លោក ម៉ានី ប៉ាក់គីអៅ បានទទួលយកការតែងតាំងពីគណបក្ស PDP-Laban របស់លោកដើម្បីស្វែងរកតំណែងប្រធានាធិបតីនៅឆ្នាំ ២០២២ ដោយមានការចូលរួមប្រកួតប្រជែងយ៉ាងក្តៅគគុក ដើម្បីស្នងតំណែងប្រធានាធិបតីរបស់បុរសខ្លាំង ហ្វីលីភីន គឺលោក ឌុយទែរតេ។
អ្នកនយោបាយ ដែលមានអាជីពជាកីឡាកប្រដាល់លំដាប់ពិភពលោករូបនេះ បានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ ២០១០ នៅក្នុងគណបក្សជាមួយគ្នានឹងលោកប្រធានាធិបតី ឌុយទែតេដែរ។ បន្ទាប់ពីការជាប់ឆ្នោតជាសមាជិកសភា ស្ដេចប្រដាប់រូបនេះ ក៏បានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៅឆ្នាំ ២០១៦។
បើទោះបីជា ប៉ាក់គីអៅ ស្ថិតក្នុងបក្សជាមួយលោក ឌុយទែរតេ ក៏ដោយក្ដី ប៉ុន្ដែ រូបលោកត្រូវបានគេមើលឃើញថា ក៏ធ្លាប់មានការប៉ះទង្គិចគ្នាជាសាធារណៈជាមួយនឹងលោកឌុយទែរតេជាញឹកញាប់ផងដែរ ជុំវិញការដោះស្រាយវិវាទសមុទ្រចិនខាងត្បូងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង និង បញ្ហាអំពើពុករលួយ។
ខណៈ លោក ឌុយទែរតេ ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ឲ្យកាន់តំណែងប្រធានាធិបតីត្រឹមតែមួយអាណត្តិទៀតប៉ុណ្ណោះ ហើយបានប្រកាសថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតីវិញ។ ដូចនេះ ប្រជាប្រិយភាពខ្លាំងរបស់ លោក ប៉ាវគីអៅ ក្នុងចំណោមពលរដ្ឋក្រីក្រ នៅក្នុងប្រទេសហ្វីលីពីន នឹងធ្វើឱ្យស្ដេចកីឡាប្រដាល់រូបនេះ កាន់តែមានប្រៀបខ្លាំងឡើងក្នុងការឈានទៅប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីប្រទេសហ្វីលីពីន។
ថ្វីត្បិតថាបែបនេះក៏ពិតមែន ប៉ុន្ដែ ក៏មិនប្រាកដថា ប៉ាវគីអៅ អាចឈ្នះដោយស្រួលៗទេ ដោយលោកនឹងត្រូវប្រឈមមុខជាមួយគូប្រជែងដ៏ខ្លាំងក្លាពីររូបផ្សេងទៀត។ ទីមួយគឺ កូនស្រីរបស់លោកឌូទែរតេ ប្រធានាធិបតីបច្ចុប្បន្នតែម្ដង ដែលមកពីគណបក្សផ្សេងមួយទៀត។ ខណៈគូប្រជែងមួយរូបទៀត គឺសមាជិកព្រឹទ្ធសភាមកពីគណបក្ស លោក ឌុយទែរតេ ដូចគ្នានឹង ប៉ាវគីអៅដែរ គឺលោកគ្រីសស្តូហ្វឺ ឡរេនស៍ (Christopher Lawrence) ដែលត្រូវបានជ្រើសរើសដោយគណបក្ស PDP-Laban។
សូមជម្រាបថា ក្រុមបក្ស PDP-Laban ពេលនេះកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងរវាង លោក ប៉ាវគីអៅ និង លោក Christopher Lawrence ខណៈនៅក្នុងការស្ទង់មតិរបស់ស្ថាប័ន Pulse Asia ដែលធ្វើឡើងនៅខែមិថុនា លោក ប៉ាវគីអៅ បានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមបេក្ខជនប្រធានាធិបតី ដែលពេញចិត្តសម្រាប់ការបោះឆ្នោតឆ្នាំ ២០២២។
សូមបញ្ជាក់ថា ការបោះឆ្នោតនៅហ្វីលីភីននឹង ត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ៕
អត្ថបទ៖ ស៊ើង និមល់