កំណើន​សេដ្ឋកិច្ចវៀតណាម

ធនាគារ ADB ៖ វៀតណាមមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត នៅអាស៊ីអាគ្នេយ៍


ធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានបញ្ចេញការព្យករថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានព្យាករកំណើនសេដ្ឋកិច្ច វៀតណាមថា នឹងនៅរក្សាបានកំណើន៦,៨ ភាគរយនៅឆ្នាំនេះ និងបន្ដថយចុះបន្តិច មកនៅ៦,៧% នៅឆ្នាំ ២០២០ ខាងមុខនេះ។ ធនាគារ ADB បានគូសបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចវៀតណាម គឺជាកំណើនមួយខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទីក្រុង​ ហូជីមិញ ប្រទេសវៀតណាម (រូបថត៖ https://www.travellingking.com)
ដោយ

តាម​របាយការណ៍​ ស្ដីពី​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​របស់ធនាគារ ADB ដែលបាន​ចេញផ្សាយ​កាលពីដើម​សប្ដាហ៍​មុននេះ និងត្រូវបានដកស្រង់​ចុះផ្សាយ​ដោយសារព័ត៌មាន VN Express  បានឲ្យដឹងថា កំណើន​សេដ្ឋកិច្ច​វៀតណាម នៅឆ្នាំ២០១៩នេះ ត្រូវបាន​គាំទ្រ​ដោយ ស្ថិរភាព​នៃតម្រូវការ​ក្នុងស្រុក ដែលមានកំណើន​ប្រមាណ ៧,៣% នៅក្នុងឆ្នាំ ២០១៧ និង​៧,២% នៅឆ្នាំ២០១៨។

សម្រាប់​ការប្រើប្រាស់​ឯកជនវិញ ត្រូវបាន​របាយការណ៍​គូសបញ្ជាក់ដែរថា នៅតែមាន​ភាពរឹងមាំ ខណៈដែល​ពលរដ្ឋ​មានចំណូល​កើនឡើង និង​ស្ថិរភាព​អតិផរណា។ 

ចំពោះ​ការវិនិយោគ​ឯកជន​ឯណោះវិញ ក៏ទំនង​ជា​នឹងកើនឡើងដែរ ខណៈដែលវៀតណាម នឹងបន្ត​នូវភាព​ប្រសើរឡើង​នៃបរិយាកាស​អាជីវកម្ម និងការ​ចងសម្ពន្ធ​កាន់តែខ្លាំងក្លា ជាមួយនឹង​ដៃគូ​អន្តរជាតិ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មផ្សេងៗ រួមទាំងកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់​ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) ដែលបានសម្រេច​ចុះហត្ថលេខា​​ផ្លូវការ​កាលពីឆ្នាំមុន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី អឺរ៉ុប វៀតណាម ដែលបាន​ចុះហត្ថលេខា កាលពីចុង​ខែឧសភា កន្លងទៅថ្មីៗនេះ។ ដែលកិច្ចព្រមព្រៀងទាំងអស់នេះ ត្រូវបាន​គេ​មើលឃើញថា គឺជាកម្លាំង​រុញច្រាន​ដ៏សំខាន់​មួយ​សម្រាប់​កំណើន​សេដ្ឋកិច្ចវៀតណាម​ទាំងបច្ចុប្បន្ន និងអនាគត។

ទោះយ៉ាងណា សេដ្ឋកិច្ច​វៀតណាម ក៏នៅតែមានប្រឈម​នឹង​ហានិភ័យ​ខាងក្រៅ​ខ្លះៗផងដែរ។ បើតាម របាយការណ៍ ហានិភ័យនេះ គឺ​អាច​ទាក់ទង​នឹង​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​នៃបណ្ដា​ប្រទេស​សេដ្ឋកិច្ចធំៗ ដែលជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់វៀតណាម ដូចជា សហភាពអឺរ៉ុប អាមេរិក ជប៉ុន និងចិន ជាដើម។

ធនាគារ ADB បានឲ្យ​ដឹងទៀតថា កំណើន​នៅក្នុង​ឆមាសទី១​ឆ្នាំ ២០១៩នេះ របស់វៀតណាម ត្រូវបានប៉ាន់​ប្រមាណថា មាន ៦,៨% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន បើទោះបីជា វិស័យកសិកម្ម​ត្រូវប្រឈម​នឹងបញ្ហា​គ្រោះរាំងស្ងួត និង​ការរាលដាល​នៃជំងឺ​ប៉េះជ្រូកអាហ្វ្រិក​ ទៅលើ​កសិដ្ឋាន​ចិញ្ចឹមជ្រូក​ក៏ដោយ។

សម្រាប់ការព្យាករ​នៃកំណើន​អភិវឌ្ឍន៍​តំបន់​អាស៊ីវិញ ត្រូវបាន ធនាគារ ADB រក្សា​ការ​ព្យាករនៅដដែល​ថា នឹងមាន ៥,៧% នៅឆ្នាំ២០១៩ និង៥,៦ % នៅឆ្នាំ២០២០។

ដោយឡែក របាយការណ៍​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF នាពេល​ថ្មីៗនេះដែរ បាន​ព្យាករ​ពីកំណើន​សេដ្ឋកិច្ចវៀតណាមផងដែរ  តែការព្យាករ​មានទាប​ជាងបន្ដិច បើធៀបនឹង​ADB ពោលគឺ ស្ថានប័ន IMF ព្យករថា នៅឆ្នាំនេះ សេដ្ឋកិច្ចវៀតណាម​មានកំណើនយឺត​ដែលមានត្រឹមតែ​៦,៥% ដោយសារតែ​លក្ខខណ្ឌខាងក្រៅ​មានភាពទន់ខ្សោយ ហើយនៅឆ្នាំ២០២០ ត្រូវបាន​រំពឹងថា នឹងនៅរក្សា​បានកំណើន ៦,៥% ដដែល។

ទោះយ៉ាងណា បើតាម​របាយការណ៍ ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​នៃប្រទេសវៀតណាម បាន​បញ្ជាក់​ឲ្យដឹងថា នៅឆមាសទី១ ឆ្នាំនេះ កំណើន​សេដ្ឋកិច្ចវៀតណាម មាន ជាង ៦,៧% ដែលជា​អត្រាកំណើន​មួយខ្ពស់​ទី២  តាំងពីឆ្នាំ​២០១១មក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ី ដាក់ពន្ធលើភេសជ្ជៈមានជាតិស្ករលើសកម្រិត ដើម្បីទប់ស្កាត់ជំងឺធាត់ខ្លាំងរបស់ប្រជាជនខ្លួន

ព័ត៌មាន
ការសិក្សាមួយបានបង្ហាញថា ប្រទេសម៉ាឡេស៊ី គឺមានប្រជាជនលើសទម្ងន់ ឬធាត់ខ្លាំង ច្រើនជាងគេបង្អស់នៅតំបន់អាស៊ាន។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិប…

ហោះហើរ​ទៅ​ឌូបៃ ជាមួយ អ៊ែមមឺរឹត និង​​ស្នាក់នៅ​សណ្ឋាគារ​ល្បីៗ​ នៅ​​អារ៉ាប់រួម ក្នុង​តម្លៃ​ពិសេស

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត បានសហការជាមួយ អេខ័រ (Accor) សណ្ឋាគារអាម៉ានីឌូបៃ (Armani Hotel Dubai) Emaar Hospitality Group និង M…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ