ការជួញដូរភាគហ៊ុន

ការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជា បានកើនដល់ជិត៣០ម៉ឺនដុល្លារក្នុង១ថ្ងៃឡើងវិញ ក្រោយដាំក្បាលចុះជាច្រើនខែមកនេះ


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានអះអាងថា នៅក្នុងរយៈពេល២ខែចុងក្រោយនេះ ទីផ្សារជួញដូរភាគហ៊ុននៅកម្ពុជា បានបង្ហាញទំនោរកើនឡើងមកវិញគួរឱ្យកត់សម្គាល់ បើធៀបនឹងការជួញដូរនៅ៤ខែដំបូងនៃឆ្នាំ២០២៤នេះ។ ជាក់ស្តែងបច្ចុប្បន្នការជួញដូរភាគហ៊ុននៅកម្ពុជា ជាមធ្យមបានកើនឡើងដល់ប្រមាណជិត៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ បន្ទាប់ពីបានធ្លាក់ចុះដល់រង្វង់១០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ តើមានកត្តាអ្វីជំរុញឱ្យទំហំជួញដូរភាគហ៊ុននៅកម្ពុជាមានសម្ទុះប្រសើរឡើងវិញ?
ការជួញដូរភាគហ៊ុន
ដោយ

នៅក្នុងវេទិកា« Earning Forum 2024- ប្រាក់ចំណេញ ឆ្នាំ២០២៤» របស់ផ្សារមូលបត្រកម្ពុជា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ចូលមកដល់ឆ្នាំ២០២៤នេះ វិស័យមូលបត្រកម្ពុជា ហាក់បានបង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយនៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២៤ ទំហំជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជា មានក្នុងរង្វង់១០ម៉ឺនដុល្លារក្នុង១ថ្ងៃប៉ុណ្ណោះ ដោយសារសារឥទ្ធិពលពីវិបត្តិសកលនានា។ តែយ៉ាងណា ថ្នាក់ដឹកនាំរូបនេះអះអាងថា នៅរយៈពេល២ខែចុងក្រោយនេះ ទំហំជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា ហាក់មានសម្ទុះកើនឡើងមកវិញ ពោលគឺបច្ចុប្បន្នការជួយដូរភាគហ៊ុនជាមធ្យមបានកើនដល់ប្រមាណជិត៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ និងរំពឹងថា មានការកើនឡើងជាបន្តបន្ទាប់ទៀតផងដែរ។

បើតាមឯកឧត្តម ហុង សុហួរ កត្តាដែលជំរុញឱ្យទំហំជួញដូរភាគហ៊ុននៅកម្ពុជាបច្ចុប្បន្នមានកំណើនឡើងវិញ ក៏ដោយសារនៅក្នុងអំឡុងពេលតម្លៃធ្លាក់ចុះ បានជំរុញឱ្យវិនិយោគិនមួយចំនួនបានចាប់ឱកាសទិញភាគហ៊ុនជាច្រើន ដែលបណ្តាលឱ្យការជួយដូរហាក់មានភាពល្អប្រសើរឡើងវិញ។

ម្យ៉ាងទៀតបើទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងស្ថិតក្នុងភាពលំបាក និងមិនទាន់មានភាពច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែមានក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជា បានបង្ហាញ មហិច្ឆតាក្នុងការមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាជាបន្តបន្ទាប់ ដែលជំរុញឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តក្នុងការវិនិយោគលើវិស័យមូលបត្រនៅកម្ពុជា។

​យ៉ាងណាមិញតាមរយៈវេទិកា«ប្រាក់ចំណេញ ឆ្នាំ២០២៤» នាពេលនេះ ឯកឧត្តម ហុង សុហួរ ជឿជាក់ថា វានឹងផ្តល់ឱ្យវិនិយោគិនកាន់តែទទួលបានព័ត៌មានបន្ថែមទៀតអំពីក្រមហ៊ុនចុះបញ្ជី ក្នុងការផ្សព្វផ្សាយព័ត៌មានអាជីវកម្មក៏ដូចជាលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដល់វិនិយោគិនសាធារណៈ ហើយវានឹងធ្វើឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តក្នុងការវិនិយោគបន្ថែមនៅក្នុងផ្សារមូលបត្រកម្ពុជាផងដែរ។

​សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២២ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១១ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៣៧០លានដុល្លារ ដើម្បីយកទៅពង្រីកអាជីវកម្ម៕

None



អត្ថបទបន្ទាប់


ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៤ បានត្រឡប់មកវិញហើយ!

នៅថ្ងៃទី14-16 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ …

ស្របពេលសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងភាពមិនប្រាកដប្រជា តើការរឹតត្បិតការចំណាយរបស់ពលរដ្ឋ វារឿងល្អ ឬអាក្រក់សម្រាប់សេដ្ឋកិច្ច?

មកទល់ពេលនេះស្ថានភាពសេដ្ឋកិច្ចសកលពុំមានពន្លឺភ្លឺស្វាង និងមានភាពប្រាកដប្រជានៅឡើយទេ បន្ទាប់ពីបានរងផលប៉ះពាល់យ៉ាងដំណំដោយសារឥទ្ធិពលការឆ្លងរាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ