សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា មុននេះបន្តិចឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់៤៦ លើ៥១សំឡេងបានគាំទ្រតួលេខ២០៦ដុល្លារ។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម២ដុល្លារលើតួលេខ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ២០៨ដុល្លារ ក្នុង១ខែកើនឡើង៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ២០៤ដុល្លារ។
សម្រាប់សម្តេចធិបតី ទោះស្ថិតក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះទេ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះដល់កម្មករនិយោជិត។
សម្តេចធិបតីបានគូសរំលឹកថា នៅក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមានោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរ ហើយប្រាក់ឈ្នួលអប្បបរមា ដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចធិបតី បានអះអាងថា សម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធឱ្យពិនិត្យ តាមដាន និងដាក់ចេញវិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត៕