វិនិយោគនៅកម្ពុជា

ក្រុមហ៊ុនជប៉ុនជាច្រើនបានបង្ហាញបំណងចង់វិនិយោគនៅកម្ពុជា ខណៈបច្ចុប្បន្នការវិនិយោគរបស់ជប៉ុនមានទំហំជិត៣ពាន់លានដុល្លារ


ជប៉ុនគឺដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ហើយក៏ជាប្រទេសដែលបានផ្តល់ជំនួយដ៏ធំជាងគេមួយក្នុងចំណោមម្ចាស់ជំនួយដទៃ ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ជាក់ស្ដែងគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជាមានជាង១៥០គម្រោងជាមួយទុនវិនិយោគជិត៣ពាន់លានដុល្លារអាម៉េរិក។
វិនិយោគនៅកម្ពុជា
ដោយ

បើទោះជាបែបនេះក្ដី ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែអំពាវនាវ និងស្នើឱ្យក្រុមហ៊ុនជប៉ុនបង្កើនការវិនិយោគនៅកម្ពុជាបន្ថែមទៀត ជា ពិសេសផ្ដោតសំខាន់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឲ្យកាន់រីកចម្រើនថែមមួយកម្រិតទៀត។ តើកម្ពុជាមានសក្ដានុពលអ្វីខ្លះ ដែលធ្វើឲ្យជប៉ុនគួរបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា?

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ក្រុមវិនិយោគិនកម្ពុជាបានជួបជាមួយក្រុមវិនិយោគជប៉ុនជាច្រើន ដោយក្រុមវិនិយោគិនជប៉ុនក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា។ បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ ដ្បិតភាគីជប៉ុនបានបង្ហាញការចាប់អរម្មណ៍ខ្លាំងលើការវិនិយោគនៅកម្ពុជា យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យប្រទេសជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសផ្ដោតសំខាន់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងជំរុញការអភិវឌ្ឍន៍កំពង់ផែនៅកម្ពុជា។

តើកម្ពុជាមានសក្ដានុពលអ្វីខ្លះ ដែលធ្វើឲ្យជប៉ុនគួរបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា? បើតាមអ្នកឧកញ៉ា លឹម ហេង កម្ពុជាគឺជាសមាជិកអាស៊ាន និងជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលមានទីតាំងយុទ្ធសាស្ត្រនៅចំបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ កម្ពុជា គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់ ដោយមានអត្រាកំណើន៧.៧% ក្នុងមួយឆ្នាំរយៈពេលជាង២ទសវត្សរ៍។ ម្យ៉ាងវិញទៀតកម្ពុជា គឺជាចំនុចមូលដ្ឋានទីផ្សារទៅកាន់ប្រទេស RCEP ដោយជាប្រទេសមានកម្លាំងពលកម្មវ័យក្មេង និងពលកម្មជំនាញច្រើនដែលមានទីតាំងដ៏សមស្របបំផុត ជាប់នឹងប្រទេសជិតខាងដែលមានប្រជាជនច្រើន ដូចជាប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ដូច្នេះជប៉ុនអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្ពុជា ទាំងទីផ្សារ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាដៃគូយុទ្ធសាស្ត្រ និងនយោបាយដែលអាចជួយជប៉ុន ក្នុងការលើកកម្ពស់តួនាទី និងជំហររបស់ជប៉ុននៅក្នុងតំបន់។

សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា និងជប៉ុនមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ខណៈរហូតមកដល់បច្ចុប្បន្នចំណងទាក់ទងប្រទេសទាំងពីរ កាន់រឹងមាំនិងកាន់តែស៊ីជម្រៅ ស្របពេលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងជប៉ុន។ ជាក់ស្ដែងគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ជប៉ុនបានវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ ជិត៣ពាន់លានដុល្លារអាមេរិកលើគម្រោងវិនិយោគចំនួន១៥១គម្រោង។ ក្រៅពីជាទីផ្សារធំសម្រាប់កម្ពុជា ជប៉ុនកំពុងផ្ដល់ជំនួយផ្លូវការមកដល់កម្ពុជាថែមទៀត ដោយផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពធនធានមនុស្ស។

សូមបញ្ជាក់ថា រយៈពេល១១ខែឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន សម្រេចបានទំហំទឹកប្រាក់សរុបជាង១ពាន់៦រយលានដុល្លារ ថយចុះជិត៨% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុនសម្រេចបានទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ ខណៈការនាំចូលពីជប៉ុនមកកាន់កម្ពុជាវិញសម្រេចបានទឹកប្រាក់ជាង៥៧៣លានដុល្លារថយចុះជាង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕

None



អត្ថបទបន្ទាប់


គណនីសន្សំឆ្លាតរបស់ធនាគារ ព្រីនស៍ ធ្វើឱ្យការសន្សំប្រាក់របស់អ្នកកាន់តែឆ្លាតវៃ និងផ្ដល់ជូនកញ្ចប់ធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ!

ធនាគារ ព្រីនស៍ សូមណែនាំនូវ គណនីសន្សំឆ្លាត ជាគណនីសន្សំប្រកបដោយភាពច្នៃប្រឌិតដំបូងគេបង្អស់នៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ជូនអ្នកនូវអត្រាការប្រាក…

ល្បែងស៊ីសងខុសច្បាប់ហាក់កម្រើកឡើងវិញ ខណៈអាជ្ញាធរគ្រោងស្នើឱ្យរៀបចំសេចក្តីព្រាងច្បាប់ថ្មី ដើម្បីបង្កើនទម្ងន់ផាកពិន័យ

យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះល្បែងស៊ីសងខុសច្បាប់ដូចជាការចាក់ភ្នាល់ឆ្នោតឡូតូ ជល់មាន់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងមួយចំនួនទៀតហាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ