ការនាំចេញស្វាយ

រដ្ឋមន្ត្រីកសិកម្ម អំពាវនាវឲ្យម្ចាស់ចម្ការស្វាយមកចុះបញ្ជី មុននឹង​អាចនាំចេញបាន


កម្ពុជាទើបតែសម្រេចបានការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារចិនជាផ្លូវការថ្មីៗនេះ ប៉ុន្ដែ ម្ចាស់ចម្ការស្វាយមួយចំនួននៅតែបន្ដរអ៊ូរទាំថា ផ្លែស្វាយរបស់គាត់នៅតែមិនមានទីផ្សារបើទោះបីជាចិនបើកចំហរទ្វារទទួលស្វាយពីកម្ពុជាក្ដី។ ជុំវិញទៅនឹងបញ្ហានេះ ឯកឧត្តម វេងសាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការស្វាយដែលចង់ផ្គត់ផ្គង់ស្វាយស្រស់សម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេសពិសេសទៅប្រទេសចិន សូមទៅចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម ហើយការចុះបញ្ជីនេះ គឺមិនមានគិតថ្លៃសេវាអ្វីទាំងអស់។
កម្ពុជានឹងចាប់ផ្ដើមនាំចេញស្វាយទៅចិនបានក្នុងសប្ដាហ៍នេះហើយ!
ដោយ

ក្រោយពីបានចុះបញ្ជីហើយ ម្ចាស់ចំការស្វាយបានទទួលចំណេះដឹងពីការគ្រប់គ្រងចំការស្វាយស្របតាមលក្ខខណ្ឌតម្រូវផងដែរ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងប្រាប់ខេមបូណូមីសថា ដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗ របស់កម្ពុជា ដែលត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ មុនការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ចាំបាច់ត្រូវឆ្លងកាត់ ៧ដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលា ជិតមួយឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។ ដូច្នេះ ហើយមុននឹងឈានដល់ការឈានដល់ការធ្វើតេស្ដពីគុណភាព ក៏ដូចជាដំណាក់កាលទាំង៧នេះបាន ម្ចាស់ចម្ការស្វាយ ឬក្រុមហ៊ុននាំចេញស្វាយស្រស់ត្រូវតែមកចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម។ ឯកឧត្តមវេង សាខុន បានសង្កត់ធ្ងន់ថា ការចុះបញ្ជីនេះគឺមិនតម្រូវឲ្យមានការបង់លុយកាក់អ្វីទាំងអស់ ហើយបើក្នុងករណីមន្ត្រីណាហ៊ានយកថ្លៃសេវាលើការចុះបញ្ជីនេះ សូមរាយការណ៍មកកាន់ឯកឧត្តមផ្ទាល់ ឬក្រសួងកសិកម្មភ្លាមៗ។

ឯកឧត្តម វេង សាខុនបានបន្ថែមថា ក្រោយពីចុះបញ្ជីហើយ នោះមន្រ្តីក្រសួងកសិកម្ម នឹងចុះទៅណែនាំពីរបៀបដាំដុះតាមស្តង់ដាដែលគេតម្រូវជូនដល់កសិករ ឬចំការស្វាយទាំងនោះ ដោយបន្ទាប់ពីដាំស្វាយបានតាមស្តង់ដារហើយ ក្រសួងនឹងជួយសម្របសម្រួលជាមួយក្រុមហ៊ុននាំចេញ តាមរយៈការចុះកិច្ចសន្យា ហើយនិងក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេអាចនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។

ជុំវិញបញ្ហានឹងការនាំចេញស្វាយនេះដែរ ឧកញ៉ា ហ៊ុន ឡាក់ ជាអ្នកជំនួញកសិកម្មដ៏ល្បីនៅកម្ពុជា និងមានក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការនាំចេញស្វាយទៅចិនដែរនោះបានឲ្យដឹងថា ម្ចាស់ចំការស្វាយភាគច្រើន នៅមិនទាន់ជឿថាការនាំចេញស្វាយជាផ្លូវការទៅកាន់ប្រទេសចិននោះ គឺពិតជាតម្រូវឲ្យអនុវត្តតាមស្តង់ដាមួយពិតប្រាកដនិងច្បាស់លាស់នោះទេ ដែលវាទាមទារពេលវេលាបន្តិច និងការបង្ហាញពីការអនុវត្តជាក់ស្តែង ក្នុងការពន្យល់ទៅកាន់កសិករម្ចាស់ចម្ការស្វាយ។

ចំពោះការនាំចេញស្វាយនេះដែរ លោកបណ្ឌិត តាន់ មុនីវណ្ណ នាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប យល់ឃើញថា ទោះជាកសិករ ឬម្ចាស់ចំការស្វាយ ដាំស្វាយបានតាមស្តង់ដាប៉ុនណាក៏ដោយ ក៏មានបញ្ហាដដែលព្រោះថា ម៉ាស៊ីនសម្លាប់ពងរុយមានតិចពេក ដែលមិនអាចឲ្យកសិករជាច្រើនប្រមូលផលស្វាយបានព្រមៗគ្នាទៅកន្លែងតែមួយ គឺមិនអាចនោះទេ។ បើតាមលោកបណ្ឌិត តាន់ មុនីវណ្ណ ម៉ាស៊ីនសម្លាប់មេរោគនេះ គួរតែមានមួយខេត្តមួយទើបជាការប្រសើរ។

សូមជម្រាបថា ចាប់តាំងពីទទួលបានការអនុញ្ញាតពីអគ្គរដ្ឋបាលគយចិនមក កម្ពុជាបាននាំចេញស្វាយទៅប្រទេសចិនជាផ្លូវការចំនួន២លើករួចមកហើយ ដោយសរុបប្រមាណជាង២០០តោន ដោយរដ្ឋមន្រ្តីក្រសួងកសិកម្មអះអាងថា នឹងមានការនាំចេញជាបន្តបន្ទាប់ទៀត ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនប្រមូលទិញពិបាកក្នុងការដើរប្រមូលទិញបន្តិចដោយសារ ផុតរដូវស្វាយទៅហើយ ដែលអាចស្វាយនាំចេញបន្តទៀតនោះជាស្វាយខុសរដូវ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម ស្តីពីការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា នៅក្នុងរយៈពេលខែនេះ បានបង្ហាញថា ការនាំចេញផ្លែស្វាយស្រស់មានចំនួន ១៦ម៉ឺនតោន កើនឡើងចំជាង២៥០% ដោយក្នុងនោះមាននាំចេញទៅហុងកុង កូរ៉េ គុយវ៉ែត សិង្ហបុរី ថៃ វៀតណាម ចិន៕

None



អត្ថបទបន្ទាប់


ផលចំណេញសេដ្ឋកិច្ចអ្វីខ្លះ ដែលកម្ពុជានឹងទទួលបានពីឧស្សាហកម្ម​រ៉ែមាស?

ក្រោយពីប្រកាសបើករោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មនៅក្នុងខេត្តមណ្ឌលគិរី កម្ពុជារំពឹងថាចំណូលដែលបានមកអាជីវកម្មពីរ៉ែមាសជាលើកដំបូងក្នុងប្រ…

ស្ថានភាពពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុបនៅដើមឆ្នាំ២០២១ មានសភាពប្រែប្រួលយ៉ាងដូចម្តេចខ្លះ?

ការនាំចេញ​របស់​កម្ពុជា​ទៅទីផ្សារអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតទី ២របស់កម្ពុជា បន្ទាប់ពីអាមេរិកនោះ បានបង្ហាញពីការធ្លាក់ចុះគួរឲ្យ​កត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ