យោងតាមសេចក្ដីថ្លែងការណ៍រួម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងអស់ នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមរយៈការផ្ដល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ស្ដីពីការផ្ដល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ បន្ថែមលើនោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិកសមាគមទាំងពីរ នឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការរៀបចំឥណទានឡើងវិញ សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា នេះមានភាពស្រដៀងគ្នាទៅនឹងលក្ខខណ្ឌនៃការរៀបចំឥណទានឡើងវិញ សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ នៅឆ្នាំ២០២០។ ខណៈយន្តការនៃការរៀបចំឥណទានឡើងវិញ ទាំងនោះ រួមមាន ការពន្យាពេលឥណទាន ការផ្អាកសងមួយរយៈ ការកាត់បន្ថយអត្រាការប្រាក់ និងការផ្ដល់ឥណទានបន្ថែម ជាដើម។ បើតាមលោក កាំង តុងងី ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋត្រូវការដើមទុនបន្ថែមជាចាំបាច់ ដូច្នេះ ជាជំហានបន្ទាប់សមាគមនឹងជំរុញនូវសមាជិករបស់សមាគម ក៏ដូចជា តាមដានការអនុវត្ត ក្នុងការផ្ដល់ការរៀបចំឥណទានឡើងវិញ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
លោកស្រី ម៉ា អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការអំពាវនាវពីថ្នាក់ដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងធនាគារជាតិនៃកម្ពុជា ដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ផ្ដល់ការយោគយល់ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ដោយលោកស្រី បានគូសបញ្ជាក់ថា ធនាគារអេស៊ីលីដា នឹងអនុវត្តតាមស្មារតីរបស់ធនាគារជាតិនៃកម្ពុជា។ យ៉ាងណាក៏ដោយ លោកស្រីមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ពាក់ព័ន្ធនឹងចំនួនភាគរយនៃអតិថិជន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ តែលោកស្រីបានឲ្យដឹងថា ធនាគារអេស៊ីលីដា បាននិងកំពុងតែមមាញឹកក្នុងការទំនាក់ទំនងទៅកាន់អតិថិជន ដែលរងផលប៉ះពាល់ជាក់ស្ដែង ដោយសារទឹកជំនន់។
បើតាមកាំង តុងងី នៅឆ្នាំ២០២២នេះ សន្ទុះនៃការស្នើសុំរៀបចំឥណទានឡើងវិញ ហាក់មានកម្រិតតិចតួចនៅឡើយ បើប្រៀបទៅនឹងឆ្នាំ២០២០ និងឆ្នាំ២០២១។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ ការរៀបចំឥណទានឡើងវិញមានចំនួន ១ពាន់ ទៅ២ពាន់គណនីប៉ុណ្ណោះ ខណៈរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០២០-២០២១ ការស្នើសុំឥណទានឡើងវិញ មានរហូត ៣៧ម៉ឺនគណនី ក្នុងទំហំឥណទានជាង៥ពាន់៥រយលានដុល្លារអាមេរិក៕