ប្រភពព័ត៌មានបានឲ្យដឹងថា តាមការសិក្សា ប្រជាជនម៉ាឡេស៊ី គឺមានជំងឺលើសទម្ងន់ច្រើនជាងគេ បើធៀបនឹងប្រជាជនក្នុងតំបន់អាស៊ាន ពោលគឺ ម៉ាឡេស៊ី មានប្រជាជនជិតពាក់កណ្ដាលទៅហើយ កំពុងមានជំងឺលើសទម្ងន់ ឬហៅថាធាត់ខ្លាំង។ កម្រិតនៃអ្នកកើតជំងឺលើសទម្ងន់នេះ ត្រូវបានកើនឡើងពី ១៨% ទៅដល់ជាង ៣០០% នៅក្នុងរយៈពេល ពីរទសវត្សរ៍មកនេះ។
បញ្ហាទាំងនេះ បាននាំមកនូវផលវិបាកយ៉ាងខ្លាំងចំពោះសុខភាពរបស់ប្រជាពលរដ្ឋម៉ាឡេស៊ី ដោយសារតែ មានប្រមាណ ៨% នៃប្រជាជនពេញវ័យ នៃប្រទេសនេះ កំពុងរងគ្រោះដោយសារជំងឺទឹកនោមផ្អែម ខណៈដែលការធាត់ហួសហេតុ ក៏អាចនឹងបង្ករឲ្យមានជំងឺលើសឈាម និងដាច់សរសៃឈាមខួក្បាល និងស្ថានភាពធ្ងន់ធ្ងរផ្សេងៗជាច្រើនទៀត។
ដើម្បីទប់ទល់នឹងបញ្ហាដែលកំពុងកើតមាននេះ រដ្ឋាភិបាលម៉ាឡេស៊ីនៅក្នុងខែកក្កដានេះ បានសម្រេចកំណត់ពន្ធ ១០ សេន ក្នុង១លីត្រ ចំពោះភេសជ្ជៈជាកម្រិតជាតិស្ករមួយខ្ពស់លើសពីការកំណត់។ វិធានការនេះ គឺយកពន្ធលើអ្នកនាំចូល និងរោងចក្រអ្នកផលិត មិនមែនយកពីអ្នកប្រើប្រាស់នោះទេ។ តែយ៉ាងណា ក្រុមហ៊ុនអាចមានជម្រើសថាត្រូវបង់ពន្ធនេះដោយខ្លួនឯង ឬក៏ត្រូវទម្លាក់វាទៅឲ្យអ្នកប្រើប្រាស់។
មានក្រុមហ៊ុនមួយចំនួនបានបញ្ជាក់ថា ពួកគេនឹងរៀបចំឡើងវិញ នូវភេសជ្ជៈរបស់ពួកគេ ដើម្បីជៀសវាងការយកពន្ធ ប៉ុន្ដែ នៅតែជាការចាប់ផ្ដើមនៅឡើយទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយថា ពន្ធថ្មីនេះ គឺជាវិធីសាស្ត្រល្អទាំងព្រមពីរយ៉ាង ដើម្បីអប់រំអ្នកប្រើប្រាស់ផង និងអ្នកផ្គត់ផ្គង់ផង។ ពោលគឺ ខាងរដ្ឋាភិបាល នឹងធ្វើការផ្សព្វផ្សាយ ដើម្បីអប់រំអំពីរបៀប និងហេតុផល ល្អៗ ដែលត្រូវចាំបាច់ជៀសវាងការទទួលទានភេសជ្ជៈផ្អែមខ្លាំង ដោយវាអាចនឹងប្រឈមនឹងជំងឺលើសទម្ងន់ និងជំងឺកាចសាហាវផ្សេងទៀត។
អ្នកជំនាញបានយល់ស្របថា វានឹងចំណាយពេលយូរ ដើម្បីផ្លាស់ប្ដូរឥរិយាបថ និងរសជាតិដែលប្រជាជនត្រូវការ ប៉ុន្ដែ គេសង្ឃឹមថា វានឹងធ្វើឲ្យការរស់នៅកាន់តែប្រសើរឡើង ប្រសិនបើវិធានការនេះអាចសម្រេចបានផ្លែផ្កា៕