវែង ដើម្បីធានាបាននូវកម្លាំងការពារជាតិ ដ៏រឹងមាំ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងនូវយុទ្ធសាស្ត្រខែលការពារ៣ស្រទាប់ ដែលកម្ពុជា គួរអនុវត្តក្រៅពីការដាក់លិខិតតវ៉ា ក្នុងនោះ កម្ពុជា ត្រូវពង្រឹងសមត្ថភាពយោធា និងត្រៀមលក្ខណៈការពារឱ្យបានខ្ពស់បំផុតនៅតាមចំណុចក្តៅ។ មួយវិញទៀត កម្ពុជា ត្រូវប្រើប្រាស់បច្ចេកវិទ្យាថតរូបភាព និងវីដេអូពីសកម្មភាពរំលោភបំពាន ដើម្បីផ្សព្វផ្សាយទៅកាន់អន្តរជាតិ ឱ្យបានទូលំទូលាយ និងត្រូវប្រើយុទ្ធសាស្ត្រខ្ទប់ដង្ហើមសេដ្ឋកិច្ចតាមរយៈកាត់បន្ថយការពឹងផ្អែកលើទីផ្សារថៃ ទាំងស្រុង ដែលវានឹងក្លាយជាសម្ពាធត្រឡប់ទៅរកទីក្រុងបាងកកវិញ។ ជាមួយគ្នានេះអ្នកជំនាញរូបនេះមើលឃើញថា ថៃ កំពុងព្រួយបារម្ភពាក់ព័ន្ធនឹងភាពស្និតស្នាលរវាងកម្ពុជាជាមួយអាម៉េរិក ព្រោះតាមរយៈនេះ ថៃនឹងបកទៅនៅខាងចិន ប្រសិនបើអាម៉េរិក មិននៅខាងខ្លួនទេនោះ។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម ជឿជាក់ថា ថៃនឹងមិនបោះបង់ចោលគំនិតចង់លេបត្របាក់យកទឹកដីកម្ពុជា ឡើយ ខណៈបញ្ហាព្រំដែនហាក់ស្ងាត់កាលពីកន្លងមកនេះដោយសារតែថៃ ជាប់ដៃរៀបចំការបោះឆ្នោតតែប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញរូបនេះ ទោះបីជាប្រទេសថៃ ធ្វើទុកបុកម្នេញនៅតាមព្រំដែនយ៉ាងណាក្ដី ក៏ហាក់មិនមានសញ្ញាណាមួយបង្ហាញថា អាចមានសង្គ្រាមជុំទី៣ទៀតនោះទេ ពីព្រោះសេដ្ឋកិច្ចថៃ កំពុងធ្លាក់ចុះដុនដាប និងត្រូវប្រញាប់ស្ដារឡើងវិញ គួបផ្សំមានមហាអំណាចចិន កំពុងចូលរួមសម្របសម្រួលផងនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កម្ពុជា បានដាក់លិខិតតវ៉ាប្រឆាំងនឹងយោធាថៃ ដែលបានឈ្លានពានសាងសង់ប៉ុស្តិ៍យាម លេណដ្ឋាន និងឈូសឆាយដីដោយខុសច្បាប់ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដាច់អហង្ការថា មិនទទួលយកជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ដែលថៃ អះអាងដោយឯកតោភាគី និងត្រៀមខ្លួនជានិច្ច ដើម្បីការពាររាល់ការរំលោភបំពានលើបូរណភាពទឹកដីរបស់ខ្លួន៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការផ្ទុះករណីទិញងាយ-លក់ពិបាក អាចរុញច្រានទីផ្សារពេជ្រកម្ពុជា ឱ្យប្រឈមនឹងហានិភ័យយ៉ាងណាខ្លះ?

​​រឿងរ៉ាវអ្នកទិញពេជ្រម្នាក់បានត្អូញត្អែរក្រោយហាងពេជ្រមួយកន្លែងបានពន្យារពេល និងបដិសេធមិនព្រមទិញគ្រឿងពេជ្រត្រឡប់ទៅវិញតាមកិច្ចសន្យាថ្មីៗនេះ បាន…

លោក ត្រាំ ប្រកាសពន្យារពេលបទឈប់បាញ់ ខណៈអ៊ីរ៉ង់ ចំអកថានេះគ្រាន់តែជាល្បិចត្រៀមវាយប្រហារមិនឱ្យដឹងខ្លួនមុន

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចប្រកាសពន្យារពេលបទឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់ ដោយគ្មានកាលកំណត់។លោក ត្រាំ បានគូសបញ្ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ