សេដ្ឋកិច្ចឥណ្ឌា

វិស័យផលិតកម្ម និងសេវាកម្ម នឹងធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌា មានកំណើនជាង៦% នៅឆ្នាំនេះ


អង្គការសហប្រជាជាតិ(UN)បានព្យាករថា សេដ្ឋកិច្ចឥណ្ឌានឹងមានកំណើនក្នុងអត្រាជាង៦% នៅឆ្នាំ២០២៤ នេះ ដែលគាំទ្រដោយសារតម្រូវការក្នុងស្រុក និងកំណើនដ៏រឹងមាំនៅក្នុងវិស័យផលិតកម្ម និងសេវាកម្ម ខណៈដែលផលិតផលក្នុងស្រុកសរុប(GDP) ត្រូវបានព្យាករថា នឹងកើនឡើងជាង៥% នៅឆ្នាំនេះ ដោយសារការពង្រីកដ៏រឹងមាំ នឹងធ្វើឱ្យឥណ្ឌានៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
សេដ្ឋកិច្ចឥណ្ឌា
ដោយ

របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៤ របស់អង្គការសហប្រជាជាតិ បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានព្យាករថា នឹងឈានដល់៦.២% នៅក្នុងឆ្នាំ២០២៤ គឺទាបជាងបន្តិច បើធៀបនឹងការប៉ាន់ប្រមាណ៦.៣% សម្រាប់ឆ្នាំ២០២៣ ចំពេលតម្រូវការក្នុងស្រុកដ៏រឹងមាំ និងកំណើនដ៏ខ្លាំងក្លានៅក្នុងវិស័យផលិតកម្ម និងសេវាកម្ម។

លោក ហាមីដ រ៉ាស៊ីដ (Hamid Rashid) ប្រធានសាខាត្រួតពិនិត្យផ្នែកសេដ្ឋកិច្ចសកល និងជាអ្នកវិភាគសេដ្ឋកិច្ច និងគោលនយោបាយរបស់អង្គការសហប្រជាជាតិ (UN DESA) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សេដ្ឋកិច្ចឥណ្ឌា បានដំណើរការល្អជាងប្រទេសមួយចំនួន ដោយមិនត្រឹមតែនៅឆ្នាំនេះនោះទេ ប៉ុន្តែក៏បានល្អប្រសើរជាងនៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះផងដែរ។

លោក រ៉ាស៊ីដ កត់សម្គាល់ឃើញថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌា នៅតែបន្តស្ថិតក្នុងអត្រាជាង៦%ដដែល ហើយពួកគេជឿថា អត្រានេះនឹងបន្តពីឆ្នាំនេះរហូតដល់ឆ្នាំ២០២៥ ជារយៈពេលមួយដែលគេបានព្យាករថា GDP របស់ឥណ្ឌា នឹងកើនឡើងដល់៦.៦% នៅក្នុងឆ្នាំនោះ។ ហើយលោកបានបន្ថែមថា បើទោះជាអតិផរណាមានកម្រិតខ្ពស់សម្រាប់ឥណ្ឌា ក៏ដោយ ប៉ុន្តែវាមិនចាំបាច់ដល់ថ្នាក់ដំឡើងអត្រាការប្រាក់ខ្ពស់ពេកនោះទេ ហើយអតិផរណាបានធ្លាក់ចុះបន្តិច។

របាយការណ៍នេះបានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាត្រូវបានព្យាករថា នឹងនៅតែរឹងមាំក្នុងកម្រិតជាង៦%ដដែលនៅឆ្នាំនេះ ដែលភាគច្រើនត្រូវបានគាំទ្រដោយការប្រើប្រាស់ឯកជនដ៏រឹងមាំ និងការវិនិយោគសាធារណៈ ប្រកបដោយចីរភាព ហើយវិស័យផលិតកម្ម និងសេវាកម្មនឹងបន្តជួយដល់សេដ្ឋកិច្ចថែមទៀត បើទោះជាការប្រែប្រួលទឹកភ្លៀងខុសប្រក្រតីនឹងទំនងជាធ្វើឱ្យទិន្នផលកសិកម្មធ្លាក់ចុះយ៉ាងណាក៏ដោយ។

នាយកផ្នែកវិភាគសេដ្ឋកិច្ច និងគោលនយោបាយរបស់ឥណ្ឌា លោក សានតានូ មូឃើជី (Shantanu Mukherjee) បានលើកឡើងពីអត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាថា នឹងមានរយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ហើយថា លោកមិនច្បាស់ថា តើមានកត្តាអ្វីដែលនាំឱ្យរាំងស្ទះ ឬក៏ជំរុញបកំណើននេះនោះទេ។

របាយការណ៍នេះបានកត់សម្គាល់ថា អតិផរណាតម្លៃទំនិញប្រើប្រាស់នៅឥណ្ឌាត្រូវបានគេរំពឹងថា នឹងថយចុះពីជាង៥% ក្នុងឆ្នាំ២០២៣ មកនៅត្រឹមជាង៤% ក្នុងឆ្នាំនេះ ដោយស្ថិតក្នុងរង្វង់គោលដៅអតិផរណារយៈពេលមធ្យមពី២ទៅ៦% ដែលកំណត់ដោយធនាគារកណ្តាលរបស់ឥណ្ឌា៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


UN ព្យាករថា សេដ្ឋកិច្ចប្រទេសធំៗលើពិភពលោកនឹងបន្តជួបបញ្ហាប្រឈមខ្លាំង ខណៈអ្នកខ្វះស្បៀងនឹងកើនដល់២៣៨លាននាក់

អង្គការសហប្រជាជាតិ(UN)បានព្យាករថា សេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមហាអំណាចធំៗដូចជាអាម៉េរិក ចិន អឺរ៉ុប និងជប៉ុននឹងនៅតែបន្តជួបប្រឈមនឹងបញ្ហាប្រឈ…

ប្រទេសឥណ្ឌាក្លាយជាទីផ្សារធំរបស់ក្រុមហ៊ុនវៀតណាម VinFast ដែលសង់រោងចក្រផលិតរថយន្តអគ្គិសនី

ក្រុមហ៊ុនវៀតណាម VinFast កាលពីចុងសប្តាហ៍មុន បានចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដំបូងរបស់ខ្លួននៅឥណ្ឌា ដើម្បីសម្រេចមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ