កម្មវិធីទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការស្វែងយល់ពីប្រវត្តិរូបិយវត្ថុដ៏សម្បូរបែប និងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ បន្ថែមពីការសិក្សាក្នុងថ្នាក់រៀន។
កម្មវិធី Cashville Kidz របស់ធនាគារ មេយប៊ែង គឺជាកម្មវិធី គំនូជីវចលដ៏ទាក់ទាញ ដែលត្រូវបានបង្កើតដោយ MoneyTree Asia Ltd សម្រាប់បង្រៀនសិស្សានុសិស្សពីសារៈសំខាន់នៃលុយកាក់ និងការត្រៀមខ្លួនសម្រាប់ការប្រឈមនូវបញ្ហាផ្នែកហិរញ្ញវត្ថុនាថ្ងៃអនាគត។ កម្មវិធីនេះ ក៏ត្រូវបានគាំទ្រដោយ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
ក្រោមប្រធានបទ៖ “ដំណើរឆ្លងកាត់នៃប្រវត្តិសាស្រ្តរូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជា” កម្មវិធីទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះគំនិតសិស្សានុសិស្ស ដែលសិក្សានៅសាលាបឋមសិក្សាចំនួនប្រាំមួយ ជាមួយនឹងចំណេះដឹង ដែលមិនអាចកាត់ថ្លៃបាន អំពីសេដ្ឋកិច្ច និងប្រវត្តិសាស្រ្តហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា។ សាលាបឋមសិក្សាទាំង៦ ដែលសហការជាមួយកម្មវិធី Cashville Kidz របស់ធនាគារ មេយប៊ែង ឆ្នាំ២០២៤ រួមមាន៖ (១) សាលាបឋមសិក្សាបាក់ទូក (២) សាលាបឋមសិក្សាស្ទឹងមានជ័យ (៣) សាលាបឋមសិក្សាច្បារអំពៅទី២ (៤) សាលាបឋមសិក្សាសំពៅមាស (៥) សាលាបឋមសិក្សាពោធិ៍ចិនតុង និង (៦) សាលាបឋមសិក្សាបឹងសាឡាង។
បច្ចុប្បន្នកម្មវិធី Cashville Kidz របស់ធនាគារ មេយប៊ែង បានដំណើរការរយៈពេល ៨ឆ្នាំហើយ ក្នុងបេសកកម្មអប់រំសិស្សានុសិស្សលើការគ្រប់គ្រងថវិកា។ កម្មវិធីនេះ បានផ្តល់ជូនសិស្សានុសិស្សនូវចំណេះដឹងដ៏ចាំបាច់ ដើម្បីឱ្យពួកគេស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុនាពេលអនាគត តាមរយៈការបញ្ជូលមេរៀនហិរញ្ញវត្ថុសំខាន់ៗ ដូចជា ការសន្សំ ការចំណាយប្រកបដោយការទទួលខុសត្រូវ និងយុទ្ធសាស្ត្រវិនិយោគដ៏ឆ្លាតវៃ។ ជាមួយនឹងបទពិសោធន៍ទស្សនកិច្ចសិក្សានៅសារមន្ទីរ ដែលបានបន្ថែមនេះ សិស្សានុសិស្សនឹងអាចស្វែងយល់ពីការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងរវាងលុយកាក់ សេដ្ឋកិច្ច និងប្រវត្តិសាស្រ្តរបស់ប្រទេស។ ចំណេះដឹងទាំងនេះ នឹងបណ្តុះស្មារតីរបស់សិស្សានុសិស្សឱ្យចេះធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃនាពេលអនាគត។
ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សារមន្ទីរ ស.ស.រ ត្រូវបានទទួលស្វាគមន៍ពី លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ និងត្រូវបានផ្តល់កិត្តិយសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា ព្រមទាំងលោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ មេយប៊ែង ខេមបូឌា។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា បានសាទរចំពោះកិច្ចសហការនេះ ដោយលោកមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចាប់ដៃ ជាមួយសារមន្ទីរ ស.ស.រ ក្នុងការផ្តល់ជូននូវបទពិសោធន៍សិក្សាដ៏ពិសេសនេះដល់ប្អូនៗសិស្សានុសិស្ស។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាជំនាញដ៏សំខាន់មួយសម្រាប់សិស្សានុសិស្ស ហើយកម្មវិធីកម្មសិក្សានេះ នឹងផ្តល់ជូនពួកគេនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្រ្តរូបិយវត្ថុ និងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។
លោកក៏បានបន្ថែមទៀតថា៖ “យើងខ្ញុំរង់ចាំស្តាប់ពីបទពិសោធ និងការយល់ឃើញរបស់ប្អូនៗសិស្សានុសិស្ស ក្រោយពីទស្សនកិច្ចសិក្សានៅសារមន្ទីរនេះ។ យើងខ្ញុំសង្ឃឹមថាបទពិសោធន៍សារមន្ទីរដ៏សម្បូរបែប និងចំណេះដឹងដែលទទួលបាននេះ នឹងបណ្តុះស្មារតីរបស់ពួកគេ ឱ្យធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយភាពឆ្លាតវៃពេញមួយជីវិតរបស់ពួកគេ”។
ក្នុងដំណើរឆ្ពោះទៅមុខ ធនាគារ មេយប៊ែង នឹងបន្តប្តេជ្ញាចិត្តរក្សាជាស្ថាប័ន្នឈានមុខគេ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយរួមបញ្ចូលកម្មវិធីសិក្សាដែលផ្តល់នូវបទពិសោធន៍ផ្ទាល់ ដូចទៅនឹងកម្មវិធីទស្សនកិច្ចសិក្សានៅសារមន្ទីរ ស.ស.រ ដើម្បីចូលរួមបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សិស្សានុសិស្ស។ ស្របតាមបេសកកម្មរបស់យើង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ធនាគារ មេយប៊ែង ខេមបូឌា តែងតែបន្តការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សហគមន៍ ផ្តល់ផលជះជាវិជ្ជមានដល់សង្គមប្រកបដោយចីរភាព និងសម្រេចបាននូវគោលដៅអាជីវកម្មរបស់យើង។