របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា នៅឆ្នាំ២០២០ មានប្រទេសមហាអំណាចចំនួន៥ ដែលមានការចំណាយច្រើនជាងគេបំផុតលើផ្នែកយោធានេះ រួមមាន អាមេរិក, ចិន, ឥណ្ឌា, រុស្ស៊ី និងអង់គ្លេស ដោយប្រទេសទាំង៥នេះ មានចំណែកប្រហែល ៦២% នៃការចំណាយលើផ្នែកយោធាសរុបទូទាំងសកលោក។ មន្ត្រីជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្តរជាតិ ស្ដុកខុល បាននិយាយថា «យើងអាចនិយាយថា បញ្ហាមេរោគរាតត្បាត គឺមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ការចំណាយលើផ្នែកយោធាក្នុងសកលលោក នៅឆ្នាំ២០២០នោះទេ!»។
ខណៈដែលទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកត្រូវបានធ្លាក់ចុះ ដោយសារតែមេរោគរាតត្បាតកូវីដ១៩ ប៉ុន្ដែ ការចំណាយលើផ្នែកយោធា ធៀបនឹងចំណែកសេដ្ឋកិច្ចសកលលោកវិញ គឺមានជាមធ្យមប្រមាណ ២,៤% នៅក្នុងឆ្នាំ២០២០ ដែលបានកើនឡើងពី ២,២% កាលពីឆ្នាំ២០១៩។
យ៉ាងណាក៏ដោយ មានប្រទេសខ្លះ ដូចជា ឈីលី និង កូរ៉េខាងត្បូង បានបង្វែរទិសដៅមួយផ្នែកនៃការចំណាយលើផ្នែកយោធា ទៅប្រើប្រាស់សម្រាប់ការដោះស្រាយបញ្ហាមេរោគរាតត្បាតវិញ។ មានប្រទេសមួយចំនួនទៀត រួមមាន ប្រេស៊ីល និង រុស្ស៊ី ក៏បានចំណាយលើផ្នែកយោធានេះ តិចជាងមុនផងដែរ។
បើយើងមើលទៅលើសហរដ្ឋអាមេរិក បានចំណាយលើផ្នែកយោធានេះ មានដល់ទៅ ៧៧៨ ពាន់លានដុល្លារ កើន ៤,៤% ធៀបនឹងឆ្នាំ២០១៩ ហើយអាមេរិក ក៏ជាប្រទេសដែលមានការចំណាយធំជាងគេបំផុតក្នុងពិភពលោកចំពោះវិស័យការពារជាតិនេះ ដោយអាមេរិកមានចំណែកប្រមាណ ៣៩% នៃការចំណាយលើផ្នែកយោធាសរុបក្នុងពិភពលោកនៅក្នុងឆ្នាំ២០២០។នេះតាមរបាយការណ៍បញ្ជាក់របស់វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្តរជាតិ ស្ដុកខុល ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត។
រីឯ ប្រទេសចិនវិញឈរលំដាប់ទី២ បន្ទាប់ពីអាមេរិក ដោយបានចំណាយលើផ្នែយោធាសរុប ២៥២ពាន់លានដុល្លារ នៅឆ្នាំ២០២០ កើនឡើងជិត ២% ធៀបនឹងឆ្នាំ២០១៩។ ការចំណាយលើផ្នែកយោធារបស់ប្រទេសចិន មានការកើនឡើងរយៈពេល ២៦ឆ្នាំជាប់ៗគ្នា ដែលជាកំណើនកើនឡើងក្នុងរយៈពេលវែងជាងគេបំផុតក្នុងពិភពលោក៕