
រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក ហ្សារុល អាហ្ស៊ីស (Zafrul Aziz) បាននិយាយកាលពីដើមសប្តាហ៍នេះថា តម្រូវការតំបន់សេដ្ឋកិច្ចពិសេសចូហ័រ-សិង្ហបុរី និងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសជិតខាងទាំងពីរនាពេលនេះ កាន់តែ សំខាន់ខ្លាំងជាងពេលណាៗទាំងអស់។
រដ្ឋមន្ត្រីរូបនេះ បានលើកឡើងអំឡុងសុន្ទរកថារបស់លោកនៅឯវេទិកាធុរកិច្ច និងការវិនិយោគរួមគ្នានៅរដ្ឋចូហ័រ ប្រទេសម៉ាឡេស៊ី ថា គោលនយោបាយសេដ្ឋកិច្ចដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាម៉េរិក លើពាណិជ្ជកម្មពិភពលោកជាសារដាស់តឿនថា ពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាទាំងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលប្រទេសទាំងពីរចាំបាច់ត្រូវធ្វើកំណែទម្រង់ជាបន្ទាន់។
លោកបានគូសបញ្ជាក់ថា តម្រួវការតំបន់សេដ្ឋកិច្ចពិសេសចូហ័រ-សិង្ហបុរី និងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំរវាងប្រទេសជិតខាងទាំងពីរនាពេលនេះ កាន់តែ សំខាន់ជាងពេលណាៗទាំងអស់។
សូមបញ្ជាក់ថា កាលពីខែមករា ដើមឆ្នាំ២០២៥ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាជាផ្លូវការដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាខាងលើនេះក្នុងគោលបំណងបង្កើតឧស្សាហកម្មដែលមានតម្លៃខ្ពស់ដូចជាការថែទាំសុខភាព និងការផលិតបន្ទះឈីបជាដើម ដែលពួកគេសង្ឃឹមថា នឹងផ្តល់ផលប្រយោជន៍ធំដល់ប្រជាជាតិទាំងពីរ។
ការវិនិយោគថ្មីៗនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាដែលគ្របដណ្តប់លើផ្ទៃដីរហូតដល់ទៅ៣,៥៧១គីឡូម៉ែត្រការ៉េនេះ នឹងទទួលបានការលើកទឹកចិត្តដូចជា ការបន្ធូរបន្ថយពន្ធជាដើមដោយផ្អែកលើលក្ខខណ្ឌជាក់លាក់ ដែលកំណត់ដោយប្រទេសម៉ាឡេស៊ី។ ក្រោមលក្ខខណ្ឌនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នានេះ គឺក្រុមហ៊ុននានា ដែលមកពីជុំវិញពិភពលោកត្រូវបោះមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី សម្រាប់កិច្ចការស្រាវជ្រាវ និងការដំណើរការអាជីវកម្ម ខណៈដែលការផលិត និងភស្ដុភារកម្មត្រូវធ្វើឡើងនៅក្នុងរដ្ឋចូហ័រ (Johor) ប្រទេសម៉ាឡេស៊ី។
អភិបាលរដ្ឋចូហ័រ (Johor) លោក អុន ហាហ្វីស ហ្គាហ្ស៊ី (Onn Hafiz Ghazi) បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសរួមគ្នាខាងលើនេះទទួលបានការគម្រោងវិនិយោគក្នុងទំហំ៦,៤ពាន់លានដុល្លារ ដែលត្រូវបានអនុម័តរួចហើយកាលពីដើមឆ្នាំ២០២៥ នេះ ហើយរំពឹងថា នឹងទទួលបានប្រមាណ៥,៣ពាន់លានដុល្លារបន្ថែមទៀតនៅខែមេសា នេះ៕
ដោយ: តែម សុខុម