នៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងកសិកម្មជាមួយសមាជិកសហគមន៍មៀនប៉ៃលិន អំពីបញ្ហាទីផ្សារមៀនប៉ៃលិនថ្មីៗនេះ ខាងសហគមន៍បានគូសបញ្ជាក់ប្រាប់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា បច្ចុប្បន្ននេះសហគមន៍មៀនប៉ៃលិនបាននិងកំពុងជួបប្រទះបញ្ហា ដដែល។ ទី១ គឺសហគមន៍ជួបការលំបាកក្នុងការនាំចេញផលិតផលមៀនប៉ៃលិនកម្ពុជាទៅកាន់ទីផ្សារបរទេស និងបញ្ហាទី២ នីតិវិធីក្នុងការចុះបញ្ជីចម្ការ មៀនឱ្យស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អ និងបញ្ហាប្រឈមចុងក្រោយ គឺនីតិវិធីស្នើសុំបញ្ជាក់គុណភាព ISO។
ជាការឆ្លើយតបដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារដែលសហគមន៍បាននិងកំពុងជួបប្រទះនាពេលនេះ ឯកឧត្តម វេង សាខុន ទទួលស្គាល់ថា ពិតណាស់ទីផ្សារនាំចេញនេះហើយ គឺជាប្រធានបទដែលត្រូវលើកយកមកពិភាក្សាគ្នា ធ្វើយ៉ាង ណាដោះស្រាយបញ្ហាកកស្ទះកសិផលរបស់បងប្អូនដែលកំពុងប្រឈមនាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ប្រាប់ទៀតថា ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការកំពុងពុះពារ ជំរុញ និងចរចាជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សំខាន់ៗដែលភាគីនាំចេញកម្ពុជាត្រូវបំពេញឱ្យខាងតែបាន។
ឯកឧត្តមបន្ថែមថា ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថា ករណីសំណើនាំចេញមៀនប៉ៃលិនទៅកាន់ភាគីចិនរួចហើយ ហើយពេលនេះ ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ និងសង្ឃឹមថា ឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជា ដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាល ពីសប្តាហ៍មុនអនុវត្តបានរលូនជាមុនសិន។
របាយការណ៍ពីរដ្ឋបាលខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នខេត្តប៉ៃលិនមានដំណាំ ០៤ ប្រភេទដែលកំពុងមានសក្តានុពលខ្ពស់ក្នុងការដាំដុះ និងនាំចេញ រួមមាន មៀនប៉ៃលិន ស្វាយកែវរមៀត ដំណាំដំឡូងមី និងពោតក្រហម។ បច្ចុប្បន្នផ្ទៃដីដាំមៀនប៉ៃលិន មានទំហំ ជាង ៣ពាន់ហិកតា និងបានបង្កើតការងារជូនប្រជាជននៅមូលដ្ឋានបានរាប់ពាន់នាក់។ កាលឆ្នាំ២០១៩ កន្លងទៅ តាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម នៅទូទាំងប្រទេសផ្ទៃដីដាំមៀនប៉ៃលិនមានចំនួនជិត៩ពាន់ហិកតា៕