ក្នុងកិច្ចប្រជុំនោះដែរភាគីកម្ពុជាស្នើឲ្យសមាជិកមេគង្គ-គង្គាគួរតែផ្តោតសំខាន់លើបរិវត្តកម្មឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ តើកិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសឡាវ និងឥណ្ឌានេះសម្រចបានលទ្ធផលធំៗអ្វីខ្លះ?
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតបត្តិការមេគង្គ-គង្គាលើកទី១២នេះ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមបណ្តាប្រទេសសមាជិកមេគង្គ។ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានស្វាគមន៍ជំនួយរបស់ឥណ្ឌា តាមរយៈការអនុវត្តគម្រោងឆាប់ទទួលបានផលរបស់ខ្លួន ព្រមទាំងបានកត់សម្គាល់ថា មានគម្រោង៧៨ហើយ ដែលត្រូវបានបញ្ចប់ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងឥណ្ឌា និងបណ្តាប្រទេសមេគង្គ និងបានវាយតម្លៃខ្ពស់ពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះការពង្រីកការតភ្ជាប់ភាគខាងកើតឆ្ពោះមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ឯកឧត្តម បានបន្ថែមថា ការសាងសង់នូវផ្លូវល្បឿនលឿនត្រីភាគី នេះ ក៏ជាការតភ្ជាប់ផងដែរទៅនឹងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងគោលនយោបាយឆ្ពោះមកទិសខាងកើតរបស់ឥណ្ឌា ដែលគោលនយោបាយទាំងពីរនេះ មានគោលបំណងធ្វើឱ្យកាន់តែប្រសើរនូវការតភ្ជាប់ក្នុងតំបន់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ក៏បានចង្អុលបង្ហាញទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គួរតែផ្តោតសំខាន់លើបរិវត្តកម្មឌីជីថល បដិវត្តន៍បៃតង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។
ទន្ទឹមនេះ រដ្ឋមន្ត្រីទាំងអស់បានឯកភាពសម្រួលការអនុវត្តកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវយន្តការប្រទេសដឹកនាំវិស័យនីមួយៗនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបង្កើតឡើងនូវក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែលនឹងផ្តល់នូវការតម្រង់ទិសអន្តរកម្មនាពេលអនាគត លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការពង្រីកសកម្មភាពសេដ្ឋកិច្ចតំបន់នានា។ រដ្ឋមន្ត្រីទាំងអស់ បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការស្តីពីការប្រើប្រាស់និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព និងបានស្វាគមន៍កិច្ចសហការជាមួយគណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការស្ដីពីបញ្ហានានាពាក់ព័ន្ធនឹងទឹកផងដែរ។
សូមជម្រាបថា កិច្ចប្រជុំនេះ ក៏បានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គលើកទី១២ ភ្ជាប់ជាមួយនឹងឧបសម្ព័ន្ធចំនួនពីររួមមាន៖ ទស្សនាទានស្ដីពីយន្តការប្រទេសដឹកនាំវិស័យ និងក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។