អត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពិននេះ គឺជាលើកដំបូងបង្អស់ហើយដែលរដ្ឋាភិបាលរបស់លោក រ៉ូឌ្រីហ្គោ ឌុយទើតតេ (Rodrigo Duterte) បានប្រកាសជាចំហថា ខ្លួននឹងទៅរកអាមេរិកឲ្យជួយ ខណៈដែលភាពតានតឹងកាន់តែកើនកម្ដៅរវាងហ្វ៊ីលីពិននិងចិន នៅក្នុងដែនទឹកដែលមានជម្លោះ ។
នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹកមួយរបស់ទូរទស្សន៍ក្នុងស្រុក លោករដ្ឋមន្ត្រីការបរទេស ឡុកស៊ីន បាននិយាយថា រដ្ឋាភិបាលក្រុងម៉ានិលនឹងបន្តការល្បាតតាមផ្លូវអាកាសនៅលើដែនសមុទ្រចិនខាងត្បូង បើទោះបីចិនប្រាប់ឲ្យបញ្ឈប់អ្វីដែលចិនហៅថា ជាការបង្ករឿងដោយខុសច្បាប់នោះក្ដី ។
រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពិន បានបន្តថា ពួកគេ[ចិន]អាចហៅវាថាជាការបង្ករឿងដោយខុសច្បាប់ យើងមិនអាចទៅកែប្រែចិត្តគំនិតគេបានទេ។ លោករដ្ឋមន្ត្រីថា ពួកគេ[ចិន]ធ្លាប់ចាញ់ក្ដីនៅក្នុងសវនការមជ្ឈត្តកម្មរួចហើយ កាលពីឆ្នាំ២០១៦ ដែលជាសេចក្ដីសម្រេចរបស់តុលាការអន្តរជាតិដែលបានវិនិច្ឆ័យសេចក្ដីប្រឆាំងនឹងការទាមទារជាច្រើនរបស់ចិនទៅលើដែនសមុទ្រចិនខាងត្បូង ។
រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពិន បាននិយាយដូច្នេះថា "ប៉ុន្តែ ប្រសិនបើមានរឿងអ្វីកើតឡើង ដែលលើសពីការឈ្លានពាន ប៉ុន្តែ ជាការវាយប្រហារ ឧបមាថា វាយប្រហារមកលើនាវាកងទ័ពជើងទឹកហ្វ៊ីលីពិន [នោះ] មានន័យថា ពេលនោះ ខ្ញុំនឹងហៅទៅ វ៉ាស៊ិងតុន ឌីស៊ី"៕