បើតាមរបាយការណ៍បង្ហាញថា គិតចាប់ពីខែមីនា ឆ្នាំ២០២០ សមាគមបានប្រមូលទិន្និន័យការរៀបចំឥណទានឡើងវិញជារៀងរាល់សប្តាហ៍ពីសមាជិករបស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យនេះ ត្រូវប្រមូលឡើងក្នុងគោលបំណង តាមដានផលប៉ះពាល់ជាក់ស្តែងនៃជំងឺកូវីដ-១៩ ទៅលើអតិថិជន ការគាំពារអតិថិជនរបស់គ្រឹះស្ថានដែលជាសមាជិក និងការវិវត្តទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដើម្បីធ្វើការវាយតម្លៃ និងផ្ញើរបាយការណ៍ជូនភាគីពាក់ព័ន្ធ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបាន លុះត្រាតែមានការស្នើសុំពីអតិថិជន ដោយយោងតាមកិច្ចសន្យារវាងគ្រឹះស្ថាន និងអតិថិជន គោលការណ៍ការពារអតិថិជន ក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត។
សមាគមនៅតែបន្តលើកទឹកចិត្ត និងស្វាគមន៍ចំពោះអតិថិជនដែលរងផលប៉ះពាល់ពិតប្រាកដពីជំងឺកូវីដ-១៩ ដោយពួកគេអាចទំនាក់ទំនងទៅកាន់គ្រឹះស្ថានដែលខ្លួនបានទទួលប្រាក់កម្ចី ឬតាមរយៈមន្ត្រីឥណទានផ្ទាល់ ដើម្បីទទួលបាននូវដំណោះស្រាយសមស្រប។
គិតត្រឹមដំណាច់ត្រីមាសទីមួយ ឆ្នាំ២០២០ ចំនួនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានជាង ២,២លាននាក់ និងមានទំហំឥណទានសរុប ជាង ៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួន ជាង ២,៨លាននាក់ និងមានទំហំប្រាក់បញ្ញើសរុប ជាង១៤ទ្រីលានរៀល (៣,៦ប៊ីលានដុល្លា)៕