
អត្តពលិក និងគណៈប្រតិភូកម្ពុជា នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១២ ដល់ ២៣ ឧសភា ឆ្នាំ ២០២២។
ជាការជួយគាំទ្រដល់អត្តពលិក និងគណៈប្រតិភូកម្ពុជាក្នុងការចូលរួមបេសកកម្មកីឡានៅប្រទេសវៀតណាមនោះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានជួយផ្ដល់ស៊ីមកាត ដែលអាចប្រើប្រាស់សេវាហៅឆ្លងប្រទេស និងអ៊ិនធឹណិត ក៏ដូចជាចំនួននាទីនៃការហៅចេញសម្រាប់ឲ្យពួកគាត់ប្រើប្រាស់ដោយឥតគិតថ្លៃ នៅពេលកំពុងស្ថិតនៅក្នុងប្រទេសវៀតណាម ។

លោក កៅ ម៉ាញ ឌឹក មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនឯកជនមួយដែលធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាងមួយទសវត្សហើយនោះ ក្រុមហ៊ុនមិតហ្វូន តែងមានមោទនភាព ក្នុងការចូលរួមចំណែកត្រលប់ទៅវិញដល់សង្គមរបស់កម្ពុជា ។ នៅពេលនេះ យើងបានគាំទ្រដល់អត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា តាមរយៈការផ្ដល់ស៊ីមកាត ដើម្បីឲ្យពួកគាត់អាចប្រើប្រាស់ទូរស័ព្ទ និងសេវាអ៊ិនធឹណិត ដោយឥតគិតថ្លៃ អំឡុងពេលបេសកកម្មរបស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ នៅ ក្នុងប្រទេសវៀតណាម”។
លោក បានបន្តទៀតថា៖ “យើងសូមជូនពរ ឲ្យអត្តពលិក និងគណៈប្រតិភូរបស់កម្ពុជា ធ្វើដំណើរដោយសុវត្ថិភាព និងពាំនាំមកនូវជោគជ័យសម្រាប់ជាតិ ក៏ដូចជាបទពិសោធន៍ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ” ។
មិត្តហ្វូន ជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធច្រើនបំផុត សម្រាប់បម្រើសេវាជូនប្រជាជនកម្ពុជាប្រមាណ ៩ លាននាក់ ៕