រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ីរូបនេះ បាននិយាយថា ក្រសួងបានស្នើឱ្យបើកដំណើរការវិស័យទេសសចរណ៍ឡើងវិញ នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅទស្សនាកន្លែងសម្រាកលំហែកាយកោះ ឡាងកាវី និង តំបន់ចូហរ (Johor) ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ដែលនៅជាប់ព្រំដែនប្រទេសសិង្ហបុរី។
រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ីបន្តថា ម៉ាឡេស៊ីបានរៀបចំបញ្ជីឈ្មោះប្រទេសចំនួន១០រួចហើយ សម្រាប់ឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ១៩រួច ក្នុងប្រទេសទាំង១០នោះ អាចចូលកម្សាន្ដក្នុងប្រទេសម៉ាឡេស៊ីបាន ចាប់ពីពាក់កណ្តាលខែវិច្ឆិកា តទៅ។ ប៉ុន្តែមិនទាន់បញ្ជាក់ថា ១០ប្រទេសនោះមានប្រទេសណាខ្លះនោះទេ ដោយគ្រាន់តែបានបង្ហើបថា ក្នុងនោះក៏មានប្រទេសនៅអាស៊ានដែរ។ កិច្ចខំប្រឹងប្រែងនេះ ធ្វើឡើងដើម្បីប៉ះប៉ូវសេដ្ឋកិច្ចម៉ាឡេស៊ី ដែលរងគ្រោះដោយមេរោគកូវីដ១៩ ឱ្យត្រឡប់ទៅសភាពដើមវិញ។ យ៉ាងណាមិញ សំណើខាងលើនេះ ត្រូវរង់ចាំការអនុញ្ញាតចុងក្រោយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាមុនសិន។
គួររំឭកថា ចាប់តាំងពីខែមីនាឆ្នាំ២០២០ គ្រាដែលរកឃើញករណីឆ្លងកូវីដ១៩ផ្ទុះឡើង ប្រទេសម៉ាឡេស៊ី មិនធ្លាប់បានអនុញ្ញាតឲ្យមានទេសចរបរទេសចូលមកប្រទេសខ្លួនម្តងណាឡើយ រហូតមកទល់នឹងពេលនេះ ពោលវិស័យទេសចរណ៍អន្តរជាតិរបស់ម៉ាឡេស៊ីត្រូវជាប់គាំងទាំងស្រុង។គិតមកដល់ពេលនេះ ម៉ាឡេស៊ី មានអ្នកឆ្លងកូវីដ១៩សរុបជាង ២លាន៤សែននាក់ និងស្លាប់បាត់បង់ជីវិត២ម៉ឺន៨ពាន់នាក់។
សូមបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ដើម្បីស្តារវិស័យសេដ្ឋកិច្ច និងទេសចរណ៍ឲ្យរស់ឡើងវិញ ធ្វើឡើងស្របពេលដែលប្រទេសក្បែរខាងក្នុងតំបន់អាស៊ានជាច្រើនកំពុងសស្រាក់សស្រាំក្នុងការឈានទៅបើកប្រទេសទទួលទេសចរអន្តរជាតិ នៅត្រឹមចុងឆ្នាំនេះដូចគ្នាដែរ ក្នុងនោះរួមមាន កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម។
បើតាមទិន្នន័យផ្លូវការ កាលពីឆ្នាំ២០១៩ គ្រាដែលមិនទាន់មានកូវីដ១៩ វិស័យទេសចរណ៍ក្នុងតំបន់អាស៊ានបានទាក់ទាញទេសចរសរុបប្រមាណ ១៤៣លាននាក់ រកចំណូលបាន ប្រមាណជិត ៤០០ពាន់លានដុល្លាអាមេរិក។ ជាមួយគ្នានេះ វិស័យទេសចរណ៍ក៏ស្ថិតក្នុងចំណោមវិស័យស្នូលមួយរបស់ម៉ាឡេស៊ីផងដែរ ដែលបានរួមចំណែកដល់ GDP ជិត១៦% កាលពីឆ្នាំ២០១៩៕