អ្នកជំនាញចាត់ទុកការប្រកួតនេះ មានសារសំខាន់ក្នុងការលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក អាចស្វែងយល់អំពីសក្តានុពលវិនិយោគលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា នាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំកម្មវិធីប្រកួតប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមលើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី៩-១០ ខែឧសភាឆ្នាំ២០២៤ នៅខេត្តសៀមរាប សម្រាប់វគ្គជម្រុះជុំទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ កម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមនេះ មានគោលបំណងផ្សព្វផ្សាយ និងស្វែងរកសហគ្រិនកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុតនៅកម្ពុជា។ ជាពិសេសដើម្បីជួយជំរុញ និងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យស្វាយចន្ទី តាមរយៈការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។
ឯកឧត្តម ឃឹម ហ្វីណង់ រំពឹងថា កម្មវិធីនេះនឹងមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីទាំងខ្នាតតូច មធ្យម និងធំប្រមាណ៤០សហគ្រាស ចូលរួមក្នុងកម្មវិធីនេះ ដោយពួកគេនឹងទទួលបានបាននូវអត្ថប្រយោជន៍ជាច្រើន ទោះជាមិនបានជាប់ចំណាត់ថ្នាក់ក៏ដោយ។
តួយ៉ាង ពួកគេនឹងទទួលបាននូវបទពិសោធន៍ល្អពីអ្នកកែច្នៃផ្សេងៗដើម្បីកែលម្អនូវចំណុចខ្វះខាត, ការកសាងភាពជាដៃគូរវាងគ្នាបន្ថែម ដើម្បីលើកកម្ពស់ការកែច្នៃនៅក្នុងស្រុក ដ្បិតថា នៅមានកម្រិតទាបនៅឡើយដោយមានត្រឹមតែ១០% ប៉ុណ្ណោះ ម្យ៉ាងទៀតកម្ពុជាក៏ត្រូវការប្រកួតប្រជែងខ្ពស់លើតម្លៃស្វាយចន្ទីនៅលើទីផ្សារអន្តរជាតិផងដែរ។
ពាក់ព័ន្ធកម្មវិធីនេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា ការប្រកួតនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយលើកទឹកចិត្តដល់សហគ្រាសកែច្នៃក្នុងស្រុក និងជាការដាស់តឿនដល់វិនិយោគគិនក្នុងស្រុក ដែលមិនសូវចាប់អារម្មណ៍លើការកែច្នៃចន្ទី ឱ្យឃើញពីសក្តានុពលជាច្រើនរបស់ស្វាយចន្ទី ដែលត្រូវការការវិនិយោគបន្ថែម។ បើតាមអ្នកជំនាញរូបនេះ សហគ្រាសដែលចង់ចូលរួមក្នុងការប្រកួតប្រជែងនេះ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ជាពិសេសគឺសុត្ថិភាពចំណីអាហារ និងសិល្បៈលក់លើទីផ្សារជាដើម។
បើតាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម ហ្វីណង់ រហូតមកដល់ពេលនេះ មានសហគ្រាសចំនួន១០ បានចុះឈ្មោះចូលរួមកម្មវិធីប្រឡងប្រជែងនេះ និងមួយចំនួនទៀតកំពុងទាក់ទងមកដើម្បីចុះឈ្មោះផងដែរ។ ឯកឧត្តម បញ្ជាក់ដែរថា ដោយសារនេះជាកម្មវិធីលើកទី០១ នៃការប្រកួតប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទី ដូច្នេះហើយការចាប់អារម្មណ៍របស់បងប្អូនសហគ្រាសហាក់នៅមានកម្រិតនៅឡើយ៕